សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ADB បោះទុនជាង ២០០លានដុល្លារគាំទ្រគម្រោងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញនៅអាស៊ាន
× ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បោះទុនទំហំ ២៣៥លានដុល្លារគាំទ្រគម្រោងថាមពលកើតឡើងវិញ( Renewable energy) របស់ក្រុមហ៊ុនថាមពល B.Grimm Power របស់ថៃដើម្បីជំរុញការផ្គង់ផ្គង់ថាមពលអគ្គីសនីនៅក្នុងតំបន់អាស៊ាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអវិវឌ្ឍន៍អាស៊ីដែលចុះផ្សាយនៅថ្ងៃ ២៣ ខែកុម្ភៈកន្លងមក។
កម្ចីដែលមានទំហំទឹកប្រាក់ ២៣៥ លានដុល្លារអាមេរិកនេះ នឹងផ្តល់ឲ្យទៅក្រុមហ៊ុន B.Grimm Power ដើម្បីអនុវត្តគម្រោងអភិវឌ្ឍថាមពលកកើតឡើងវិញនៅក្នុងតំបន់អាស៊ាន។ គម្រោងនេះនឹងជួយជំរុញការផលិត ចែកចាយ និងផ្គត់ផ្គង់ថាមពលអគ្គីសនីដល់កាន់ទីផ្សារថ្មីៗមានដូចជា កម្ពុជា ឥណ្ឌូណេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាមជាដើមផង។
អគ្គនាយកទទួលបន្ទុកដំណើរការនៃវិស័យឯកជននៃធនាគារអភិវឌ្ឍន៍អាស៊ី Michael Barrow បានលើកឡើងថា ការអភិវឌ្ឍថាមពលកកើតឡើងវិញជារឿងសំខាន់បំផុតសម្រាប់តំបន់អាស៊ាន ក៏ដូចជាដើម្បីជំរុញការអភិវឌ្ឍក្នុងតំបន់ផងដែរ។
«ការអភិវឌ្ឍថាមពលកកើតឡើងវិញនៅអាស៊ានជារឿងចាំបាច់ដើម្បីធ្វើយ៉ាងណាបំពេញឲ្យបាននូវតម្រូវការថាមពលក្នុងតំបន់ ហើយក្រុមហ៊ុន B.Grimm Power នាំមុខគេក្នុងតំបន់ក្នុងការអភិវឌ្ឍថាមពលក្នុងកកើតឡើងវិញនេះដែរ»។ លោក Michael Barrow បានលើកឡើងដូច្នេះក្នុងសេចក្តីប្រកាសព័ត៌មាន។
«ធនាគារអភិវឌ្ឍន៍អាស៊ីមានមោទនភាពក្នុងការធ្វើជាដៃគូជាមួយក្រុមហ៊ុន B.Grimm Power ខណៈដែលក្រុមហ៊ុននេះបន្តពង្រីកយុទ្ធសាស្ត្ររបស់ខ្លួននៅតំបន់អាស៊ាន»។
គម្រោងនេះដែរក៏នឹងផ្តោតលើការផលិតថាមពលសូឡា ថាមពលខ្យល់ ជីវម៉ាស ការកែច្នៃសំណល់ ថាមពលផលិតចេញពីឧស្ម័ន របៀបនៃការស្តុកទុកថាមពល និងពាក់ព័ន្ធគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតនៅតំបន់អាស៊ានដែរ។
ដូច្នេះហើយ ដោយទទួលបានកម្ចីនេះ ក្រុមហ៊ុន B.Grimm Power នឹងមានលទ្ធភាពក្នុងការបង្កើនការផលិតថាមពលរបស់ខ្លួនបានរហូតដល់ ៥០ ភាគរយពោលគឺបង្កើនពី ១៧០០ មេកាវ៉ាត់ ទៅដល់ ២៥០០ មេកាវ៉ាត់ឯណោះត្រឹមឆ្នាំ ២០២០ ខណៈដែលថាមពលកកើតឡើងវិញដែលមានធ្លាប់ចំណែកត្រឹម ១០ភាគរយនឹងកើតឡើងដល់ ៣០ភាគរយផងដែរ៕
Tag:
ADB
ថាមពលកកើតឡើងវិញ
អាស៊ាន
ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com