អន្តរជាតិ
Amnesty ៖ ការលើកទឹកចិត្តឲ្យមានការរើសអើង និងស្អប់ខ្ពើមគ្នានៅមីយ៉ាន់ម៉ា ជាឬសគល់នៃវិបត្តិរ៉ូហ៊ីងយ៉ា
× អង្គការលើកលែងទោសអន្តរជាតិ នៅថ្ងៃទី២២ កុម្ភៈ បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំដើម្បីវាយតម្លៃលើវិស័យសិទ្ធិមនុស្សអន្តរជាតិ ដោយក្នុងនោះក៏មានរាប់បញ្ចូលវិបត្តិរ៉ូហ៊ីងយ៉ានៅមីយ៉ាន់ម៉ាផងដែរ ។ អង្គការអន្តរជាតិនេះ បានបន្ទោសទាំងរដ្ឋាភិបាល និងសហគមន៍អន្តរជាតិ ដែលអសមត្ថភាពក្នុងការចាត់វិធានការដោះស្រាយវិបត្តិរ៉ូហ៊ីងយ៉ានេះ។
មិនខុសពីការវាយតម្លៃរបស់អង្គការអន្តរជាតិជាច្រើនផ្សេងទៀតឡើយ អង្គការលើកលែងទោសអន្តរជាតិ ( Amnesty International ) បានរិះគន់ និងបន្ទោសរដ្ឋាភិបាលលោកស្រីអ៊ុងសាន ស៊ូជីខ្លាំងៗពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស ពិសេសនោះលើវិបត្តិមនុស្សជាតិ រ៉ូហ៊ីងយ៉ាតែម្តង ។
របាយការណ៍ប្រចាំឆ្នាំ២០១៧ កម្រាស់ជាង៤០០ទំព័រនោះបានបង្ហាញថា រដ្ឋាភិបាលមីយ៉ាន់ម៉ា នៅតែបន្តវប្បធម៌លើកលែងទោសឲ្យកងកម្លាំង ដែលបានបំពានសិទ្ធិមនុស្ស និងបានប្រព្រឹត្តបទល្មើស ដែលបង្កឲ្យកើតជាវិបត្តិរ៉ូហ៊ីងយ៉ានេះតែម្តង ។ ភាគច្រើននៃជនល្មើស ដែលបានបំពានសិទ្ធិមនុស្ស ដែលរាប់បញ្ចូលទាំងច្បាប់អន្តរជាតិ មិនត្រូវបានរដ្ឋាភិបាលមីយ៉ាន់ម៉ាស៊ើបអង្កេត និងនាំខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់ឡើយ ។
តាមរយៈរបាយការណ៍ ដែលគ្របដណ្តប់ប្រទេសជាង១០០ ដដែលនោះ អង្គការអន្តរជាតិនេះ បានលើកឡើងពីហេតុផលចម្បងនៃវិបត្តិរ៉ូហ៊ីងយ៉ាយ៉ាងដូច្នេះថា៖« វិបត្តិនៅមីយ៉ាន់ម៉ា គឺជាលទ្ធផលមួយ នៃសង្គម ដែលលើកទឹកចិត្តឲ្យមានការរើសអើង និងស្អប់ខ្ពើម និងការខ្វះខាតភាពដឹកនាំសកលក្នុងវិស័យសិទ្ធិមនុស្ស » ។
គួររម្លឹកជាថ្មីផងដែរថា តាមរបាយការណ៍របស់ភ្នាក់ងារអង្គការសហប្រជាជាតិ មានជនភៀសខ្លួនជនជាតិរ៉ូហ៊ីងយ៉ា មិនតិចជាងកន្លះលាននាក់ឡើយ បានភៀសខ្លួនពីមីយ៉ាន់ម៉ាគិតចាប់ពីចុងឆ្នាំ២០១៧មក ។ ពួកគេ បានភៀសខ្លួន ក្រោយនៃការបាញ់ប្រហារគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាមនៅក្នុង រដ្ឋ Rakhine ។ របាយការណ៍ជាច្រើន បានចុះផ្សាយថា ពួកគេទទួលរងនូវការធ្វើទុក្ខបុកម្នេញ និងរើសអើងពីសំណាក់ប្រជាជនភាគច្រើនដែលប្រកាន់ព្រះពុទ្ធសាសនាផងដែរ ៕
Tag:
មីយ៉ាន់ម៉ា
រ៉ូហ៊ីងយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com