ពីនេះ ពីនោះ
សំរាម​ថង់​ប្លា​ស្ទិ​ក​វាយលុក​ទន្លេសាប រំខាន​ជីវិត​មច្ឆជាតិ​
17, Apr 2018 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ទន្លេសាប មាន​ប្រវែង ១២០​គីឡូម៉ែត្រ គឺជា​ទន្លេ​ដែល​ត​ភ្ជាប់​ទន្លេ មេគង្គ និង​បឹង​ទន្លេសាប​។ ក្នុងកំឡុងពេល​រដូវ​ភ្លៀង​មូសុងវស្សា ចាប់ពី​ខែ កក្កដា ដល់​ខែវិច្ឆិកា​ជាប្រចាំ​ឆ្នាំ ទឹកទន្លេ​មេគង្គ​ចាប់​ផ្តើមឡើង ទឹក​ក៏​ហូរ​ចូលក្នុង​ទន្លេសាប និង​បន្ត​ហូរ​ចូលទៅក្នុង​បឹង​ទន្លេសាប​ទៀត​។



​នៅពេលដែល​ភ្លៀង​មូសុងវស្សា​ថយចុះ​ក្នុង​វិច្ឆិកា ទឹកទន្លេ​មេគង្គ​ស្រក​ចុះ ទឹក​បឹង​ទន្លេសាប ក៏​ហូរ​ចេញមក​ឆ្លងកាត់​ទន្លេសាប ចូលក្នុង​ទន្លេមេគង្គ​វិញ​ដែរ​។ ក្នុងនោះ ហ្វូង​មច្ឆជាតិ​ដ៏​ច្រើន​ឥត​គណនា ក៏បាន​ធ្វើចរាចរ​ផ្លាស់​ទី ចេញពី​បឹង​ទន្លេសាប ត្រឡប់​ចូលទៅក្នុង​ទន្លេមេគង្គ​វិញ​ផងដែរ​។



​ត្រី​រៀល ដែលជា​ប្រភេទ​ត្រី​ធ្វើចរាចរ​ផ្លាស់​ទី​ដ៏​ច្រើន​លើសលប់ ចេញពី​បឹង​ទន្លេសាប​

​យោងតាម​ប្រសាសន៍​របស់លោក​បណ្ឌិត ហ្សេ​ប ហូ​ហ្គេ​ន ជា​សមាជិក និង​ជា​អ្នករៀបចំ​កម្មវិធី​ទូរទស្សន៍​ភូមិសាស្ត្រ​ជាតិ (National Geographic) និង ជា​អ្នកដឹកនាំ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) ដែល​បាន​ដកស្រង់​ចេញពី​៖https://news.nationalgeographic.com/2017/03/mekong-river-fish-migrations/ បាន​ឲ្យ​ដឹងថា «​ទន្លេសាប គឺជា​ទីតាំង​ធ្វើចរាចរ​ផ្លាស់​ទី​ដ៏​ធំ​បំផុត​ក្នុង​លោក របស់​មច្ឆជាតិ ដែល​អាច​ប្រៀបប្រដូច​បាន​ទៅនឹង​ពពួក​គោព្រៃ ដែល​ធ្វើចរាចរ​ផ្លាស់​ទី​នៅ​តំបន់​វាលទំនាប​អាហ្វ្រិក​ខាងកើត និង​ពពួកសត្វ​ក្តាន់​ធ្វើចរាចរ​ផ្លាស់​ទី ឆ្លងកាត់​តំបន់​វាល​ទឹកកក​អា​ឡា​ស្កា Alaska ដូច្នោះ​ដែរ​។

​ក្នុងនោះ​ផងដែរ ក៏មាន​ការ​ប្រៀបប្រដូច​មួយទៀត គឺ​ការធ្វើដំណើរ​តាមផ្លូវ​អាកាស នៃ​ពពួក​មេអំបៅ​រាជា ដែល​ស្វែងរក​ទីជម្រក​នៅលើ​ភ្នំ នៅក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​កកូ ឬក៏​ពពួក​ចាប​បៃតង ដែល​ធ្វើដំណើរ​រាប់ពាន់​គីឡូម៉ែត្រ ដើម្បី​ទៅដល់​ទីជម្រក​រដូវរ​ងារ ក្នុង​តំបន់​ត្រូ​ពិ​ក​របស់​ពួកវា​។

