អន្តរជាតិ
នាយករដ្ឋមន្ត្រី​វៀតណាម ដាស់តឿន​មន្ត្រី​រដ្ឋ​កុំ​យក​«​លេស​បុណ្យជាតិ​»​ពន្យារពេល​ការងារ​
24, Feb 2018 , 8:39 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​ក្រើនរម្លឹក​ដល់​ស្ថាប័ន​ការងារ ជាពិសេស​មន្ត្រី​របស់​អង្គភាព​រដ្ឋ​ឲ្យ​បំពេញការងារ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​បទបញ្ជា និង​វិន័យ ។ ក្រុង​ហាណូយ មិន​ចង់ឃើញ​ភាព​អសកម្ម និង​ការថយចុះ​នៃ​ផលិតភាព​ការងារ​របស់​មន្ត្រី​សាធារណៈ ដោយ​យក​ហេតុផល​ថា ជាប់រវល់​រៀបចំ និង​ប្រារព្ធ​បុណ្យជាតិ​ឡើយ ។



​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyễn Xuân Phúc នៅ​ថ្ងៃ​២២ កុម្ភៈ បាន​ទទូច​ឲ្យ​មន្ត្រី​សាធារណៈ​ចាប់ផ្តើម​ការងារ​របស់​ពួកគេ​ជាបន្ទាន់ បន្ទាប់ពី​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​វៀតណាម​បាន​បញ្ចប់ទៅ​កាលពី​សប្តាហ៍​មុន​។ លោកនាយក​រដ្ឋមន្ត្រី ចង់​ឲ្យ​មន្ត្រី​ទាំងអស់​ធ្វើការ​ពេញដៃពេញជើង និង​មិនត្រូវ​គិតថា ខែ ដែល​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ គឺជា​ពេល​សម្រាប់តែ​ប្រារព្ធ​ប៉ុណ្ណោះ​នោះទេ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Vietnam News ។

​លោកនាយក​រដ្ឋមន្ត្រី បាន​បន្តទៀតថា មន្ត្រី​រដ្ឋការ​ស៊ីវិល និង​ភ្នាក់ងារ​សារ​ធារ​ណៈ​ទាំងអស់ ត្រូវតែ​គោរព​តាម​បទបញ្ជា​រដ្ឋបាល និង​ច្បាប់​ការងារ ក្នុងការ​បំពេញការងា​រ  ។ លោកនាយក​រដ្ឋមន្ត្រី លើកឡើង​បែបនេះ ក្នុង​គោលដៅ​ដាស់តឿន​មន្ត្រី​សាធារណៈ​មួយចំនួន ដែល​នៅតែ​ពន្យារពេល​ចូល​បម្រើ​ការងារ​វិញ ដ្បិត​ពួកគេ នៅតែ​បន្ត​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​នោះ ។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល ។

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ប្រមុខ​រដ្ឋាភិបាល​វៀត​ណា​ម​រូបនេះ ក៏បាន​ផ្ញើលិខិត​ទៅកាន់​គ្រប់​អង្គភាព​នៅ​ថ្ងៃ​បម្រើ​ការងារ​ដំបូង ក្រោយ​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ ដោយ​លោក បាន​ហាមប្រាម មន្ត្រី​គ្រប់​ក្រសួង​ទាំងអស់ ចូលរួម​ពិធីបុណ្យ​នានា​នៅ​ម៉ោង​ការងារ និង​ប្រើប្រាស់​យានយន្ត​រដ្ឋ​ដើម្បី​ចូលរួម​ពិធី លើកលែង មានការ​អនុញ្ញាត​ដើម្បី​បំពេញ​កាតព្វកិច្ច​នៅ​ទីនោះ ។

​ជាងនេះទៅទៀត​នោះ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ឲ្យ​សមាជិក​គណៈរដ្ឋមន្ត្រីរ​បស់​លោក​ជួយ​ពិនិត្យ និង​តាមដាន​មើល​វិស័យ និង​អង្គភាព​របស់ខ្លួន ដោយ​ត្រូវ​បំពេញការងារ​ជាមួយ​នៃ​ការតាំង​ចិត្ត​ដ៏​មុតមាំ និង​ត្រូវមាន​បទបញ្ជា​ឲ្យ​បាន​តឹងរឹង​បំផុត ដើម្បី​ជា​វិធានការ​សម្រាប់​មន្ត្រី ដែលមាន​ការយឺតយ៉ាវ​ក្នុងការ​បំពេញ​មុខងារ​របស់​ពួកគេ ៕


Tag:
 វៀតណាម​
  មន្ត្រី​រដ្ឋការ​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com