ជាតិ
អាល្លឺម៉ង់​ផ្តល់​ផ្លូវ​មួយ​ខ្សែ និង​ស្ពាន​មួយ​ដល់​កម្ពុជា​
01, Mar 2018 , 9:59 pm        
រូបភាព
រូបភាពផ្តល់ឲ្យដោយស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា
រូបភាពផ្តល់ឲ្យដោយស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា
ដោយ: ថ្មីៗ
​ផ្លូវ​មួយ​ខ្សែ និង​ស្ពាន​មួយ​ថ្មី​ទៀត​ជា​ជំនួយ​របស់​អាល្លឺម៉ង់​ស្ថិតនៅ​ភូមិ​ក្បាល​ជួរ ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ថ្ងៃ​ពុធ​ទី ២៨ ខែកុម្ភៈ​។  គិត​ទាំង​ផ្លូវ​ថ្មី​នេះ រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ជួយ​កសាង​ផ្លូវ​សម្រាប់​កម្ពុជា​សរុប​ទាំងអស់​ចំនួន ២៥០០ គីឡូម៉ែត្រ​ហើយ​។​



​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​ដែលមាន​ចម្ងាយ ១១,២ គីឡូម៉ែត្រ​និង​ស្ពាន​មួយ​មាន​ចម្ងាយ ២០ ម៉ែត្រ ស្ថិតនៅ​ភូមិ​ក្បាល​ជួរ ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ពុធ​ទី ២៨ ខែកុម្ភៈ​។ សមិទ្ធផល​ថ្មី​នេះ​ត្រូវបាន​កសាងឡើង​ក្រោម​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​កម្ពុជា ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ តាមរយៈ​ធនាគារ​អភិវឌ្ឍ​អាល្លឺម៉ង់ (KfW)​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា កម្មវិធី​បើក​ដំណើរ​នេះ​មានការ​ចូលរួម​ពី​សំណាក់​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​លោក Ingo Karsten និង​រដ្ឋមន្ត្រី​អភិវឌ្ឍន៍ជនបទ​លោក អ៊ុក រ៉ាប៊ុន ផងដែរ​។


ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជាលោក Ingo Karsten (រូបភាព៖ ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា)

​ទាក់ទិន​នឹង​សមិទ្ធផល​ថ្មី​នេះ ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​លោក Ingo Karsten បាន​ថ្លែង​ដូច្នេះ​ថា ៖«​បើ​កម្ពុជា​ចង់​សម្រេច​ជោគជ័យ​ក្នុងការ​លុបបំបាត់​ភាពក្រីក្រ យើង​មិនត្រូវ​ភ្លេច​សហគមន៍​ជនបទ​ឡើយ​។ យើង​ត្រូវបង្កើត​ទស្សនវិស័យ​សម្រាប់​ប្រជាជន​នៅ​ទីជនបទ ដោយ​ធានា​ឲ្យ​បាន​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ល្អប្រសើរ ប្រព័ន្ធ​សុខាភិបាល​ដែលមាន​គុណភាព និង​តម្លៃ​សមរម្យ ក៏ដូចជា​សាលារៀន និង​ការងារ​ដែរ​»​។

«​នេះ​ជា​មូល​ហេតុដែល​រដ្ឋាភិបាល​អាល្លឺម៉ង់​ជួយ​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​នៅ​ទីជនបទ​»​។ 

​រដ្ឋាភិបាល​អាល្លឺម៉ង់​បានរួម​ចំណែក​ច្រើន​ក្នុង​ការជួយជ្រោមជ្រែង​ការអភិវឌ្ឍ​នៅ​កម្ពុជា​តាមរយៈ​ការផ្តល់​ជំនួយ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​កន្លងមក​។ ដូច​ឃើញស្រាប់ មកដល់​បច្ចុប្បន្ន អាល្លឺម៉ង់​បាន​ចូលរួម​សាងសង់​ផ្លូវ​មាន​ចម្ងាយ​សរុប​ប្រហែល ២៥០០ គីឡូម៉ែត្រ ស្ពាន​ចំនួន ៨០ សាលារៀន ៤៨ ខ្នង និង​ផ្សារ​ចំនួន ១១ កន្លង​ផងដែរ​។
 
 សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​អាល្លឺម៉ង់  ក្នុង​វិស័យ​អភិវឌ្ឍន៍​នៅ កម្ពុជា បាន​ចូលរួមចំណែក​លើកកម្ពស់ ជីវភាព​ប្រជាជន​កម្ពុជា​ប្រហែល​ជាង ១​លាន​នាក់ ដែល​កំពុង​រស់នៅក្នុង​ទីជនបទ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ ចំណូល​ប្រជាជន​ក្នុង​តំបន់​ដែល​ស្ថិតក្រោម​គម្រោង​អភិវឌ្ឍ​នោះ​កើនឡើង​រហូតដល់ ៥០ ភាគរយ ហើយ​សមិទ្ធផល​ជា​ផ្លូវថ្នល់​នេះ​ក៏បាន​ជួយ​ឲ្យ​ការចំណាយ​លើ​ការដឹកជញ្ជូន​នោះ​ថយចុះ​រហូតដល់ ៥០ ភាគរយ​ផងដែរ​។

​សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​អាល្លឺម៉ង់ ជួយ​គាំទ្រ​កម្ពុជា ក្នុង​វិស័យ​អភិវឌ្ឍន៍ជនបទ  សុខាភិបាល​សាធារណៈ  ក៏ដូចជា​ទ្រទ្រង់​កំណែទម្រង់រដ្ឋបាល និង​វិមជ្ឈការ​។ ក្រៅពីនោះ រដ្ឋាភិបាល​អាល្លឺម៉ង់​ក៏បាន​ចូលរួមចំណែក​ក្នុង​ដំណើរការ​ផ្សះផ្សា និង​សន្តិភាព​នៅ​កម្ពុជា តាមរយៈ​ការគាំទ្រ​សាលាក្តី​ខ្មែរក្រហម និង អង្គការ​សង្គម​ស៊ីវិល​ផងដែរ​៕


Tag:
 ​អាល្លឺម៉ង់​
  កម្ពុជា​
  Ingo Karsten
  អ៊ុក រ៉ាប៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com