ជាតិ
សម្ដេច ហ៊ុន សែន ចំអក​ឲ្យ​អ្នក​ដុត​រូប​ទីងមោង​សម្ដេច ប្ដូរ​ទៅ​ដុត​រូប​នាគ​វិញ​
28, Feb 2018 , 9:32 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំអក​ឲ្យ​អ្នក​ដុត​រូប​ទីងមោង​សម្ដេច​ថា ជា​ទង្វើរ​គ្មាន​ប្រយោជន៍ និង​គ្មាន​ប្រសិទ្ធិភាព​អ្វី​ប៉ះពាល់​ដល់​រាសី​សម្ដេច​ឡើយ​។ សម្ដេច ហ៊ុន សែន បាន​និយាយថា ការដុត​រូប​ទីងមោង​នេះ «​មិនអាច​ឲ្យ​សម្ដេច​ស្លាប់​»​នោះទេ ។



ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ ១៧,៨២៨​នាក់ មកពី​រោងចក្រ​សហគ្រាស​ចំនួន​៨ នៅ​ខេត្តកំពង់ស្ពឺ ប្រមុខ​រដ្ឋាភិបាល បាន​និយាយ​ដូច្នេះ​ថា​៖«​«​ប៉ុន្មាន​ថ្ងៃនេះ សុំ​ផ្ដាំ​ទៅ​អ្នក​ដុត​រូប ហ៊ុន សែន របៀបនេះ ដុត​អត់​ត្រូវ​សោះ គឺ​ដុត​ខុស​ហើយ​។ បើ​ចង់​ដុត​រូប ហ៊ុន សែន ដើម្បី​ឲ្យ ហ៊ុន សែន ស្លាប់ មាន​វិធី​តែមួយ​ទេ សុំ​ប្រាប់​ដោយសារ ហ៊ុន សែន កើត​ឆ្នាំរោង គឺ​សត្វ​នាគ ដូច្នេះ​ត្រូវ​ដុត​រូប​នាគ​ទាំងអស់ គឺ​ងាប់ ហ៊ុន សែន ហើយ​។ ដុត​ត្រឹម​រូបថត​នេះ អត់​មាន​បញ្ហា​ដល់ ហ៊ុន សែន ទេ ហើយ​ដុត​រូប​នាគ​ទៀតសោត គឺ​ដុត​រូប​នាគ​នៅតាម​វត្ត​​»​។​

​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេសមួយ​ចំនួន រួមមាន អាមេរិក កាណាដា និង​អូស្ត្រាលី បាននាំគ្នា​ដុត​រូប​ទីងមោង​សម្ដេច ហ៊ុន សែន ដើម្បី​បង្ហាញ​ពី​ការមិន​ពេញចិត្ត​ចំពោះ​ការដឹកនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​។ សកម្មភាព​របស់​ពល​រដ្ឋ​ខ្មែរ​ទាំងនោះ ធ្វើឡើង​ក្រោយពី​សម្ដេច ហ៊ុន សែន ប្រកាស​ហាម​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី ដុត​រូប​ទីងមោង​សម្ដេច នៅពេល​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​-​អូស្ត្រាលី ខាងមុខនេះ​។​

​ទាក់ទង​នឹង​បញ្ហា​នេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កំពុង​ចរចា​ការទូត​ជាមួយ​ប្រទេស​អូស្ត្រាលី ដើម្បី​ឲ្យ​មានការ​ធានា​កិត្តិយស​សម្ដេច ហ៊ុន សែន នៅក្នុង​កិច្ចប្រជុំ​នោះ​ផងដែរ​៕



Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com