ជាតិ
ជនបរទេស​ជាង ១​ពាន់​នាក់ កំពុង​ជាប់ឃុំ​នៅ​កម្ពុជា ដោយសារ​បទល្មើស​ផ្សេងៗ​
01, Mar 2018 , 9:19 am        
រូបភាព
រូបភាព៖ សកម្មភាពសមត្ថកិច្ចចាប់ជនបរទេសខុសច្បាប់នៅកម្ពុជានាពេលកន្លងមក
រូបភាព៖ សកម្មភាពសមត្ថកិច្ចចាប់ជនបរទេសខុសច្បាប់នៅកម្ពុជានាពេលកន្លងមក
ដោយ:
​ភ្នំពេញៈ  ដោយ​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២0១៧ ជនបរទេស ១១៣០​នាក់ (​ស្ត្រី​២៦៥​នាក់​) មាន​៤៦​សញ្ជាតិ កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ នៅ​ប្រទេស​កម្ពុជា  ដោយសារតែ​បាន​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​។ នេះ​បើតាម​របាយការណ៍​រប​ស់អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ ដែល​ត្រូវបាន​ចុះផ្សាយ​ដោយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។



​បើតាម​អគ្គស្នងការ​នគរបាល​ជាតិ​ដដែល សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​បន្ដ​នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ កាលពី​រសៀល​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២0១៨ ថា រដ្ឋាភិបាល មិន​អនុញ្ញាត​ឲ្យ​មាន​ជនបរទេស ធ្វើការ​នៅ​កម្ពុជា ដោយ​មិន​ស្របច្បាប់​ទៀតឡើយ​។ សម្តេច បន្តថា បើ​នៅតែ​បន្តទៀត នឹង​នាំ​ឲ្យ​បាត់បង់​ដល់​ចំណូល​ថវិកាជាតិ និង​បាត់បង់​ឱកាស​ការងារ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។​

​សម្តេច ស ខេង លើកឡើងថា ក្នុងចំណោម​ជនបរទេស​អន្តោប្រវេសន៍​ជាង ១៦​ម៉ឺន​នាក់ ដែល​មក​ស្នាក់នៅ និង​ធ្វើការ​នៅ​កម្ពុជា គឺ​មានតែ​ប្រមាណ ៥​ម៉ឺន​៧​ពាន់​នាក់​ប៉ុណ្ណោះ ដែលមាន​ប័ណ្ណ​ការងារ​ស្របច្បាប់​។ អគ្គស្នងការ​នគរបាល​ជាតិ ស្រង់​ប្រសាសន៍​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​រូបនេះ មក​ចុះផ្សាយ​យ៉ាង​ដូច្នេះ​ថា​៖«​ក្នុង​មួយឆ្នាំៗ កម្ពុជា​បាន​បាត់​ចំណូល​ជាង ២០​លាន​ដុល្លារ ពី​ការ​គេចវេស​បង់ពន្ធ​របស់​ពលករ​បរទេស ដែល​មក​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា​។ ជនបរទេស​អន្តោប្រវេសន៍ និង​ពលករ​បរទេស ដែល​មក​ស្នាក់នៅ ហើយ​បម្រើការ​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវតែ​អនុវត្ត ទៅតាម​គោលការណ៍​ច្បាប់ ដែល​បានកំណត់ បើ​ពុំ​ដូច្នោះ​ទេ នឹងត្រូវ​ពិន័យ​ជា​ប្រាក់​ទ្វេគុណ ឬ​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​តែម្តង​»៕


Tag:
 ជនបរទេស​
 ​បទល្មើស​
 ​ពន្ធនាគារ​
 ​ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com