ជាតិ
សម្ដេច ហ៊ុន សែន ហាមអភិបាលរាជធានី-ខេត្ត យកថវិកាគម្រោង ទៅទិញរថយន្តជិះ
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាមអភិបាលរាជធានី-ខេត្ត ទាំងអស់ យកថវិកាគម្រោងដែលរដ្ឋាភិបាលទម្លាក់ឲ្យប្រើប្រាស់អភិវឌ្ឍន៍មូលដ្ឋាន ទៅទិញរថយន្ត ឬសម្ភារប្រើប្រាសផ្ទាល់ខ្លួននោះទេ។
សម្ដេច ហ៊ុន សែន បានរម្លឹកថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជូនថវិកាទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិទាំង៣កម្រិត ជាង៤៣០លានដុល្លារ នៅក្នុងឆ្នាំ២០១៨នេះ ដើម្បីប្រើប្រាស់ដោះស្រាយបញ្ហាក្នុងមូលដ្ឋាន ឲ្យស្របតាមគោលនយោបាយរដ្ឋាភិបាល ហើយថវិកានេះ ក៏មិនមែនសម្រាប់ឲ្យអភិបាលរាជធានី-ខេត្ត ទុកកេងប្រវ័ញ្ចទិញរថយន្តជិះឡើយ។
បើតាមសារព័ត៌មានFresh News ស្រង់សម្តីសម្ដេចដូច្នេះ៖ «អស់លោកដែលជាចៅហ្វាយខេត្ត ក៏មិនមែនឆន្ទានុសិទ្ធិ ផ្ទេរពីគម្រោងធ្វើប្រឡាយទឹក ធ្វើអណ្ដូងទឹកស្អាត ជួសជុលផ្លូវ ដែលបញ្ជូនឲ្យថ្នាក់ក្រោមជាតិប្រើប្រាស់នោះ បែជាបង្វែរទៅទិញមធ្យោបាយបម្រើឲ្យភាពស៊ីវិល័យរបស់ខ្លួនទេ…។ ខ្ញុំសូមឲ្យប្រយ័ត្នណា ពាក្យដែលថាថវិកាប្រមាណជាង ៤៣០លានដុល្លារ ត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិទាំង៣ថ្នាក់ ដើម្បីចាត់ចែងប្រើប្រាស់ដោយ ឆន្ទានុសិទ្ធិ ប្រយ័ត្នពាក្យឆន្ទានុសិទ្ធិ។ ឆន្ទានុសិទ្ធិ អត់ផ្ទេរយកទៅជិះឡានសិន ព្រោះចៅហ្វាយខេត្ត ឬចៅហ្វាយស្រុកខ្វះឡានជិះ អត់ទេណា»។
បន្ថែមពីនេះប្រមុខរដ្ឋាភិបាល ប្រាប់ឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ ដែលទទួលបានអំណាចពីរដ្ឋបាលថ្នាក់ជាតិ ត្រូវប្រឹងប្រែងបំពេញការងារឲ្យអស់ពីសមត្ថភាព និងមានប្រសិទ្ធិភាព ដើម្បីអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនថែមទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com