ជាតិ
ករណី​វះកាត់​ស្រី្ត​សម្រាលកូន ភ្លេច​កន្សែង​ក្នុង​ពោះ មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម​នឹងមាន វិធានការ​
25, Feb 2018 , 4:59 pm        
រូបភាព
រូបពីរដ្ឋបាលខេត្តកំពង់ចាម
រូបពីរដ្ឋបាលខេត្តកំពង់ចាម
ដោយ:
​ភ្នំពេញ​៖ នៅ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយនេះ មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម នឹង​ប្រជុំ​គណៈ​គ្រូពេទ្យ ដើម្បី​ពិនិត្យពិច័យ​លើ​ករណី​គ្រូពេទ្យ​បង្អែក​ខេត្តកំពង់ចាម​បាន​វះកាត់​ស្ដ្រី​សម្រាលកូន​ម្នាក់ ដោយ​បន្សល់ទុក​កន្សែង​ក្នុង​ពោះ​ស្រី្ដ​នោះ​។​



​បើទោះបី​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម  លោក គឹម​សួរ ភីរុណ មិនបាន​និយាយ​ចំ​ថា​គ្រូពេទ្យ​បង្អែក​ខេត្តកំពង់ចាម បាន​ធ្វេសប្រហែស​ក្នុងពេល​វះកាត់​ស្ត្រី​សម្រាលកូន​ម្នាក់ ដោយបាន​បន្សល់ទុក​ក​ន្សែ​ង​ក្នុង​ពោះ​ស្រី្ត​នោះ​ក៏ដោយ តែ​លោក​ប្រាប់ថា ក្រុមការងារ​របស់លោក​នឹង​ប្រជុំ​ដោះស្រាយ​លើ​ករណីនេះ​លម្អិត ហើយ​នឹងមាន​វិធានការ​លើ​គ្រូពេទ្យ​ពាក់ព័ន្ធ បើ​រកឃើញថា​មាន​កំហុស​ដូច​នោះ​មែន​។ «​ជាបឋម​យើង​បាន​ជួប​ស្ត្រី​នោះ ដើម្បី​ជួយ​គាត់ តែ​រឿង​ការងារ​បច្ចេកទេស​ពេទ្យ ដល់​ថ្ងៃ​ច័ន្ទ ដែលជា​ថ្ងៃ​ធ្វើការ បាន​យើង​រៀបចំ​ក្រុមការងារ​ពិនិត្យ​លើ​រឿងនេះ​។ យើង​បានដឹង​ករណីនេះ​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​»​។ លោក គីម​សួរ ភីរុណ ថ្លែង​ដូចនេះ​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​២៥​ខែកុម្ភៈ​។

​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន freshnews នៅ​ថ្ងៃទី​២៤​ខែកុម្ភៈ ម្សិលមិញ​នេះ ស្ត្រី​រងគ្រោះ​នេះ បានទទួល​ការវះកាត់​សម្រាលកូន​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ចាម កាលពី​ជាង​៣​ខែ​មុន​។ បន្ទាប់ពី​ពេលនោះ​មក ស្ដ្រី​រូបនេះ​នៅតែមាន​ការឈឺចាប់​ខ្លាំង​ក្នុង​ពោះ​របស់ខ្លួន រួច​ក៏​សម្រេចចិត្ត​ទៅ​វះកាត់​ម្ដងទៀត​នៅ​ពេទ្យ​ឯកជន​មួយ​នៅ​ភ្នំពេញ កាលពី​ថ្ងៃទី​១៩​ខែមករា ស្រាប់តែ​ឃើញ​មាន​កន្សែង​មួយ​ក្នុង​ពោះ​ស្រី្ត​រូបនេះ​។​

​សព្វថ្ងៃនេះ ស្ត្រី​រងគ្រោះ​នេះ ដោយ​មានការ​ឧបត្ថម​ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន​រា​នី ហ៊ុនសែន និង​រដ្ឋបាល​ខេត្តកំពង់ចាម កំពុង​សម្រាក​ព្យា​ល​បាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ព្យាបាល​ឲ្យ​ជាសះស្បើយ​។​

​ជុំវិញ​ករណី​ដែល​កើតឡើង​ដោយ​កម្រ​នេះ លោក លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រសួងសុខាភិបាល​នឹងមិន​អត់ឱន​ដល់​គ្រូពេទ្យ​ពាក់ព័ន្ធ បើ​រកឃើញថា​បាន​ប្រព្រឹត្ត​ខុស​នោះឡើយ​។ លោក​មានប្រសាសន៍​ដូច្នេះ​ថា​៖«​បើ​មាន​កំហុស យើង​មាន​នីតិវិធី ក្រមសីលធម៌​គ្រូពេទ្យ ដើម្បី​ដាក់ពិន័យ​លើ​ពួកគាត់​តាម​ការរកឃើញ​។ ហើយ​មន្ត្រី​របស់​យើង​កំពុង​ពិនិត្យ​កិច្ចការ​នេះហើយ ដោយ​ត្រូវការ​ពេលវេលា​»៕


Tag:
 សុខភាព​
  វះកាត់​
  សម្រាលកូន​
© រក្សាសិទ្ធិដោយ thmeythmey.com