កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិកព្យុងឆាង៖ ស៊ុយអែតបន្តឈរលើបារាំង និងអូទ្រីស ខណៈរុស្ស៊ីឡើងទៅកៀកចិន ក្រុមកីឡាករ Biathlon ស៊ុយអែតឈ្នះមេដាយមាសលើវិញ្ញាសា 4x7.5គ.ម
× ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងព្យុងឆាង (Pyeongchang 2018) នៅកូរ៉េខាងត្បូង កំពុងបោះដំណើរឈានដល់ថ្ងៃបញ្ចប់ហើយ។ សម្រាប់ការប្រកួតកាលពីថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ កន្លងមក ស៊ុយអែត កាណាដា និងហូឡង់ ទទួលបានមេដាយមាសម្នាក់១បន្ថែមទៀត ខណៈអត្តពលិកអូឡាំពិកពីរុស្ស៊ី បានឈ្នះមេដាយមាសលើកដំបូងក្នុងព្រឹត្តិការណ៍នេះ។
ខណៈន័រវេស អាល្លឺម៉ង់ កាណាដា សហរដ្ឋអាមេរិក និងហូឡង់ រក្សាឈរលើកំពូលតារាងទៅតាមលំដាប់លំដោយ ស៊ុយអែត ក៏រក្សាចំណាត់ថ្នាក់លេខ៦យ៉ាងមាំផងដែរ តាមរយៈការទទួលបានមេដាយមាស៦ និងប្រាក់៥ ដោយឈរលើបារាំង អូទ្រី និងម្ចាស់ផ្ទះកូរ៉េខាងត្បូង។
ជាមួយគ្នានេះផងដែរ ក្តីរំភើបបានកើតឡើងចំពោះក្រុមអត្តពលិកអូឡាំពិកពីរុស្ស៊ី ដោយកីឡាការិនី Alina Zagitova បានឈ្នះមេដាយមាសលើកដំបូង ស្របពេល Evgenia Medvedeva ដែលជាមិត្តរួមជាតិខ្លួន បានមេដាយប្រាក់ លើវិញ្ញាសាសម្តែងជិះស្គីទឹកកក (Figure Skating)។
សូមបញ្ជាក់ថា តុលាការមជ្ឈត្តកម្មកីឡា (CAS) ដាក់ពិន័យអត្តពលិករុស្ស៊ីចំនួន៤៣នាក់ពីបទប្រើប្រាស់សារធាតុហាមឃាត់ (Doping) របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។ ក្រោយការប្តឹងឧទ្ធរណ៍ CAS បានលុបចោលការសម្រេចចិត្តរបស់ខ្លួនលើអត្តពលិកចំនួន២៨នាក់ ប៉ុន្តែពួកគេ និងអត្តពលិករុស្ស៊ីផ្សេងទៀត មិនមានសិទ្ធិប្រើប្រាស់ទង់ជាតិរបស់រុស្ស៊ីឡើយ។ អត្តពលិកទាំងនោះ ត្រូវបានហៅថាជា អត្តពលិកអូឡាំពិកពីរុស្ស៊ី (Olympic Athlete from Russia/OAR) ដែលជំនួសឲ្យការហៅថា អត្តពលិកជម្រើសជាតិរុស្ស៊ី។
ក្រុមអត្តពលិកអូឡាំពិកពីរុស្ស៊ី បានឡើងទៅកាន់ចំណាត់ថ្នាក់លេខ១៥ ដោយឈ្នះមេដាយមាស១ ប្រាក់៥ និងសំរឹទ្ធ ៨ ។ តាមពិតពួកគេរកបានសំរឹទ្ធចំនួន៩ ប៉ុន្តែមេដាយរបស់កីឡាករ Alexander Krushelnitsky ត្រូវបានដកហូតវិញ ក្រោយធ្វើតេស្តរកឃើញថាបានប្រើប្រាស់សារធាតុហាមឃាត់។
តារាងមេដាយគិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ
© រក្សាសិទ្ធិដោយ thmeythmey.com