​ប៉ុន្តែ ការធ្វើ​ចរាចរ​ផ្លាស់​ទី​ដ៏​សំខាន់បំផុត​មួយ គឺជា​ការធ្វើ​ចរាចរ​ផ្លាស់​ទី​ដ៏​ធំ ដែលមាន​ចំនួន​មច្ឆជាតិ​ចូលរួម​ច្រើន​បំផុត បានកើត​ឡើង​ដោយ​យើង​មិនអាច​មើលឃើញ​នោះ គឺ​នៅក្នុង​បាតទន្លេ​សាប​។ ត្រី​រាប់ពាន់ លាន​ក្បាល បានធ្វើ​ចរាចរ​ផ្លាស់​ទី ជា​រៀងរាល់ឆ្នាំ ដែលជា​ការផ្លាស់​ទី​ដ៏​ធំ​អស្ចារ្យ​បំផុត​មួយ មិនគួរ​ឲ្យ​ជឿ​នៅលើ​ភពផែនដី​នេះ​»​។ លោក​បណ្ឌិត ហ្សេ​ប ហូ​ហ្គេ​ន បាន​បន្តទៀតថា «​វា​គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​អស្ចារ្យ​ដែល​មនុស្ស​ភាគច្រើន​មិនដែល​បានដឹង មិនដែល​បានឮ​អំពី​វា​»​។



​សម្រាម​ថង់​ប្លា​សិ្ទ​ក​ដែល​ហូរ​ចូលក្នុង​ឧបករណ៍​នេសាទ «​ដាយ​ត្រី​» នៅក្នុង​ទន្លេសាប​ក្បែរ​រាជធានី​ភ្នំពេញ​

​ប៉ុន្តែ រយៈពេល​ចុងក្រោយ​នេះ ប្រទេស​កម្ពុជា​មានការ​រីកចម្រើន ក្នុងនោះ ថង់​ប្លា​សិ្ទ​ក​ត្រូវបាន​គេ​និយម​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ និង​គ្រប់​ទីកន្លែង​ផងដែរ​។ ដោយសារតែ​វា​មានតម្លៃ​ថោក ងាយស្រួល​រក និង​ងាយស្រួល​ប្រើ ថង់​ប្លា​ស្ទិ​កនៅ​ក្នុងប្រទេស​កម្ពុជា គេ​អាច​ឃើញ​វា​នៅ​ស្ទើរ​គ្រប់​ទីកន្លែង​។ ចាប់ផ្តើម​ចេញពី​ទីផ្សារ ឬ​កន្លែង​លក់ដូរ​នានា បន្ទាប់មក ត្រូវបាន​គេ​បោះចោល​នៅតាម​ផ្លូវ តាម​ទន្លេ អូរ ស្ទឹង បឹងបួរ​ជាដើម​។ នៅក្នុង​ទន្លេសាប ពេលខ្លះ អ្នកនេសាទ ចាប់បាន​សម្រាម​ថង់​ប្លា​សិ្ទ​ក ច្រើនជាង​ត្រី​។

​តើ​នឹងមាន​អ្វី​កើតឡើង រយៈពេល​១០​ឆ្នាំក្រោយ នៅក្នុង​ទន្លេ ដែល​អ្នក​ជីវវិទ្យា​ដ៏​ល្បី​ចាត់ទុកថា ជាការ​ធ្វើចរាចរ​ផ្លាស់​ទី​ដ៏​ធំ និង​អស្ចារ្យ​បំផុត​មួយ និង​មិនគួរ​ឲ្យ​ជឿ​នៅលើ​ភពផែនដី បើ​ទម្លាប់​នៃ​ការប្រើប្រាស់​ថង់​ប្លា​សិ្ទ​ក និង​ការ​បោះចោល​សម្រាម​ចូលទៅក្នុង​ទន្លេ មិនមាន​ការកែប្រែ​នោះ​?



សម្រាម​ថង់​ប្លា​សិ្ទ​ក​នៅក្នុង​ទន្លេសាប​ក្បែរ​រាជធានី​ភ្នំពេញ ដែល​ហូរ​តាម​ទឹក​ចូលក្នុង​ឧបករណ៍​នេសាទ «​ដាយ​ត្រី​»

(​អត្ថបទ និង​រូបភាព​ដោយ Chhut Chheana  USAID Wonders of the Mekong).


© រក្សាសិទ្ធិដោយ thmeythmey.com