ជាតិ
រដ្ឋមន្ត្រីទេសចរណ៍ចង់ឱ្យវត្តអារាមដាក់ប្រឡងប្រណាំង«វត្តអារាមស្អាត» «វត្តព្រះព្រហ្មរ័ត្ន ដែលលោក ថោង ខុន សរសើរថាជាវត្តគំរូ និងស្អាតសម្រាប់ភ្ញៀវទេសចរ»។
× សៀមរាប៖ វត្តអារាម ជាទីចាប់អារម្មណ៍មួយផ្នែកសម្រាប់ភ្ញៀវទេសចរបរទេស។ តាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងសូចនាកររបស់ទីក្រុងស្អាត ក៏មានវត្តស្អាតផងដែរ ដូច្នេះផ្នែកពាក់ព័ន្ធគួររួមគ្នារៀបចំវត្តអារាមឱ្យបានស្អាតដើម្បីទទួលទេសចរ។
ថ្លែងក្នុងសន្និបាតបូកសរុបការងាររបស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ នៅរសៀលថ្ងៃទី ២០ ខែកុម្ភៈ លោករដ្ឋមន្ត្រី ថោង ខុន ថ្លែងថា កន្លងមកលោកធ្លាប់ឱ្យមន្ទីរទេសចរណ៍ខេត្តសៀមរាប សហការជាមួយមន្ទីរធម្មកា និងសាសនា រៀបចំវត្តឱ្យបានស្អាត។ លោកបន្ថែមថា ពេលណាយើងរៀបទៅស្អាត ច្បាស់ណាស់ថា ភ្ញៀវទេសចរនឹងទៅទស្សនា។ លោក ថោង ខុន បន្ថែមទៀតថា ព្រះសង្ឃអាចធ្វើជាមគ្គុទ្ទេសក៍ទេសចរណ៍ សម្រាប់នាំភ្ញៀវដើរក្នុងវត្តផ្ទាល់ ហើយវានឹងបង្កើតចំណូលបន្ថែមសម្រាប់ការរៀបចំវត្ត តាមរយៈការប្រគេនបច្ច័យរបស់ភ្ញៀវ។
ការលើកឡើងអំពីការរៀបចំវត្តអារាមនេះ គឺឆ្លើយតបទៅនឹងសំណូមពររបស់មគ្គុទ្ទេសក៍ទេសចរណ៍ភាសាអង់គ្លេសមួយរូប ដែលកន្លងមកលោកមើលឃើញថា ទីវត្តអារាម ពិសេសតាមរបងវត្ត មានកង្វះខាតអនាម័យ និងសម្បូរអ្នកលក់ជុំវិញ បិទបាំងសម្រស់របស់វត្តជាដើម។ មគ្គុទ្ទេសក៍រូបនោះ បានកើតសរសើរដល់វត្តព្រះព្រហ្មរ័ត្ន ដែលជាវត្តគំរូ និងស្អាត ដែលបច្ចុប្បន្ន បាននិងកំពុងទាក់ទាញភ្ញៀវទេសចរជាច្រើនចូលទៅទស្សនា និងស្វែងយល់ពីវិស័យព្រះពុទ្ធសាសនា។
ខាងក្រោមនេះជាការលើកឡើងរបស់លោករដ្ឋមន្ត្រី ថោង ខុន ជំរុញឱ្យមានការរៀបចំវត្ត ហើយលោកចង់ឱ្យមានកម្មវិធីប្រឡងប្រណាំងវត្តអារាមស្អាតផងដែរ នាពេលអនាគត
© រក្សាសិទ្ធិដោយ thmeythmey.com