អន្តរជាតិ
លោក ពូ​ទីន អួតថា រុស្ស៊ី​មាន​សព្វាវុធ​មានគុណ​ភាព​ខ្ពស់​លំដាប់​ពិភពលោក​
23, Feb 2018 , 5:29 pm        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
ដោយ: ថ្មីៗ
​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​អះអាងថា សព្វាវុធ និង​សម្ភារ​យោធា​រុស្ស៊ី មានគុណ​ភាពល្អ​បំផុត​លើ​ពិភពលោក​។ អាវុធ​ដែលមាន​សមត្ថភាព​ខ្ពស់​នេះ អាចជួយ​ធានា​សុវត្ថិភាព និង​ស្ថិរភាព​រុស្ស៊ី​បាន​ពេញលេញ​ដែរ​។​



​នា​ពិធី​បុណ្យជាតិ​រុស្ស៊ី «​ថ្ងៃ​នៃ​អ្នកការពារ​ជាតិ​» ដែល​ត្រូវ​រៀបចំ​ធ្វើឡើង នៅ​ថ្ងៃ​សុក្រ​ទី ២៣ ខែកុម្ភៈ ប្រមុខរដ្ឋ​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​អួតអាង​ថា អាវុធ ក៏ដូចជា​សម្ភារ​រុស្ស៊ី ជាប់​ចំណាត់ថ្នាក់​ជា​ផលិតផល​យោធា ដែលមាន​សមត្ថភាព​ខ្ពស់​ផុត​គេ​។

​យោងតាម​ទី​ភ្នា​ក់​ព័ត៌មាន​ចិន Xinhua លោក ពូ​ទីន បាន​អះអាងថា​បន្ថែមទៀតថា សុវត្ថិភាព និង​ស្ថិរភាព​របស់​រុស្ស៊ី ត្រូវបាន​ធានា​យ៉ាង​ពេញលេញ​ផងដែរ ដោយសារ​សមត្ថភាព និង​គុណ​ភាពល្អ​ដាច់​គេ​នៃ​សព្វាវុធ​នេះ​។

«​ការអភិវឌ្ឍ​កន្លងមក​បង្ហាញ​ឲ្យ​ឃើញថា យើង​ស្ថិត​ក្នុងចំណោម​ប្រទេស​លំដាប់​ខ្ពស់​ជាងគេ ក្នុងការ​ត្រៀមប្រយុទ្ធ ក៏ដូចជា​គុណភាព​នៃ​សព្វាវុធ និង​សម្ភារ​យោធា​ផង​។ ថ្ងៃនេះ យើង​អាច​និយាយ​ដោយមាន​ទំនុកចិត្ត​ថា សន្តិសុខ​រុស្ស៊ី ត្រូវបាន​ធានា​យ៉ាង​ពេញលេញ​»​។​

​មេដឹកនាំ​រុស្ស៊ី​រូបនេះ​បាន​បន្ថែមថា រុស្ស៊ី​ក្នុងនាម​ជា​មហាអំណាច​មួយ នឹង​បន្ត​ការប្រឹងប្រែង​អភិវឌ្ឍ​សមត្ថភាព​ការពារជាតិ​ឲ្យ​គ្រប់​ជ្រុងជ្រោយ ក្នុងនោះ​មាន​ទាំង​ការពង្រឹង​សមត្ថភាព គុណភាព ក៏ដូចជា​ធនធាន​ក្នុង​យុទ្ធសាស្ត្រ​អាវុធ​នុយក្លេអ៊ែរ រួមទាំង​លើកកម្ពស់​ការអភិវឌ្ឍ​ប្រកបដោយ​ប្រសិទ្ធភាព នៃ​អង្គភាព​យោធា​រុស្ស៊ី​ដែរ​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ បុរស​ខ្លាំង​រុស្ស៊ី​នេះ បាន​ឆ្លៀតឱកាស​កោតសរសើរ​កងកម្លាំង​ប្រដាប់អាវុធ​រុស្ស៊ី ដែល​បាន​ចូលរួមចំណែក​សំខាន់ ក្នុង​ប្រតិបត្តិការ​យោធា​នៅ​បរទេស ជាពិសេស​នៅ​ស៊ី​រី ដោយ​វា​បង្ហាញ​ឲ្យ​ឃើញច្បាស់​ថា កងទ័ព​រុស្ស៊ី ត្រូវបាន​បំពាក់បំប៉ន​សមត្ថភាព​យ៉ាង​ល្អប្រសើរ និង​ប្តេជ្ញាចិត្ត​ពេញលេញ និង​មោះមុត ក្នុង​ការបំពេញ​កាតព្វកិច្ច​របស់ខ្លួន​ក្នុង​សមរភូមិ​នោះ​។

«​យើង​ពឹង​ផ្អែកលើ​សក្តានុពល​នៃ​ឧស្សាហកម្ម​យោធា រួមជាមួយ​សហគ្រាស និង​មជ្ឈមណ្ឌល​ការស្រាវជ្រាវ និង​អភិវឌ្ឍ​សមត្ថភាព​យោធា​របស់​យើង​ផង​។ ឧស្សាហ​កម្មនេះ បានបង្ហាញ​ឲ្យ​ឃើញ​ពី​តម្លៃ និង​សមត្ថភាព ក្នុង​ប្រកួតប្រជែង​ក្នុង​លំដាប់​ពិភពលោក​រួចទៅហើយ​ដែរ​»​។ លោក ពូ​ទីន បាន​បន្ថែម​ដូច្នេះ​។

​តាមពិតទៅ អាវុធ​រុស្ស៊ី​ចាប់ផ្តើម​មានឈ្មោះ​បោះ​សំឡេង​ខ្លាំង នៅពេលដែល​លោក ពូ​ទីន បញ្ជា​ឲ្យ​កងទ័ព​រុស្ស៊ី ចូល​អន្តរាគមន៍​នៅ​ស៊ី​រី​នៅ​ខែកញ្ញា​ឆ្នាំ ២០១៥ តប​តាម​ការអញ្ជើញ​របស់រ​ដ្ឋា​ភិ​បាល​ស៊ី​រី ក្រោម​ហេតុផល​ប្រឆាំង​ភេរវកម្ម​។ ក្រេ​ម​ឡាំង បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ផង ប្រព័ន្ធ​ការពារ​ដែនអាកាស​ផង និង​កងទ័ព​ផង ដើម្បី​ចូលរួម​ប្រតិបត្តិការ​សឹក​នៅ​ស៊ី​រី​នេះ  ហើយ​កងទ័ព​មួយចំនួន ត្រូវបាន​ក្រសួងការពារជាតិ​រុស្ស៊ី ដក​ត្រឡប់មក​រុស្ស៊ី​វិញ​ហើយ​ដែរ​កន្លងមក ក្រោយ​សម្រេច​ជោគជ័យ ក្នុងការ​កម្ចាត់    ភេរវជន និង​ការពារ​របប​ដឹកនាំ​ក្រុង​ដា​ម៉ាស​៕



Tag:
 ​វ្ល៉ា​ឌី​មៀ ពូ​ទីន​
  រុស្ស៊ី​
 ​ស៊ី​រី​
  សព្វាវុធ
© រក្សាសិទ្ធិដោយ thmeythmey.com