អន្តរជាតិ
អាមេរិក​ត្រៀម​ដាក់ទណ្ឌកម្ម​ធំ​បំផុត​លើ​កូរ៉េខាងជើង​
24, Feb 2018 , 9:59 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​សហរដ្ឋអាមេរិក រំពឹងថា នឹង​ប្រកាស​ដាក់ទណ្ឌកម្ម​ថ្មី​បន្ថែមទៀត​លើ​កូរ៉េខាងជើង​ជុំវិញ​កម្មវិធី​អភិវឌ្ឍ​នុយក្លេអ៊ែរ​។ អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន បាន​បង្ហើប​ផែនការ​ដាក់ទណ្ឌកម្ម​នេះ​អំឡុង​ទស្សនកិច្ច​នៅ​ជប៉ុន​កាលពី​ពីរ​សប្ដាហ៍​មុន​។ ច្បាស់​ណាស់​ថា ទណ្ឌកម្ម​ថ្មី​នេះ នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​បងប្អូន​ដែល​កំពុង​ល្អូក​ល្អឺ​ន​អំឡុងពេល​ព្រឹត្តិការណ៍​អូឡាំពិក ប្រឈមមុខ​បញ្ហា​ស្មុគស្មាញ ដ្បិត​កូរ៉េខាងជើង​ពិតជា​ឆេះដុំ​ខ្លាំង​មិន​ខាន​។



​កញ្ចប់​ទណ្ឌកម្ម​ថ្មី​មួយទៀត នឹងត្រូវ​ដាក់​លើ​កូរ៉េខាងជើង​ដើម្បី​បង្ខំ​ឲ្យ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​បោះបង់​មហិច្ឆតា​អភិវឌ្ឍ​នុយក្លេអ៊ែរ​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នឹង​ប្រកាស​ទណ្ឌកម្ម​ថ្មី​នេះ​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ មន្ត្រី​អាមេរិក​ម្នាក់​ដែល​មិន​បញ្ជាក់​អត្តសញ្ញាណ​និយាយថា ទណ្ឌកម្ម​ថ្មី​នេះ គឺជា​ទណ្ឌកម្ម​ធំជាងគេ​បំផុត​ប្រឆាំង​របប​ដឹកនាំ​កូរ៉េខាងជើង​។​

​ការដាក់ទណ្ឌកម្ម​ថ្មី​នេះ ធ្វើឡើង​ស្របពេល​ដែល​ទំនាក់ទំនង​កូរ៉េខាងត្បូង និង​ខាងជើង កំពុងតែ​ល្អប្រសើរ​ដោយសារ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​ដែល​កូរ៉េខាងត្បូង​ធ្វើជា​ម្ចាស់ផ្ទះ​។ កញ្ចប់​ទណ្ឌកម្ម​លើក​នេះ ទំនងជា​ធ្វើ​ឲ្យ​ក្រុង​សេ​អ៊ូ​ល​ឈឺក្បាល​ខ្លាំង ព្រោះ​កំពុង​ប្រុងប្រៀប​ចរចា​ជាមួយ​ក្រុង​ព្យុងយ៉ាង​ដើម្បី​រៀបចំ​ជំនួប​កំពូល​មេដឹកនាំ​កូរ៉េ​ទាំងពីរ​។ មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​អញ្ជើញ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ដើម្បី​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​។​

​តាមពិតទៅ កូរ៉េខាងជើង​ខកខាន​សាកល្បង​នុយក្លេអ៊ែរ ឬក៏​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​កជាង​បី​ខែ​មកហើយ​។ ការបាញ់​លើកចុងក្រោយ គឺ​នៅ​ចុងខែ​វិច្ឆិកា ដែល​ក្រុង​ព្យុងយ៉ាង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ប្រភេទ​ថ្មី ដែល​រដ្ឋ​ឯកោ​មួយ​នេះ​អះអាងថា អាច​បាញ់​ដល់​គ្រប់កន្លែង​នៅលើ​ទឹកដី​អាមេរិក​។ ក្នុង​ឆ្នាំ​២០១៧ ក្រុង​ព្យុងយ៉ាង​ក៏បាន​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៦ និង​បាន​បាញ់​មី​ស៊ី​ល​រាប់សិប​លើក ហើយក៏​រង​ទណ្ឌកម្ម​ជាច្រើន​ដែរ​។ 

​យ៉ាងណាមិញ ក្នុង​ឆ្នាំ​២០១៨ កូរ៉េខាងជើង​បាន​ផ្លាស់ប្ដូរ​រ​ឥរិយាបថ​របស់ខ្លួន និង​បាន​បោះដៃ​រក​កូរ៉េខាងត្បូង​។ ក្នុង​សារ​អបអរ​ឆ្នាំ​ថ្មី លោក គីម ជុង​អ៊ុន បានបង្ហាញ​បំណង​ពង្រឹង​ទំនាក់ទំនង​ល្អ​ជាមួយ​កូរ៉េខាងត្បូង ហើយ​ថែមទាំង​បញ្ជូន​ប្អូនស្រី​តែមួយ​ឲ្យ​ចូលរួម​កម្មវិធី​បើក​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ទីក្រុង​ព្យុង​ឆាង​ទៅទៀត​។ ក្រោយ​ទស្សនកិច្ច​នេះ លោក គីម ក៏​នៅតែ​ចង់បាន​បរិយាកាស​ល្អ​ដើម្បី​ការផ្សះផ្សា​នៅ​ឧបទ្វីប​កូរ៉េ​។​

​ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក ទំនង​ក្លាយជា​ខ្យល់​បក់​រងើកភ្លើង​ឧបទ្វីប​កូរ៉េ ដែល​កំពុង​រលត់​សន្សឹមៗ​ទៅហើយនោះ ឲ្យ​ឆេះ​រោលរាល​ឡើងវិញ​។ កន្លងមក អាមេរិក​មិន​ជឿ​ទាល់តែសោះ​ថា កូរ៉េខាងជើង​មាន​ភាព​ស្មោះត្រង់​អ្វី​ឡើយ ទោះជា​បាន​បន្ទន់​អាកប្បកិរិយា​ក្ដី​។ ឱកាស​កម្រ​នេះ​ដែល​រកបាន​ទាំង​លំបាក ទំនងជា​បាត់ទៅ​វិញ ព្រោះ​កូរ៉េខាងជើង​ទំនងជា​មិនអាច​ទ្រាំទ្រ​នឹង​សកម្មភាព​របស់​អាមេរិក​បានឡើយ ហើយ​អាចធ្វើ​សកម្មភាព​ផ្គើន​ទៀតផង​៕


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com