ជាតិ
សុវត្តិភាព ចរាចរណ៍
សមត្ថកិច្ច ចាប់ផ្តើម​ចាត់វិធានការ​លើ​អ្នកប្រើប្រាស់​ទូរ​សព្ទ ក្នុងពេល​បើកបរ​
01, Mar 2018 , 12:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អ្នក​ដែល​ប្រើប្រាស់​ទូរ​សព្ទ ក្នុងពេល​បើកបរ​រថ​យន្ត នឹងត្រូវ​សមត្ថកិច្ច​នាំយកទៅ​អប់រំ ហើយក៏​អាច​ត្រូវបាន​ពិន័យ​ផងដែរ​។ បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) ក្រសួង​ការ​សាធារណការ​និង​ដឹកជញ្ជូន បានចាប់ផ្តើម​យុទ្ធនាការ និង​ផ្សព្វផ្សាយ​ពី​បញ្ហា​នេះហើយ​។

 

AKP បាន​ចុះផ្សាយ​ពី​ការស្រាវជ្រាវ​របស់​អង្គការ​សុខភាព​ពិភពលោក​ថា អ្នក​កាន់ចង្កូត​យានយន្ត​នៅ​កម្ពុជា មាន​ជាង​៥០​ភាគរយ ដែល​ប្រើ​ទូរ​សព្ទ​ដៃ​ក្នុងពេល​បើកបរ​។ អ្នកបើកបរ​ខ្លះទៀត កាន់​ចំណី​ទទួលទាន និង​ប្រឡែង​គ្នា ជាដើម ក្នុងពេល​ពួកគេ កំពុង​បើកបរ​។ AKP បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ការសិក្សា​នេះ បាន​បង្ហាញថា យ៉ាងហោចណាស់ មាន​មនុស្ស​ម្នាក់ ក្នុងចំណោម​៤​នាក់ ដែល​ប្រើប្រាស់​ទូរស័ព្ទដៃ ក្នុងពេល​បើកបរ បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​»​។​

AKP បាន​ស្រង់​ប្រសាសន៍​របស់លោក​ស្រី មឹន មាណវី អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ទៅ​ចុះផ្សាយ​ថា ក្រុម​សមត្ថកិច្ច បាន​សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង យុវជន ដើម្បី​ចុះ​ធ្វើ​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​តាមផ្លូវ​សាធារណៈ ដល់​អ្នកបើកបរ​យាន​យន្ត​គ្រប់​ប្រភេទ អំពី​ការ​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​ការប្រើប្រាស់​ទូ​រ​សព្ទ​ដៃ ក្នុងពេល​បើកបរ​។ លោកស្រី បន្ថែមថា ការអនុវត្ត​នេះ អាច​នឹង​ឈានដល់​ចាប់​ពិន័យ​តាមច្បាប់​កំណត់ ចំពោះ​អ្នក​ដែល​ប្រើប្រាស់​ទូរ​សព្ទ ក្នុងពេល​បើកបរ​។​

​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក កំណត់ថា អ្នកបើកបរ​យានយន្ត ដែល​ប្រើប្រាស់​ទូរ​សព្ទ​ដៃ ត្រូវមាន​ឧបករណ៍​សំឡេង​ភ្ជាប់​ទំនាក់ទំនង (​កាស​ទូរស័ព្ទ​) នៅពេល​កំពុង​បើកបរ​៕


Tag:
 គ្រោះថ្នាក់​ចរាចរណ៍​
  អ្នកបើកបរ
© រក្សាសិទ្ធិដោយ thmeythmey.com