ជាតិ
រថយន្ត
សុវត្តិភាព ចរាចរណ៍
គ្រោះថ្នាក់​ចរាចរណ៍​ឆក់យក​ជីវិត​មនុស្ស ១៤៣​នាក់ ក្នុង​រយៈពេល​២៥​ថ្ងៃ នៃ​ខែកុម្ភៈ​
26, Feb 2018 , 7:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ របាយការណ៍​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា​រយៈពេល ២៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២៥ ខែកុម្ភៈ នេះ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ទូទាំងប្រទេស​ចំនួន ២៣២​លើក ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ១៤៣​នាក់​ស្លាប់ និង​ជាង​៣៦០​នាក់​របួស​។​



​ចំនួន​គ្រោះថ្នាក់​សរុប បាន​ថយចុះ ៨​លើក ស្មើនឹង ៨​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ខែមករា ឆ្នាំ​២០១៨ ប៉ុន្តែ​អ្នកស្លាប់​កើន ៩​នាក់ ស្មើនឹង​៧​ភាគរយ ខណៈ​អ្នករបួស​កើនឡើង ៤២​នាក់ ស្មើនឹង ១០​ភាគរយ​។ នេះ​តាម​របាយការណ៍​ដដែល ដោយបាន​បញ្ជាក់​ពី​មូល​ហេតុថា បណ្ដាលមកពី បើកបរ​លើស​ល្បឿន​កំណត់ ស្រវឹង វ៉ា​ជែង បត់​ឆ្វេង​-​ស្ដាំ បើកបរ​មិន​ប្រកាន់​ស្ដាំ មិន​គោរព​សិទ្ធិ​អាទិភាព​គ្នា ងងុយដេក និង​កត្តា​យានយន្ត​។

​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃទី​២៥ កុម្ភៈ ២០១៨ គិតពី​ម៉ោង​១៤ ថ្ងៃទី​២៤ កុម្ភៈ ដល់​ម៉ោង​១៤ ថ្ងៃទី​២៥ កុម្ភៈ ២០១៨ រួមមាន ៖ មធ្យោបាយ​ចូល​គោលដៅ ២១២១ គ្រឿង (​ម៉ូតូ​៦០%) , មធ្យោបាយ​ល្មើស ២៨៧ គ្រឿង (​ម៉ូតូ​៦៨%) ,​អប់រំ ១៦១​គ្រឿង ស្មើរ​៥៦% , ពិន័យ ១២៦ គ្រឿង (​បង់ប្រាក់​៩៧%) ។

​រីឯ​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​រយៈពេល ១៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​១​ដល់​១៦ ខែកុម្ភៈ​នេះ មធ្យោបាយ​ចូល​គោលដៅ​មាន ៦២,២៦៩​គ្រឿង ក្នុងនេះ​ម៉ូតូ ៥៦​ភាគរយ និង​មធ្យោបាយ​ល្មើស ៨,៥៨០​គ្រឿង ក្នុងនេះ​ម៉ូត ៧១​ភាគរយ ហើយ​និង​អប់រំ ៩,៩៨១​គ្រឿង ក្នុងនេះ​ម៉ូតូ ៥៨​ភាគរយ ចំពោះ​មធ្យោបាយ​ពិន័យ ៣៥៩៩​គ្រឿង ក្នុងនេះ​ម៉ូតូ ៨៨​ភាគរយ​។​
 
​ចំណែក​ការត្រួតពិនិត្យ​យានយន្ត​នៅ​រាជធានី​ភ្នំពេញ រយៈពេល ១៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​១​ដល់​១៦ ខែកុម្ភៈ​នេះ ឃាត់​យានយន្ត​សរុប​ចំនួន ៧,៤៤៤​គ្រឿង ក្នុង​ចំនួន​នេះដែរ ជិះ​ម៉ូតូ​បញ្ច្រាស ១៩១២​គ្រឿង​ចំនួន​នេះ ពិន័យ​រួច ១៣១៨​គ្រឿង និង​មិនទាន់​ពិន័យ ៥៩៤​គ្រឿង និង​មិន​ពាក់មួក​សុវត្ថិភាព ៤៩៦៩​គ្រឿង ចំនួន​នេះ​ពិន័យ​រួច ២៧៤០​គ្រឿង និង​មិនទាន់​ពិន័យ ២២២៩​គ្រឿង ហើយ​និង​ម៉ូតូ​គ្មាន​ស្លាក​លេខ ៧៧​គ្រឿង ពិន័យ​រួច ៥៦​គ្រឿង និង​មិនទាន់​ពិន័យ ២១​គ្រឿង​។​
 
​ចំពោះ​ការត្រួតពិនិត្យ​រថយន្ត​ធុន​ធ្ងន់ នៅតាម​រាជធានី​-​ខេត្ត រយៈពេល ៧​ថ្ងៃ ចាប់ពី​ថ្ងៃទី​១០ ដល់​១៦ ខែកុម្ភៈ នេះ មាន​ចំនួន ១៥,៩៨៩​គ្រឿង ក្នុង​ចំនួន​នេះ រថយន្ដ​ល្មើស ១,១០៦​គ្រឿង និង​កាត់​ទ្រុង​ត​នៅនឹងកន្លែង ៥៩៨​គ្រឿង ហើយ​និង​ល្មើស​ឯកសារ ៣២៥​គ្រឿង​៕


Tag:
 គ្រោះថ្នាក់​ចរាចរណ៍​-​ស្លាប់​
 ​យានយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com