ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
លោក ពុទ្ធី៖ ពីសន្តិសុខក្លាយជាគ្រូបង្វឹកជជែកដេញដោលជាសាធារណៈដែលមានសមត្ថភាព
24, Feb 2018 ,
8:19 pm
រូបភាព
×
ដោយ:
ប៉ូ សាគុន
លោក ម៉េង ពុទ្ធី បច្ចុប្បន្នជាគ្រូស្ម័គ្រចិត្តបង្វឹកក្រុមនិស្សិត ដើម្បីចូលរួមប្រកួតក្នុងកម្មវិធីជជែកដេញដោលជាសាធារណៈ ដែលមានសមត្ថភាពមួយរូប។ ក្រៅពីការងារនេះ លោកធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោង និងបកប្រែ ធ្វើការនៅក្រសួង និងជាជំនួយការរៀបចំកម្មវិធីក្នុងក្រុមហ៊ុនឯកជនផងដែរ។ មុនមកដល់ថ្ងៃនេះ លោកថាពីមុនសូម្បី តែទៅសុំគេធ្វើសំណង់ ឬសន្តិសុខ ក៏គេមិនចង់ឱ្យធ្វើផង។
ពីសន្តិសុខស្ទើរតែគេមិនយកទៅធ្វើការព្រោះតែមានមាឌតូច លោក ម៉េង ពុទ្ធី ក្លាយទៅជាគ្រូបង្វឹក ក្នុងវេទិកាជជែកដេញដោលជាសាធារណៈ ដែលទទួលបានជោគជ័យជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ក្នុងក្របខណ្ឌប្រទេស។ យុវជនមកពីខេត្តកំពង់ចាមរូបនេះ បញ្ជាក់ថា ការងារជាគ្រូបង្វឹកក្រុមនិស្សិតនេះ គឺជាការងារស្ម័គ្រចិត្តជួយសង្គម មិនទទួលបានប្រាក់ខែឡើយ។ មុននឹងក្លាយជាគ្រូបង្វឹក លោកក៏ធ្លាប់ធ្វើជាបេក្ខជនប្រកួតប្រជែងជជែកដេញដោលជាសាធារណៈ ដែលធ្លាប់ទទួលបានជ័យលាភីផងដែរ។
ក្រៅពីធ្វើជាគ្រូបង្វឹកផ្នែកគំនិត និស្សិតរៀនផ្នែកគ្រប់គ្រងពាណិជ្ជកម្មរូបនេះ នៅមានការងារក្នុងស្ថាប័នរដ្ឋផងដែរ និងក៏ជាជំនួយការផលិតកម្មវិធី និងរៀបចំកម្មវិធីសម្ដែងផ្សេងៗ ព្រមទាំងជាគ្រូបង្រៀន និងបកប្រែភាសាអង់គ្លេសទៀតផង។ លោកថាថ្វីដ្បិតតែពេលនេះ លោកមានការងារធ្វើ ដោយពឹងផ្អែកលើចំណេះក្ដី តែលោកនៅមិនទាន់ពេញចិត្តនឹងអ្វីដែលខ្លួនមាន ជាពិសេសចំណេះដឹង ដែលលោកថាខ្លួនត្រូវខំប្រឹងប្រែងបន្ថែមទៀត។
ពុទ្ធី បានរម្លឹកពីគ្រាមុនមកភ្នំពេញថា ដោយចង់មានអនាគតភ្លឺស្វាងតាមរយៈចំណេះវិជ្ជា លោកបានសុំម្ដាយឪពុកមករៀនភ្នំពេញ ទោះដឹងថាផ្ទះក្រក៏ដោយ។ ពុទ្ធី ថាមកដល់ភ្នំពេញដំបូង លោកចំណាយប្រាក់អស់ជាង១០០ដុល្លារ ដោយគ្មានផ្លែផ្កាត្រឡប់មកវិញ ព្រោះតែជឿតាមគេថាបង់ប្រាក់ចូលរៀន ហើយនឹងទទួលបានការងារធ្វើ។ ក្រោយពីខាតប្រាក់ លោកចាប់ផ្ដើមជិះកង់រកការងារធ្វើពេញទីក្រុងភ្នំពេញ ដោយទៅសុំការងារសំណង់គេធ្វើ តែមិនបាន ព្រោះគេឃើញលោកមានមាឌតូចពេក។ លោក ពុទ្ធីបញ្ជាក់ដូច្នេះ៖« មកដល់ភ្នំពេញ ត្រូវគេបោកអស់ជាង១០០ដុល្លារទៅ គេថាបង់លុយចូលរៀន ហើយនាំអ្នកផ្សេងឱ្យចូលរៀនដែរ នឹងបានចំណូលវិញ មានឯណាអស់លុយទទេទៅ។ ទៅដើរសំពះសុំការងារសំណង់គេធ្វើ ក៏គេមិនឱ្យទៀត វេទនាណាស់។ អត់អីហូប ថ្ងៃខ្លះពងទា២គ្រាប់ ហូបគ្នា៦នាក់ក៏មាន»។
