ជាតិ
របាយការណ៍​៖ ពលរដ្ឋ​កាន់តែ​នៅ​កៀក​ព័ត៌មាន តាមរយៈ​ទូរ​សព្ទ​ទំនើប​របស់ខ្លួន
25, Feb 2018 , 5:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ របាយការណ៍ The Open Institute បាន​បង្ហាញថា ប្រជាជន​កម្ពុជា ៤៨​ភាគរយ នៅក្នុង​ឆ្នាំ​២០១៦ មាន​ទូរ​សព្ទ​ទំនើប (Smart Phone) ប្រើប្រាស់ សម្រាប់​តាមដាន​ព័ត៌មាន​ក្នុងសង្គម តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ដែល​បង្ហាញ​ពី​ការវិវត្ត​ល្អ​មួយ​។ ប៉ុន្តែ​ទន្ទឹមនឹងនេះ របាយការណ៍​បន្ថែមថា ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា  នៅតែ​ជួប​បញ្ហា​ប្រឈម​មួយចំនួន ដែល​ត្រូវ​ការកែលម្អ​ស្ថានភាព​ទាំងនោះ​។​



​ប្រធាន​កម្មវិធី​អង្គការ​ជំនួយ​ព្រះវិហារ​ដា​ណឺ​ម៉ាក​(DCA) លោកស្រី Kristen Rasmussen បាន​លើកឡើងថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប្រជាជន​កម្ពុជា មានការ​ផ្លាស់ប្តូរ​ច្រើន ទាក់ទង​នឹង​ការទទួលបាន​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ តាមរយៈ​ការប្រើប្រាស់​អ៊ីនធឺណិត​។ លោកស្រី Kristen Rasmussen ដែល​ស្រង់​របាយការណ៍ The Open Institute បាន​និយាយថា ពលរដ្ឋ​កម្ពុជា ៤៨​ភាគរយ មាន​ទូរ​សព្ទ​ទំនើប​ប្រើប្រាស់ ដើម្បី​តាមដាន​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ តាមរយៈ​អ៊ីនធឺណិត​នេះ ។​

«​តាមពិតទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅតាម​ប្រព័ន្ធ​អ៊ីនធឺណិត​បច្ចុប្បន្ន​ជា​ប្រភពព័ត៌មាន​នាំមុខគេ​នៅ​កម្ពុជា ហើយ​នៅ​ឆ្នាំ​២០១៦ មាន​ប្រជាប្រិយភាព​ជាង​ទូរទស្សន៍​ទៅទៀត​។ ទោះបីជា​ប្រជាជន ទទួលបាន​ព័ត៌មាន​ច្រើនជាង​មុន​ក្ដី ស្របពេល​នោះដែរ​ក៏មាន​ព័ត៌មាន​ក្លែងក្លាយ​ជាច្រើន​បាន​កើនឡើង​ផងដែរ ដែលជា​បញ្ហា​ប្រឈម​។ ប៉ុន្តែ​ការទទួលបាន​ព័ត៌មាន​ទាំងអស់នេះ មិន​មានន័យថា​ពលរ​ដ្ឋ​មិនដឹង​អ្វី​នោះទេ ពីព្រោះ​ពលរដ្ឋ​ទាំងអស់នោះ​អាចបែងចែក​អំពី​ព័ត៌មាន​ណាមួយ​មាន​ភាព​សុ​ក្រឹត្យ​ពិត និង​ឯករាជ្យ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ស្រី Kristen Rasmussen​។​



​ជាមួយគ្នានេះ​លោក Michael Dickison ទីប្រឹក្សា​ស្រាវជ្រាវ​ឯករាជ្យ បានលើកឡើង​ពី​របាយការណ៍​សិក្សា​មុន​ឆ្នាំ​២០១៧ របស់ខ្លួន ដែល​បង្ហាញថា ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា មាន​សេរីភាព​ច្រើនជាងគេ​ក្នុង​តំបន់ ប៉ុន្តែ​សេរីភាព​សារព័ត៌មាន​នេះ បាន​ធ្លាក់ចុះ​វិញ​នៅក្នុង​ឆ្នាំ​២០១៧​កន្លងមក​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ក្រោម​ប្រធានបទ «​បញ្ហា​ប្រឈម​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ឆ្នាំ​២០១៧» កាលពី​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ លោក Michael បាន​អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​ថា​៖«​បញ្ហា​ធំ​បំផុត ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ ៤១​ភាគរយ​បាន​និយាយ គឺ​ឥទ្ធិពល និង​ការត្រួតត្រា​របស់​រដ្ឋាភិបាល នៅក្នុង​នោះដែរ​មានដូចជា ការចោទប្រកាន់ ឬ​ការគំរាមកំហែង​តាមផ្លូវ​ច្បាប់ ទៅលើ​អ្នកសារព័ត៌មាន​»​។

អត្ថបទទាក់ទង

​របាយការណ៍​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ CCIM មាន​ចំណងជើង​ថា «​ការ​ប្រឈម​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ឆ្នាំ​២០១៧» បាន​បង្ហាញថា ទោះបី​កម្ពុជា​ស្ថិតនៅ​ចំណាត់ថ្នាក់​ខ្ពស់ជាង ថៃ ឡាវ និង​វៀតណាម​ក្ដី ក៏​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា ស្ថិតក្រោម​ការឃ្លាំមើល​ដិតដល់ ដោយ​រដ្ឋាភិបាល​។

​តែ​យ៉ាងណាក្ដី ក្រសួង​ព័ត៌មាន​បាន​ច្រានចោល​របាយការណ៍​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ដែលថា រដ្ឋាភិបាល​ប្រើ​ឥទ្ធិពល​ច្បាប់ គំរាមកំហែង​ដល់​សេរីភាព​អ្នកសារព័ត៌មាន​ក្នុងប្រទេស​កម្ពុជា​។ ក្រសួង​ព័ត៌មាន ចាត់ទុក​របាយការណ៍​CCIM​ថា ជាការ​ស្រាវជ្រាវ​គ្មាន​មូលដ្ឋានគ្រឹះ​ច្បាស់លាស់​។​

​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​លោក អ៊ុក គឹម​សេង បាន​និយាយថា កម្ពុជា​គ្មាន​ការ​រឹតត្បិត​សេរីភាព​អ្នកសារព័ត៌មាន​នោះទេ លើកលែងតែ​អ្នកសារព័ត៌មាន​អនុវត្ត​ខុសច្បាប់ ។ លោក អ៊ុក គឹម​សេង បន្ថែមថា អ្នកសារព័ត៌មាន​នៅ​កម្ពុជា ត្រូវបាន​ធានា​ដោយ​ច្បាប់សារព័ត៌មាន ដោយ​មិន​ស្ថិតក្រោម​ការគំរាមកំហែង​ពី​ឥទ្ធិពល​រដ្ឋាភិបាល​ឡើយ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា ជាប់​ចំណាត់ថ្នាក់​ទី​១២៣ ដែល​ត្រូវបាន​វាយតម្លៃថា​មាន​សេរី​តិចតួច​បំផុត​ក្នុងចំណោម ១៨០​ប្រទេស​។ នេះ​បើតាម​របាយការណ៍​ថ្មី​បំផុត ស្ដីពី «​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​» នៃ​អង្គការ​ផ្ទះ​សេរីភាព និង​អ្នកកាសែត​គ្មាន​ព្រំដែន ៕


Tag:
 ប្រព័ន្ធ​ផ្សព្វផ្សាយ​
  CCIM
  កាសែត
© រក្សាសិទ្ធិដោយ thmeythmey.com