ជាតិ
ឈ្វេងយល់​ចំណុច​សំខាន់ៗ ជុំវិញ​ការបោះឆ្នោត​ព្រឹទ្ធសភា នៅ​ថ្ងៃស្អែក​
24, Feb 2018 , 10:35 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ យុទ្ធនាការ​នៃ​ការឃោសនា​រក​សំឡេងឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ដែលមាន​រយៈពេល​១៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១0 ដល់​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២0១៨ បានបញ្ចប់​ហើយ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មាន​សកម្មភាព​ផុសផុល​ជាងគេ​។ ឯ​គណបក្ស​ផ្សេងទៀត មាន​លក្ខណ​ស្ងៀមស្ងាត់ និង​មាន​សកម្មភាព​តិចតួច​ប៉ុណ្ណោះ​។



​នៅ​ថ្ងៃស្អែក គឺ​ថ្ងៃអាទិត្យ ទី​២៥ ខែកុម្ភៈ ឆ្នាំ​២0១៨ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ នឹង​ចាប់ផ្តើម​ដំណើរការ​។ រហូតដល់​ម៉ោង​៣​រសៀល គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នឹង​ប្រកាស​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​។​

​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ មាន​គណបក្ស​៤ ចូលរួម គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​យុវជន​កម្ពុជា​។ ចំណែក គណបក្ស​ភ្លើង​ទៀន ដែល​ពីមុន​មាន​ឈ្មោះថា គណបក្ស សម រង្ស៊ី និង​ចាត់ទុកជា​គណបក្សប្រឆាំង​ក្នុង​ស្ថាប័នព្រឹទ្ធសភា មិនបាន​ចូលរួម​នោះទេ​។
អត្ថបទទាក់ទង

​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា គឺជា​ការបោះឆ្នោត​បែប​អសកល​។ ការបោះឆ្នោត​បែប​អសកល គឺជា​ការបោះឆ្នោត​មួយ ដែល​ប្រជាពលរដ្ឋ​ទូទៅ មិនមាន​សិទ្ធិ​ចូលរួម​ឡើយ​។ អ្នកចូលរួម​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ហៅថា​អង្គ​បោះឆ្នោត​។ អង្គ​បោះឆ្នោត មាន​២ គឺ​តំណាងរាស្ត្រ និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​។

​អង្គ​បោះឆ្នោត ដែល​ត្រូវ​ចួ​ល​រួម​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ក្នុង​នីតិកាល​ទី​៤​នេះ មាន​ចំនួន ១១,៦៩៥​នាក់ ដោយ​ក្នុងនោះ មាន​តំណាងរាស្ត្រ​១២៣​នាក់ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំសង្កាត់១១៥៧២​នាក់​។

​សមាជិក​ព្រឹទ្ធសភា​ពីមុន មាន​៦១​នាក់​។ ប៉ុន្តែ​នៅ​នីតិកាល​ទី​៤​នេះ សមាជិក​ព្រឹទ្ធសភា ត្រូវបាន​បង្កើនដល់​៦២​នាក់​។​

​កម្ពុជា មានការ​បោះឆ្នោត​២​ប្រភេទ គឺ​ការបោះឆ្នោត​បែប​សកល​និង​ការបោះឆ្នោត​បែប​អសកល​។ ការបោះឆ្នោត​បែប​សកល រួមមាន ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​។ ឯ​ការបោះឆ្នោត​បែប​អសកល រួមមាន​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​៕


Tag:
 បោះឆ្នោត​ព្រឹទ្ធសភា
© រក្សាសិទ្ធិដោយ thmeythmey.com