ជាតិ
សម្តេច ទៀ បាញ់ ប្រគល់សៀវភៅឯកសារវត្ថុបុរាណខ្មែរកម្រពីសារមន្ទីរបារាំង ដល់អភិរក្សដ្ឋានអង្គរ
× សៀមរាប៖ គម្រងឯកសារដែលនិយាយពីវត្ថុបុរាណ សិល្បៈខ្មែរដ៏កម្រ ដែលទទួលបានពីសារមន្ទីរ ហ្គីមេ (GUIMET) នៃសាធារណរដ្ឋបារាំង ត្រូវបានសម្តេច ទៀ បាញ់ ប្រគល់ជូនដល់នាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ នៃសារមន្ទីរអភិរក្សដ្ឋានអង្គរ។ គម្រងឯកសារនេះ មានសារប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ រាល់វត្ថុបុរាណដែលជារបស់ខ្មែរសម័យដើម។
ក្នុងពិធីប្រគល់សៀវភៅគម្រងឯកសារ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅអភិរក្សដ្ឋានអង្គរ ជាប់មាត់ស្ទឹងសៀមរាប លោក គឹម សុធិន ប្រធាននាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ និងជាប្រធានគ្រប់គ្រងអភិរក្សដ្ឋានអង្គរ បានឲ្យដឹងថា សៀវភៅកម្រងឯកសារនេះ គឺជាសារៈសំខាន់ណាស់ដល់មន្ត្រីអភិរក្ស ក្នុងការសិក្សាស្រាវជ្រាវ និង អភិរក្សឡើងវិញ រាល់វត្ថុបុរាណខ្មែរដែលបានបាត់បង់ទៅ។ មួយទៀត សៀវភៅនេះ នឹងបង្ហាញដល់កូនខ្មែរជំនាន់ក្រោយ ឲ្យបានស្គាល់បានយល់អំពីសម្បត្តិវប្បធម៌ ប្រពៃណីជាតិខ្លួន ដែលមានជាច្រើនតំណតរៀងមក ព្រមទាំងរួមគ្នាថែរក្សា ការពារ អភិរក្សនូវសម្បត្តិវប្បធម៌ជាតិ ក៏ដូចជាសម្បត្តិរបស់មនុស្សជាតិលើពិភពលោកផងដែរ ។
ថ្លែងក្នុងពិធីនោះ សម្ដេច ទៀ បាញ់ បានបញ្ជាក់ថា សៀវភៅកម្រងឯកសារមួយក្បាលនេះ មានសារៈសំខាន់នៃសម្បត្តិវប្បធម៌បុរាណខ្មែរយើង ដែលបានបាត់បង់នាសម័យដើម ដោយសារសង្គ្រាម ការជីកកកាយរបស់ក្រុមទុច្ចរិក ឬ ដោយគ្រោះធម្មជាតិ ហើយត្រូវបានសារមន្ទីរហ្គីមេ នៃសាធារណរដ្ឋបារាំង បានធ្វើការចងក្រងទុកជាឯកសារ ក្នុងសិក្សាស្រាវជ្រាវ និង ស្វែងរកនូវវត្ថុបុរាណដែលបានបាត់បង់ទាំងនោះ ដែលជាសម្បត្តិរបស់មនុស្សជាតិ និង បានបាត់បង់ពីប្រាង្គប្រាសាទនានានៅកម្ពុជា នាសម័យនោះ ក៏ដូចបច្ចុប្បន្ននេះផងដែរ៕
Tag:
អភិរក្សដ្ឋានអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com