អន្តរជាតិ
សមាជិកសភា​កូរ៉េខាងត្បូង​ទារ​ឲ្យ​ប្រហារជីវិត​មន្ត្រី​យោធា​កូរ៉េខាងជើង​ដែល​ចូលរួម​បិទ​កីឡា​អូឡាំពិក​
23, Feb 2018 , 10:39 pm        
រូបភាព
មន្រ្តីកូរ៉េខាងជើងលោក Kim Yong-chol ដែលសមាជិកសភាកូរ៉េខាងត្បូងទាមទារឲ្យប្រហារជីវិត (រូបភាព៖ AFP)
មន្រ្តីកូរ៉េខាងជើងលោក Kim Yong-chol ដែលសមាជិកសភាកូរ៉េខាងត្បូងទាមទារឲ្យប្រហារជីវិត (រូបភាព៖ AFP)
​សមាជិកសភា​បក្សប្រឆាំង​ដ៏​ធំ​នៅ​កូរ៉េខាងត្បូង បានទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន កាត់ទោស​ប្រហារជីវិត​លោក Kim Yong-chol ប្រធាន​ប្រតិភូ​កូរ៉េខាងជើង​ដែល​គ្រោង​ចូលរួម​កម្មវិធី​បិទ​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ​។ លោក Kim Yong-chol ត្រូវ​ជាប់​សង្ស័យថា នៅ​ពីក្រោយ​ការវាយប្រហារ​លើក​ប៉ាល់​កងទ័ព​កូរ៉េខាងត្បូង​ក្នុង​ឆ្នាំ​២០១០ ។ សមាជិកសភា​កូរ៉េខាងត្បូង​ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​លុបចោល​ទស្សនកិច្ច​របស់​មន្ត្រី​កូរ៉េខាងជើង​រូបនេះ​។



​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ សមាជិកសភា​កូរ៉េខាងត្បូង​ប្រមាណ​៧០​នាក់​មកពី​បក្ស​កូរ៉េ​សេរី (LKP) ដែលជា​បក្សប្រឆាំង បានធ្វើ​បាតុកម្ម​នៅខាងមុខ​វិមាន​ប្រធានាធិបតី Cheong Wa Dae ដើម្បី​តវ៉ា​គម្រោង​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង​របស់លោក Kim Yong-chol អនុប្រធាន​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​ពលករ​។ តាម​គម្រោង លោក Kim នឹង​ដឹកនាំ​ប្រតិភូ​ចំនួន​៨​នាក់ និង​ទៅដល់​ទឹកដី​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​២៥ ដើម្បី​ចូលរួម​បិទ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​នៅ​ទីក្រុង​ព្យុង​ឆាង​។​

​រដ្ឋាភិបាល​កូរ៉េខាងត្បូង​បានប្រកាស​ពី​ដំណើ​ទស្សនកិច្ច​បី​ថ្ងៃ​របស់លោក Kim នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ដោយ​យល់ថា វត្តមាន​របស់​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​រូបនេះ​នឹង​បង្កលក្ខណៈ​ល្អប្រសើរ​សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក​។ ប៉ុន្តែ​អ្នកនយោបាយ​កូរ៉េខាងត្បូង​បាន​ជំទាស់​គម្រោង​ទស្សនកិច្ច​នេះ និង​បានទាមទារ​ឲ្យ​លុបចោល​គម្រោង​នេះ​ជាបន្ទាន់ ឬក៏​ចាប់ខ្លួន​លោក Kim តែម្ដង ពេល​លោក​ចូល​ទឹកដី​កូរ៉េខាងត្បូង​នោះ​។​

​លោក Kim ដែលជា​ឧ​ត្ត​ម​សេនីយ៍​កូរ៉េខាងជើង ជា​អតីត​ប្រធានការិយាល័យ​ឈ្លប​ការណ៍ ហើយ​លោក​ត្រូវបាន​ជឿថា ជា​អ្នករៀបចំ​ផែនការ​បាញ់​ពន្លិច​កប៉ាល់ Cheonan ដែល​សម្លាប់​យោធា​កូរ៉េខាងត្បូង​៤៦​នាក់​ក្នុង​ឆ្នាំ​២០១០ ។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Kim Sung-tae មេដឹកនាំ​បក្ស LKP នៅក្នុង​សភា ចាត់ទុក​ឧក្រិដ្ឋជន​សង្គ្រាម ដែល​បាន​វាយប្រហារ​កូរ៉េខាងត្បូង និង​សមតែ​មានទោស​ប្រហារជីវិត​ដោយ​ព្យួរ​ករ​នៅតាម​ផ្លូវ​។

​សមាជិកសភា​កូរ៉េខាងត្បូង​ដដែល​នេះ​បញ្ជាក់ថា ទោះជា​មេឃ​ត្រូវ​រយះ​ជា​ពីរ​ក៏ដោយ ក៏​ការ​អញ្ជើញលោក Kim Yong-chol ឲ្យ​ចូលរួម​បិទ​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ក្រុង​ព្យុង​ឆាង គឺជា​រឿង​មិនគួរ​កើត ឡើង​ឡើយ​។ យ៉ាងណាមិញ មេដឹកនាំ​បក្សប្រឆាំង​ខាងលើ​លើកឡើងថា បើ​លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ចចេស​ចង់ឃើញ​ទស្សនកិច្ច​របស់​មន្ត្រី​កូរ៉េខាងជើង លោក​គួរ​ធ្វើ​បន្ទាប់ពី​កូរ៉េខាងជើង​សន្យា​បោះបង់​នុយក្លេអ៊ែរ​សិន​។​

​ដោយឡែក លោក Baek Tae-hyun អ្នកនាំពាក្យ​ក្រសួង​បង្រួបបង្រួម​កូរ៉េ​បាន​និយាយ​ការពារ​ការសម្រេចចិត្ត​ទទួល​លោក Kim Yong-chol ។ អ្នកនាំពាក្យ​រូបនេះ​បកស្រាយ​ថា រដ្ឋាភិបាល​បានដឹង​ពី​ការមិន​ពេញចិត្ត​វត្តមាន​លោក Kim ប៉ុន្តែ​ទស្សនកិច្ច​របស់លោក Kim ជា​ឱកាស​ជួយ​ពង្រឹង​ទំនាក់ទំនង​អន្តរ​កូរ៉េ និង​ការដោះស្រាយ​បញ្ហា​ដោយ​សន្តិភាព​។ យ៉ាងណាក្ដី បក្សប្រឆាំង​កូរ៉េខាងត្បូង​បានប្រកាសថា ខ្លួន​នឹង​ប្រើ​មធ្យោបាយ​គ្រប់យ៉ាង​ដើម្បី​រារាំង​ទស្សនកិច្ច​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​៕


Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  Kim Yong-chol
  Olympic2018
© រក្សាសិទ្ធិដោយ thmeythmey.com