កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ផ្អាក​ជួសជុល Old Trafford ទុក​លុយ​ឲ្យ Mourinho ទិញ​កីឡាករ​រដូវ​កាល​ក្រោយ​
02, Mar 2018 , 8:59 am        
រូបភាព
​ក្លិប Manchester United បានដាក់​បម្រាម​លើ​ការជួសជុល​កីឡដ្ឋាន Old Trafford ដើម្បី​ផ្តល់ឱកាស​ដល់​ការចំណាយ​ដ៏​ច្រើន​សម្រាប់​អ្នកចាត់ការ​ទូទៅ​លោក Jose Mourinho ទិញ​ចូល​កីឡាករ​បន្ថែម​។ នេះ​បើតាម​ការផ្សាយ​របស់ DailyMail​។​



​គម្រោង​ស្នើរ​សុំ​ពង្រីក​កីឡដ្ឋាន Old Trafford ពី​៧៥០០០​កៅអី ទៅ ៨៨០០០​កៅអី ទំនងជា​ត្រូវ​ផ្អាក​វិញ​ដោយសារ​ក្លិប​បិសាច​ក្រហម​ទុក​ថវិកា​នោះ​ផ្តល់​ឲ្យ​អ្នកចាត់ការ​រហស្សនាម The Special One ដើម្បី​ចំណាយ​លើ​ការទិញ​កីឡាករ​ល្បីៗ​មក​ពង្រឹង​ក្រុម​នៅពេល​ទីផ្សារ​ដូរ​ដោះ​កីឡាករ​បើកទ្វារ​នៅ​រដូវ​កាល​ក្រោយ​។​

​ខណៈពេលដែល​សំណើរ​ត្រូវបាន​ពិនិត្យឡើងវិញ​នោះ ខាង​ផ្ទៃក្នុង​ក្លិប​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង Manchester មួយ​នេះ បាន​ប្រាប់ Sportsmail ថា​អាទិភាព​ផ្នែក​ហិរញ្ញវត្ថុ​នៅពេលនេះ​គឺ​ធានា​បានតែ​សម្រាប់​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៥៤​ឆ្នាំ ដើម្បី​យកទៅ​ជួសជុល​ក្រុម​ប៉ុណ្ណោះ មិនអាច​យកទៅ​ធ្វើ​អ្វី​ផ្សេង​បានទេ​។​



​អតីត​អ្នកចាត់ការ Chelsea និង Real Madrid លោក Mourinho បាន​ចំណាយ ៣០០​លាន​ផោន (​ជាង​៤១២​លាន​ដុល្លារ​) រូ​ច​ទៅហើយ​ចាប់តាំងពី​លោក​ឡើង​ដឹកនាំ Manchester United កាលពី​ខែឧសភា ឆ្នាំ​២០១៦​មក​។ យ៉ាងណាក៏ដោយ ការចំណាយ​ដ៏​ច្រើន​នេះ នៅ​មិនទាន់​បំពេញ​ចន្លោះ​ខ្វះខាត​របស់​ក្រុម​ទាំងមូល​នៅឡើយ​ទេ ដោយ​ត្រូវកា​ប្រាក់​ជាច្រើន​ទៀត​ដើម្បី​នាំចូល​កីឡាករ​ល្អៗ​បន្ថែម​។​

​ក្រុម​ម្ចាស់​ជើង​ឯង​លី​ក​កំពូល​អង់គ្លេស ២០​សម័យ កំពុង​ដេញ​ពិន្ទុ Manchester City ក្រុម​កំពុង​នាំមុខគេ​ក្នុង​តារាង Premier League រហូតដល់ ១៣​ពិន្ទុ ខណៈ​សល់​១០​ប្រកួត​ទៀត​នឹងត្រូវ​បញ្ចប់​។ ប៉ុន្តែ Man Utd  នៅសល់​កៅអី​ប្រជែង​ពានរង្វាន់ Champions League និង FA Cup ទៀត​សម្រាប់​រដូវ​កាល​នេះ​៕


Tag:
 បាល់ទាត់​
  Manchester United
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com