ជាភ័ព្វសំណាងល្អ សម្រាប់អ្នកសង្វាតការរៀនសូត្រ គ្រាន់តែរើសបានទូរសព្ទចាស់មួយគ្រឿង ដែលគេបោះចោលតាមផ្លូវ អាចនៅត្រឹមបើកវិទ្យុ ពុទ្ធីរើសយកមកផ្គុំដើម្បីអាចរៀនភាសាអង់គ្លេសតាមវិទ្យុដោយខ្លួនឯង។ ភាសាដែលចេះតិចតួចពីការរៀនតាមវិទ្យុនោះហើយ ទើបធ្វើឲ្យរូបគេមានឱកាស បានធ្វើការជាសន្តិសុខនៅក្នុងហាងកាហ្វេមួយកន្លែង។ ពុទ្ធី បញ្ជាក់ថា៖ «មកភ្នំពេញដំបូង មិនគិតឃើញការងារអ្វីក្រៅពីធ្វើសន្តិសុខ និងធ្វើសំណង់ទេព្រោះការងារនេះ គេមិនត្រូវការចំណេះដឹងច្រើន។ ដាក់ពាក្យធ្វើសន្តិសុខគេមិនចង់យកទៀត កុំតែគេខ្វះកម្លាំង ហើយគេឃើញខ្ញុំចេះអង់គ្លេសតិចតួចបានគេយកហ្នឹង សំណាងបានពីទូរសព្ទចាស់ដែលខ្ញុំរើសបាន»។
ធ្វើជាសន្តិសុខក្នុងប្រាក់ខែ៨៥ដុល្លារបានមួយរយៈ អ្នកគ្រប់គ្រងក្នុងហាងកាហ្វេ បានឱ្យលោកធ្វើជាបុគ្គលិកផ្នែកឆុងកាហ្វេ បន្ទាប់ពីឃើញការប្រឹងប្រែងធ្វើការ និងសមត្ថភាពភាសាបរទេសរបស់លោក។ គ្រានោះហើយ ដែលនាំឱ្យលោកឈានជើងចូលរៀននៅសាកលវិទ្យាល័យនឹងគេ។ ពុទ្ធី បញ្ជាក់ថា ៖ « ដ្បិតតែធ្វើជាសន្តិសុខបានប្រាក់ខែតិចមែន តែពេលសម្រួលឡានម៉ូតូ គេឱ្យបាន៥០០ ឬ១០០០រៀលផ្សំគ្នាទៅ បាន៥ម៉ឺនអីដែរក្នុងមួយថ្ងៃ។ អ៊ីចឹងមួយខែ បានច្រើនដែរ។ ដល់មកធ្វើការក្នុងហាង បានប្រាក់ខែតែ១៥០ដុល្លារទេ។ ខ្ញុំគិតថាគោលដៅខ្ញុំ មិនមែនចង់បានប្រាក់តែមួយមុខទេ គឺខ្ញុំចង់រៀន ដូច្នេះទោះតែបានប្រាក់តិចជាងមុន ក៏ខ្ញុំត្រូវតែប្ដូរ»។
ទោះជាយ៉ាងណាក៏ដោយ មកដល់បច្ចុប្បន្ន ពុទ្ធី នៅមិនទាន់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅឡើយទេ បើទោះជាលោកចំណាយពេលរៀន៦ឆ្នាំមកហើយក្ដី។ រៀនយូរ ដោយហេតុមានមុខវិជ្ជាខ្លះ លោកត្រូវព្យួរសិន ព្រោះវាត្រូវការពេលហ្វឹកហាត់ច្រើន តែលោកមិនមានពេលគ្រប់គ្រាន់ ព្រោះរវល់ធ្វើការ។ ទោះជាយ៉ាងនេះក្ដី លោកមិនអស់សង្ឃឹមឡើយ ហើយនៅតែបន្តក្ដីស្រមៃរបស់ខ្លួនជានិច្ច។ យុវជនរូបនេះចង់ជួយសង្គមជាតិ តាមគ្រប់រូបភាពដែលអាចធ្វើទៅបាន៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ម៉េង ពុទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម