ជាតិ
កម្ពុជា​ស្នើ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ធានា​ដល់​កិត្តិយស​សម្ដេច ហ៊ុន សែន
27, Feb 2018 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ ជាថ្មី​ម្ដងទៀត ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ប្រកាស​ថ្កោលទោស​សកម្មភាព​ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស ដែល​ដុត​រូប​ទីងមោង​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ក្រសួងការបរទេស កំពុង​ចរចា​ការទូត​ជាមួយ​ប្រទេស​អូស្ត្រាលី ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។​



​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ​លើទឹក​ដី​អូស្ត្រាលី បាននាំគ្នា​ដុត​រូប​ទីងមោង​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បង្ហាញ​ក្តី​មិន​ពេញចិត្ត​ចំពោះ​ការដឹកនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​។ សកម្មភាព​របស់​ពល​រដ្ឋ​ទាំងនោះ ត្រូវបាន​ក្រសួងការបរទេស​កម្ពុ​ជា ចាត់ទុកជា​សកម្មភាព​ខុសឆ្គង​ខាង​សីលធម៌ ប្រមាថ​ដល់​កិត្តិយស​ប្រមុខ​រដ្ឋាភិបាល និង​ជាន់ពន្លិច​ជាតិ​សាសន៍​ខ្លួនឯង​។ អ្នកនាំពាក្យ​ក្រសួងការបរទេស លោក ជុំ សុន្ទរី បាន​និយាយថា ក្រសួង​កំពុង​ចរចា​ការទូត​ជាមួយ​ភាគី​អូស្ត្រាលី ដើម្បី​ឲ្យ​ធានា​ដល់​កិត្តិយស​សម្ដេច ហ៊ុន សែន ដែល​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​-​អូស្ត្រាលី ក្នុង​ខែមីនា ខាងមុខនេះ​។​

​ថ្លែង​ក្រោយពី​ចុះហត្ថលេខា​រវាង​រដ្ឋាភិបាល​និង​ប្រធាន​មជ្ឈមណ្ឌល​កម្ចាត់មីន​អាស៊ាន​នៅ​ព្រឹក​ថ្ងៃទី​២៧ កុម្ភៈ អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក ជុំ សុន្ទរី បានបញ្ជាក់​ដូច្នេះ​ថា​៖ បញ្ហា​នេះ​ក្រសួងការបរទេស ចាត់ទុកជា​សកម្មភាព​មួយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ថ្នាក់ដឹកនាំ​កំពូល​កម្ពុជា ។ ហើយ​ក្រសួងការបរទេស សុំ​ធ្វើការ​ថ្កោលទោស​ចំពោះ​ករណីនេះ​។ ហើយ​សូមជម្រាបថា នៅពេលនេះ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កំពុង​សម្របសម្រួល​តា​ម​ផ្លូវ​ការទូត​ជាមួយ​ប្រទេស​អូស្ត្រាលី ដើម្បី​ធានា​ឲ្យ​មាន​ការគោរព ចំពោះ​កិត្តិយស និង​ភាពថ្លៃថ្នូរ​របស់​ថ្នាក់ដឹកនាំ​កម្ពុជា​»​។​

​តែ​យ៉ាងណា​លោក ជុំ សុន្ទរី មិនទាន់​អាច​បញ្ជាក់​ពី​ការ​លក្ខខណ្ឌ ដែល​រដ្ឋាភិបាល​អូស្ត្រាលី ត្រូវ​ធានា​សុវត្ថិភាព និង​កិត្តិយស ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ដែល​នឹងមាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ នាទី​ក្រុង​ស៊ីដនី នោះឡើយ​។

​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួម​កិច្ចប្រជុំ​ពិសេស​អូស្ត្រាលី​-​អាស៊ាន នៅ​ថ្ងៃទី​១៧-១៨ មីនា​ខាងមុខនេះ​។ មុននឹង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ សម្ដេច ហ៊ុន សែន ដឹងខ្លួន​ច្បាស់​ថា ប្រាកដ​ជាមាន​ក្រុមប្រឆាំង​រដ្ឋាភិបាល នឹង​ចេញមក​បាតុកម្ម​តវ៉ា​ចំពោះ​វត្តមាន​សម្ដេច នៅលើ​ទឹកដី​អូស្ត្រាលី​។​

​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​ជាង​១​ម៉ឺន​នាក់​នៅ​តំបន់​វត្ត​ទឹកថ្លា កាលពី​ថ្ងៃ​២១ កុម្ភៈ នាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់​មិន​ព្រួយបារម្ភ​ពី​ក្រុមអ្នកតវ៉ា ប្រឆាំង​វត្តមាន​សម្ដេច​ឡើយ ព្រោះ​សម្ដេច​យល់ថា វា​ជាការ​សម្ដែង​អារម្មណ៍ និង​មតិ​របស់​ក្រុម​អ្នក​មិន​គាំទ្រ​រដ្ឋាភិបាល​។ ប៉ុន្តែ​អ្វីដែល​ប្រមុខ​រដ្ឋាភិបាល មិន​ចង់ឃើញ​នោះ គឺ​ការតវ៉ា​ដោយ​ដុត​រូបភាព​សម្ដេច នៅ​ទីធ្លា​សាធារណៈ ព្រោះ​វា​ជា​រឿង​អ​បិ​យ​ជំនឿ​មិនល្អ​របស់​ខ្មែរ​។ នាយករដ្ឋមន្ត្រី ព្រមាន​ចាត់វិធានការ​លើ​អ្នក​តវ៉ា​ដុត​រូប​សម្ដេច​ផងដែរ​។​

​ប៉ុន្តែ​ការព្រមាន​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ បែរជា​ទទួល​បានការ​ចំអក​ពី​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​ក្នុងប្រទេស​អូស្ត្រាលី អាមេរិក និង​កាណាដា ជាដើម ។ ពួកគេ​ទាំងនោះ បាន​ប្រើ​រូប​ទីងមោង​សម្ដេច ហ៊ុន សែន ចង់​ជាប់​ខ្សែ​អូស​នៅលើ​ដី ឬ​ឆ្នេរសមុទ្រ អម​ជាមួយ​សំឡេង​ស្រែក​រិះគន់​ចំពោះ​ការដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា មុននឹង​ពួកគេ​ប្រើ​ភ្លើង​ដុត​រូប​ទីងមោង​នោះ​។ នេះ​បើតាម​វីដេអូ ដែល​បាន​បង្ហោះ​នៅលើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​៕



Tag:
 ជុំ សុន្ទរី
 ​ហ៊ុន សែន​
  អូស្ត្រាលី​
 ​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com