ជាតិ
អេស៊ីលីដា ថា មាន​ជនខិលខូច​បន្លំ​យកឈ្មោះ​ធនាគារ​ខ្លួន ទៅ​ឆបោក​ប្រាក់​ពី​អតិថិជន​
24, Feb 2018 , 3:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានប្រកាស​ពី​ករណី​មាន​ជនខិលខូច​មួយចំនួន​យកឈ្មោះ​ធនាគារ​មួយ​នេះ ទៅ​ទារប្រាក់​ពី​អតិថិជន និង​សាធារណជន ជា​ថ្នូរ​នឹង​ថ្លៃ​រត់ការ​ដើម្បី​ឲ្យ​អតិថិជន​នោះ​ទទួលបាន​រង្វាន់​ជា​ទឹកប្រាក់​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​លើ​គេហទំព័រ​របស់​ធនាគា​រ​អេស៊ីលីដា​។​



​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា​៖«​ក្នុង​រយៈពេល​កន្លងទៅ​ថ្មីៗ​នេះ មាន​ជនខិលខូច​មួយចំនួន​បាន​អះអាងថា​ខ្លួន​ជា​បុគ្គលិក​របស់​ធនាគារ​អេស៊ីលីដា ឬ​យកឈ្មោះ​ធនាគារ​អេស៊ីលីដា ទៅប្រើ​ប្រាស់​ដើម្បី​ឆបោក​ប្រាក់​ពី​អតិថិជន និង​សាធារណជន​មួយចំនួន តាមរយៈ​ទូរស័ព្ទ ឬ​តាម​មធ្យោបាយ​ផ្សេងៗ​ទៀត ដោយ​តម្រូវ​ឲ្យ​អតិថិជន និង​សាធារណជន​ផ្ទេរប្រាក់​មួយចំនួន​ជាមុនសិន ដើម្បី​ចំណាយ​រត់ការ ជា​ថ្នូរ​នឹង​ការទទួលបាន​រង្វាន់​ជា​ទឹកប្រាក់​ពី​ធនាគារ​អេស៊ីលីដា​»​។​

​ធនាគារ​អេស៊ីលីដា ពុំមាន​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង ឬ​ផ្ដល់​រង្វាន់​ជា​ទឹកប្រាក់​ណាមួយ​ជូន​អតិថិជន និង​សាធារណជន​ឡើយ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើ ដែល​បាន​បន្តថា បើ​សាធារណជន​មាន​ចម្ងល់​ពី​បញ្ហា​នេះ អាចទាក់ទង​ទៅ​ធនាគារ​នេះ​ដោយផ្ទាល់​៕


© រក្សាសិទ្ធិដោយ thmeythmey.com