ជាតិ
ក្រុង​សៀមរាប​ទទួលបាន​ជ័យលាភី​ផ្ការំដួល​៣​ទង​ជា​លើក​ទី​២
01, Mar 2018 , 10:22 am        
រូបភាព
«លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ឡើងទទួលជ័យលាភី ផ្ការំដួល៣ទង ពីសម្តេច ហ៊ុន នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨»
«លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ឡើងទទួលជ័យលាភី ផ្ការំដួល៣ទង ពីសម្តេច ហ៊ុន នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨»
​សៀមរាប​៖ ជាថ្មី​ម្តងទៀត ទីក្រុង​សៀមរាប​បាន​បន្ត​គ្រង​តំណែង​ជ័យលាភី​ទីក្រុង​ស្អាត «​ផ្ការំដួល​៣​ទង​» ពី​រាជរដ្ឋាភិបាល​។ នេះ​ជា​លើក​ទី​២​ហើយ ដែល​កាល​ឆ្នាំ​២០១៥ ខេត្ត​ទេសចរណ៍​មួយ​នេះ ជាប់​ឈ្មោះ​ជាទី​ក្រុង​ស្អាត​រំដួល​៣​ទង​។



​បន្ទាប់ពី​ទទួល​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​ឆ្នាំ​២០១៨-២០២០ ពី​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន នៅ​ទីក្រុង​ឈៀង​ម៉ៃ ប្រទេស​ថៃ​រួចមក នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ទីក្រុង​សៀមរាប​បានទទួល​ជ័យលាភី​ទីក្រុង​ស្អាត​ពី​រាជរដ្ឋាភិបាល «​ផ្ការំដួល​៣​ទង​» មួយទៀត ក្នុង​ទិវា​ទីក្រុង​ស្អាត​ក្រោម​ប្រធានបទ «​ទីក្រុង​ស្អាត​ដើម្បី​ទាំងអស់គ្នា និង​ពិធី​ចែក​ជ័យលាភី​ទីក្រុង​ស្អាត​លើក​ទី​២ នៅ​សណ្ឋាគារ​រ៉េស៊ីដង់ សុខា​ភ្នំពេញ​»​។  ជ័យលាភី​រំដួល​៣​ទង ដែល​ក្រុង​សៀមរាប​ទទួលបាន​នៅ​ឆ្នាំនេះ ស្ថិតក្នុង​លំដាប់​ពិន្ទុ ៦៣ គឺ​កើនឡើង​ជាង​លើក​ទី​១ ចំនួន​៣​ពិន្ទុ​។​



​អភិបាលក្រុង​សៀមរាប លោក សូរ ប្លា​តុង បាន​ថ្លែង​ទាំង​ក្តី​មោទន​ថា ជ័យលាភី​នេះ​ជា​លទ្ធផល​នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរ​ពាក់ព័ន្ធ ក្នុង​រយៈពេល​ពេញ​៣​ឆ្នាំកន្លងមក​។ អ្វីដែល​លោក​អភិបាល​មើលឃើញ​នោះ ដូចជា​កំណើន​ភ្ញៀវទេសចរ​ជាង​៥​លាន​នាក់​ជា​រៀងរាល់ឆ្នាំ​ជាដើម​។

​តាមរយៈ​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នៅ​ព្រឹក​ថ្ងៃទី​១ ខែមីនា ពេល​កំពុង​ចុះ​រៀបចំ​សណ្តាប់​ធ្លាប់​ក្នុង​ក្រុង​ផង​នោះ លោក​អភិបាល​ថ្លែងថា យើង​មិន​ត្រូវមាន​មោទនភាព​ចំពោះ​ជ័យលាភី​នេះ ដោយ​ភ្លេច​បន្តធ្វើ​ការងារ​នោះឡើយ​។ លោក​បញ្ជាក់ថា នឹងមិន​ទម្លាក់​ដៃ​ឡើយ គឺ​នឹង​រក្សា​ជ័យលាភី​ខាងលើ និង​បង្កើន​ពិន្ទុ​ឱ្យ​ខ្ពស់ជាង​លើក​មុនៗ​ទៀត​។ លំដាប់​ពិន្ទុ​ពេញ​សម្រាប់​ជ័យលាភី​ទីក្រុង​ស្អាត​រំដួល​៣​ទង គឺ​៧៧​ពិន្ទុ​។​

​បែបនេះ​ក្តី បញ្ហា​ដែល​លោក សូរ ប្លា​តុង លើកឡើង និង​ថា​កំពុង​មមាញឹក​ធ្វើ​មិន​ទម្លាក់​ដៃ​ដើម្បី​ទីក្រុង​សៀមរាប ដូចជា​ពង្រឹង​ផ្នែក​សន្តិសុខ សុវត្ថិភាព បញ្ហា​បរិស្ថាន និង​សណ្តាប់ធ្នាប់​។ លោក​ថ្លែងថា​៖« ដៃ​ម្ខាង​យើង​ទទួលពាន ដៃ​ម្ខាង​យើង​កំពុង​ធ្វើ​»​។ ក្រៅពី​បញ្ហា​ទាំងអស់នេះ លោក​អភិបាល​បន្ថែមថា ឆ្នាំ​ទៅមុខ​នេះ ខេត្ត​មាន​គោលការណ៍​ស្ដារ និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង​មួយចំនួន ដូចជា​កែលម្អ​ផ្លូវ​ចំនួន ៥០​ខ្សែ​ជា​ផ្លូវ​កៅស៊ូ និង​ប៊េ​តុង​។ លោក​អភិបាល​ក៏បាន​អរគុណ​ដល់​ប្រតិបត្តិ​ករ​ណ៍​ទេសចរណ៍ និង​ប្រជាពលរដ្ឋ​គ្រប់រូប ដែល​បាន​ចូលរួម​ក្នុង​ការងារ​រៀបចំ​ក្រុង​នាពេល​កន្លងមក ដែល​ធ្វើឱ្យមាន​លទ្ធផល​ដូច​ពេលនេះ​៕


Tag:
 ​សៀមរាប​
  រំដួល​៣​ទង
© រក្សាសិទ្ធិដោយ thmeythmey.com