ជាតិ
កម្ពុជា បាត់​ចំណូល​ជាង​២០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដោយសារ​ពលករ​ខុសច្បាប់​មក​ធ្វើ​ការងារ​នៅ​កម្ពុជា​
28, Feb 2018 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កម្ពុជា បាត់បង់​ចំណូល​ជាង​២០​លាន​ដុល្លារ ដោយសារ​ពលករ​ខុសច្បាប់​មក​រស់នៅ និង​ធ្វើ​ការងារ​ក្នុងប្រទេស​កម្ពុជា​។ នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​



​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង បាន​និយាយថា រដ្ឋាភិបាល​នឹង​ទប់ស្កាត់​ពលករ​បរទេស​ខុសច្បាប់ ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ការពារ​ផលប្រយោជន៍ និង​ចំណូល​ថវិកាជាតិ​។ សម្ដេច ស ខេង បានស្នើ​ឲ្យ​ម្ចាស់​រោងចក្រ និង​សហគ្រាស​ទាំងអស់ សហការ​ជាមួយ​អាជ្ញាធរ​ផ្ដល់ព័ត៌មាន​ពី​ពលករ​បរទេស ដែល​បម្រើ​ការងារ​នៅ​កម្ពុជា ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​សមត្ថ​កិច្ច​គ្រប់គ្រង​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​។



​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​របស់​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ដូច្នេះ​ថា​៖« រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​មាន​ជនបរទេស​ធ្វើការ​នៅ​កម្ពុជា ដោយ​មិន​ស្របច្បាប់​ទៀត​នោះឡើយ​។ ហើយ​បើ​នៅតែ​បន្តទៀត នឹង​នាំ​ឲ្យ​បាត់បង់​ដល់​ចំណូល​ថវិកាជាតិ និង​បាត់បង់​ឱកាស​ការងារ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ។ ក្នុង​១​ឆ្នាំៗ កម្ពុជា​បាត់​ចំណូល​ជាង​២០​លាន​ដុល្លារ ពី​ការ​គេចវេះ​បង់ពន្ធ​របស់​ពលករ​បរទេស ដែល​មក​ធ្វើ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​»​។​

​បន្ថែម​ពីនេះ​សម្តេច ស ខេង បាន​ក្រើន​រំលឹកថា ជនអន្តោប្រវេសន៍ និង​ពលករ​បរទេស ដែល​មក​ស្នាក់នៅ និង​បម្រើការ​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវតែ​អនុវត្ត​ទៅតាម​គោលការណ៍​ច្បាប់ បើ​ពុំ​ដូច្នោះ​ទេ នឹងត្រូវ​ពិន័យ​ជា​ប្រាក់​ទ្វេគុណ ឬ​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​តែម្តង ។ បើតាម​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក្នុងចំណោម​ជនបរទេស​អន្តោប្រវេសន៍​ជាង​១៦​ម៉ឺន​នាក់ ដែល​មក​ស្នាក់នៅ​និង​ធ្វើការ​នៅ​កម្ពុជា គឺ​មានតែ​ប្រមាណ​៥​ម៉ឺន​៧​ពាន់​នាក់​ប៉ុណ្ណោះ ដែលមាន​ប័ណ្ណ​ការងារ​ស្របច្បាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ បាន​និយាយថា អគ្គនាយកដ្ឋាន បាន​បង្កើន​សមត្ថភាព​គ្រប់គ្រង​ជនបរទេស​ខុសច្បាប់​ក្នុងប្រទេស​កម្ពុជា តាមរយៈ​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន ដើម្បី​តម្លើង​ប្រព័ន្ធគ្រប់គ្រង​ព្រំដែន (Cambodia Border Management System) និង​គ្រប់​ច្រកទ្វារ​អន្តរជាតិ​ទាំង ២៤​ប៉ុស្តិ៍ ដែល​អាច​រក្សា​ព័ត៌មាន​សម្ងាត់ ការពារ​សន្តិសុខ និង​ផលប្រយោជន៍​ជាតិ ។​



​យោងតាម​របាយការណ៍​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ជនបរទេស​អន្តោប្រវេសន៍​សរុប​ចំនួន​៤៦.៧៧៦​គ្រួសារ (១៧៦.៨១២​នាក់​) ដែល​កំពុង​រស់នៅ​ប្រទេស​កម្ពុជា ដោយ​ក្នុងនោះ​ជនបរទេស​បែប​អន្តោប្រវេសន៍​ចំនួន​៥​សញ្ជាតិ កាន់កាប់​ប្រើប្រាស់​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី មាន​ចំនួន​២០.២១៨​គ្រួសារ (៧៣.៣៩៧​នាក់​)​។​

​របាយការណ៍​បាន​បង្ហាញថា នៅ​ឆ្នាំ​២០១៧ ជនបរទេស​១៧៧១​នាក់​(៣៧ សញ្ជាតិ​) បាន​ប្រព្រឹត្ត​បទល្មើស​ក្នុងប្រទេស​កម្ពុជា ចំនួន ៣៧៦​លើក  ។ បើតាម​របាយការណ៍​ដ​ដែល ជនបរទេស​ប្រព្រឹត្ត​បទល្មើស កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ នៅ​ទូទាំងប្រទេស​កម្ពុជា មាន​ចំនួន​សរុប ១១៣០​នាក់ ( ស្ត្រី ២៦៥ នាក់ ) មាន​ចំនួន​៤៦​សញ្ជាតិ ៕


Tag:
 ស ខេង​
  ពលករ
© រក្សាសិទ្ធិដោយ thmeythmey.com