ជាតិ
រដ្ឋាភិបាល បង្ហើបថាកម្ពុជានាំចូលអាវុធរាប់តោន ដើម្បីពង្រឹងសមត្ថភាពយោធា
× ភ្នំពេញ៖ សព្វាវុធរាប់តោន ត្រូវបានដឹកជញ្ជូនមកដល់កម្ពុជា កាលពីយប់ថ្ងៃទី២៧ កុម្ភៈ។ ព័ត៌មាននេះត្រូវបានបង្ហើបដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រជាង១ម៉ឺននាក់ នៅក្នុងខេត្តកំពង់ស្ពឺ។
សម្ដេច ហ៊ុន សែន បាននិយាយដោយប្រយោលថា ទំនិញពិសេស(សព្វាវុធ)ទាំងនោះ ត្រូវបានរក្សាទុកនៅក្នុងក្រសួងការពារជាតិ ដោយសម្ដេច ទៀ បាញ់ ជាអ្នកទទួលខុសត្រូវ។ បើតាមសម្ដេច ហ៊ុន សែន សព្វាវុធនោះ គឺយកមកពង្រឹងសមត្ថភាពយោធាប៉ុណ្ណោះ។
ប្រមុខរដ្ឋាភិបាល បានព្រលយយ៉ាងដូច្នេះថា៖«យប់មិញ (២៧ កុម្ភៈ) ទំនិញពិសេស(សព្វាវុធ)របស់យើងបានមកដល់។ ទំនិញពិសេសនេះ មិនអាចឲ្យអ្នកណាដឹងថា ជាអ្វីទេ តែក៏មិនមែនគ្រឿងញៀនទេ ព្រោះដឹកសុទ្ធតែកុងតឺន័រ ប៉ុន្មានពាន់តោន ចូលដល់ម៉ឺនតោននោះ។ ប៉ុន្តែប្រទេសមួយត្រូវមានមធ្យោបាយការពារជាតិរបស់ខ្លួន ហើយសម្ដេច ទៀ បាញ់ បានធ្វើលើកិច្ចការងារនេះ (អ្នកទទួលខុសត្រូវ)។ ខ្ញុំនិយាយប៉ុណ្ណេះប្រហែលអាចមានអ្នកដឹង ព្រោះរដ្ឋមន្ត្រីការពារជាតិ គាត់មិនដែលទៅដឹកផ្កា ចូលកម្ពុជាទេ»។
តែយ៉ាងណាសម្ដេច ហ៊ុន សែន មិនបានបញ្ជាក់ថា តើសព្វាវុធទាំងនោះ មានប្រភេទអ្វីខ្លះ ហើយនាំចូលមកពីប្រទេសណានោះទេ។
ជាការកត់សម្គាល់ កម្ពុជា -ចិន នឹងធ្វើសមយុទ្ធ«លំហាត់យោធានាគមាស» រួមគ្នានៅខែមីនាខាងមុខ ដើម្បីអបអរអនុស្សាវរីយ៍លើកទី៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ សមយុទ្ធទ្រង់ទ្រាយធំនោះ ភាគច្រើនផ្តោតទៅលើការប្រឆាំងភេរវកម្ម និងសង្គ្រោះបន្ទាន់ ។
សមយុទ្ធ«លំហាត់យោធានាគមាស» នឹងផ្ដោតលើវិញ្ញាសាររាវមីន និងកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការដោះគ្រាប់បែកសារធាតុគីមីពុល ការបន្សាបជាតិគីមីពុល ការប្រយុទ្ធរបស់កងអនុសេនាធំរថក្រោះ សហការជាមួយវរសេនាតូចថ្មើរជើង ការរំដោះចំណាប់ខ្មាំង និងការងារមនុស្សធម៌ និងបាញ់គ្រាប់ពិតជាដើម។ នេះបើតាមលោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ៕
© រក្សាសិទ្ធិដោយ thmeythmey.com