ជាតិ
សេដ្ឋកិច្ច
ពន្ធដារ នឹង​រឹបអូស​បារី ដែល​គ្មាន​បិទ​តែមប្រិ៍​អាករ​ប្រភេទ​ថ្មី​
25, Feb 2018 , 12:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មន្ត្រី​ពន្ធដារ ចាប់ផ្ដើម​ពីថ្ងៃ​ទី​១​ខែមីនា នឹង​ចុះ​ត្រួតពិនិត្យ​លើ​កញ្ចប់​បារី ដើម្បី​ដឹងថា​តើ​កញ្ចប់​បារី​ដែល​ចរាចរ​លើ​ទីផ្សារ​ទាំងនោះ មាន​បិទ​តែមប្រិ៍​អាករ​ប្រភេទ​ថ្មី​ដែរ ឬទេ​?  កញ្ចប់​បារី ដែល​គ្មាន​បិទ​តែមប្រិ៍​អាករ​ប្រភេទ​ថ្មី នឹងរង​ការ​រឹបអូស ហើយ​អ្នកពាក់ព័ន្ធ​នឹងត្រូវ​ទទួលទោស​ទណ្ឌ​ផ្សេងៗ​ទៀត​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ  នៅ​ថ្ងៃទី​២០​ខែកុម្ភៈ​។​



​កាលពី​ចុងឆ្នាំ​២០១៦ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​សារាចរ​ណែនាំ​មួយ ដែល​កំណត់​ឲ្យ​គ្រប់​កញ្ចប់​បារី​នៅលើ​ទីផ្សារ ត្រូវមាន​បិទ​តែមប្រិ៍​អាករ​ប្រភេទ​ថ្មី ចាប់ពី​ថ្ងៃទី​១​ខែសីហា​ឆ្នាំ​២០១៧ តទៅ​។ ការតម្រូវ​ឲ្យ​បិទ​តែមប្រិ៍​អាករ​ប្រភេទ​ថ្មី​នេះ គឺ​ទាក់ទង​នឹង​ការប្រមូល​អាករ​ពិសេស​លើ​ផលិតផល​បារី​។​

​ចាប់ពី​ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០១៨ តទៅ មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ចុះ​ត្រួតពិនិត្យ​ទៅតាម​បណ្ដា​រោងចក្រ ឃ្លាំង​ស្តុក កន្លែង​ចែកចាយ និង​កន្លែង​លក់​បារី ហើយ​បើ​ពិនិត្យឃើញ​កញ្ចប់​បារី​នៅមាន​បិទ​តែមប្រិ៍​អាករ​ប្រភេទ​ចាស់ ឬ​មិនមាន​បិទ​តែមប្រិ៍​អាករ ឬ​បិទ​តែមប្រិ៍​អាករ​ក្លែងក្លាយ នោះ​នឹងរង​ការ​រឹបអូស​យក និង​ការអនុវត្ត​ទោសទណ្ឌ​ផ្សេងៗ​ទៀត​។  នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើ​៕



Tag:
 បារី​
© រក្សាសិទ្ធិដោយ thmeythmey.com