ជាតិ
ប្រមុខ​ទូត​កម្ពុជា​៖ អធិបតេយ្យ​ជាតិ រង​ការ​គំរាម​ពី​បរទេស ដូច្នេះ​យើង​ត្រូវ​តស៊ូ ដើម្បី​ការពារ​ខ្លួន​»
02, Mar 2018 , 9:39 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ធ្វើជាអធិបតីក្នុងសន្និបាតបូកសរុបការងារឆ្នាំ២0១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២0១៨។ រូបពីក្រសួងការបរទេស
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ធ្វើជាអធិបតីក្នុងសន្និបាតបូកសរុបការងារឆ្នាំ២0១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២0១៨។ រូបពីក្រសួងការបរទេស
​ភ្នំពេញ​៖ ការ​លូក​មាត់​លូ​កក​របស់​សហគមន៍​អន្តរជាតិ ត្រូវបាន​រដ្ឋមន្ត្រីក្រសួង​ការបរទេស​កម្ពុជា ចាត់ទុកថា ជា​ទង្វើ​នៃ​ការជ្រៀតជ្រែក និង​ការគំរាមកំហែង​មកលើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា​។ ប្រមុខ​ការទូត​កម្ពុជា ជំរុញ​ឲ្យ​មាន​ការតស៊ូ​រួមគ្នា ដើម្បី​ការពារ​សិទ្ធិ​សម្រេច​និង​អធិបតេយ្យ​របស់​ជាតិ​។

 


​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា បាន​ឡើង​អាន​សុ​ទ្ទរ​កថា ដែលមាន​កម្រាស់​ដល់​ទៅ​១៣​ទំព័រ ក្នុង​ពិធី​បើក​សន្និត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២0១៧ និង​លើក​ទិសដៅ​ការងារ​បន្ត សម្រាប់​ឆ្នាំ​២0១៨​។ សន្និបាត​នេះ មាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៨ ខែកុម្ភៈ ដល់​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២0១៨​។​

​តាមរយៈ​ខ្លឹមសារ​នៃ​សុ​ទ្ទរ​កថា​នោះ រដ្ឋមន្ត្រី​ក្រសួងការបរទេស បាន​លើកឡើងថា អធិបតេយ្យ​នៃ​ប្រទេស​កម្ពុជា កំពុងស្ថិត​ក្នុងការ​គំរាមកំហែង​របស់​អង្គការ​អន្តរជាតិ និង​រដ្ឋា​ភិ​ភា​ល​បរទេស​មួយចំនួន​។ លោក បាន​ហៅ ទង្វើ​របស់​អង្គការ​អន្តរជាតិ​និង​រដ្ឋាភិបាល​បរទេស​ទាំង​នោះ ថា​ជាការ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា​។

​ប្រមុខ​ការទូត​កម្ពុជា​រូបនេះ ក៏បាន​សង្កត់ធ្ងន់ៗ​ថា ស្ថានការណ៍​បច្ចុប្បន្ននេះ ជា​ដំណាក់កាល​ដ៏​សំខាន់​និង​ចាំបាច់​ជាង​ពេលណា​ទាំងអស់ ដែល​ត្រូវ​រួមគ្នា​ការពារ​ឯករាជ្យ និង​អធិបតេយ្យ​។ លោក បញ្ជាក់​យ៉ាង​ដូច្នេះ ៖«​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ កម្ពុជា ទទួលរង​ការរិះគន់ និង​ការចោទប្រកាន់​ពី​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​លោកខាងលិច​មួយចំនួន ដោយសារតែ​មានការ​បង្ក្រាប​លើ​បក្សប្រឆាំង សារព័ត៌មាន និង​សង្គម​ស៊ីវិល​។ [….] ក្នុងឋានៈ​ជា​ប្រទេស​តូច និង​កំពុង​អភិវឌ្ឍ ការទប់ស្កាត់ ចំពោះ​ការជ្រៀតជ្រែក​ពី​ខាងក្រៅ តែងតែ​ជាការ​តស៊ូ​របស់​យើង ដើម្បី​រស់រានមានជីវិត​បន្តទៀត​»​។ [….] យើង ត្រូវតែ​តស៊ូ​ទៅមុខ ដើម្បី​ការពារ​សិទ្ធិ​សម្រេច​លើ​វាសនា​របស់ខ្លួន ដោយ​ខ្លួនឯង​»​។ 

​លោក ប្រាក់ សុខុន អះអាងថា មូលហេតុ ដែល​សហគមន៍​អន្តរជាតិ​ទាំងនោះ មើល​មក​កម្ពុជា ហើយ​វិនិច្ឆ័យ​ក្នុង​ផ្លូវ​អវិជ្ជមាន​បែបនេះ ដោយសារតែ​ពួកគេ មិន​ពេញ​ចិត្តនឹង​ការ​កម្ចាត់​ក្រុម​អ្នកប្រឆាំង​។ មិន​ខុសពី​ប្រមុខ​រដ្ឋាភិបាល​និង​មន្ត្រីជាន់ខ្ពស់​កម្ពុជា ដែល​បកស្រាយ​កន្លងមក​នោះទេ លោក ប្រាក់ សុខុន បាន​ថ្លែង​ការពារ​សាជាថ្មី​ថា ចំណាត់ការ​របស់​សម​ត្ថ​កិច្ច​និង​តុលាការ លើ​ក្រុម​អ្នកប្រឆាំង រួមទាំង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន គឺធ្វើឡើង​តាមផ្លូវ​ច្បាប់​សុទ្ធសាធ ដើម្បី​គេចផុត​ពី​ការ​ជ្រៀត​ជ្រែ​ត​ពី​ខាងក្រៅ ដែល​អាច​នាំ​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​ភ្លើងសង្គ្រាម ដូច​អតីតកាល​។

​យ៉ាងណាក៏ដោយ រដ្ឋមន្ត្រី​ក្រសួងការបរទេស បាន​អរគុណ​ប្រទេស​នានា ដែល​បាន​ផ្តល់ជំនួយ​និង​បាន​ជ្រោមជ្រែង​កម្ពុជា ក្នុងការ​អភិវឌ្ឍ​។ ប៉ុន្តែ លោក បញ្ជាក់​បែប​ប​នេះ​ថា​៖«​យើង​មិនអាច​ទទួល​បានទេ នូវ​ការប្រើប្រាស់​ជំនួយ ដោយ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ ដើម្បី​ជា​ស្ពាន​សម្រាប់​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​យើង​»​។
 
​លើសពីនេះ លោក ប្រាក់ សុខុន ក៏បាន​អះអាង​ដែរ​ថា កម្ពុជា នៅតែ​សហការ​ជាមួយ​បណ្តា​ប្រទេស​លើ​ពិភពលោក ដើម្បី​រួម​គា្ន​ប្រឆាំងនឹង ភេរវកម្ម ការជួយ​ដូរ​គ្រឿងញៀន ការជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជាដើម​។ លោក យល់ថា តម្លៃ​ស្នូល​នៃ​ភាពជា​ដៃគូ គឺ​ទាមទារ​ឲ្យ​មាន​ការគោរព​គ្នា​ទៅវិញទៅមក ដោយ​ស្មើភាព​។

​ចាប់តាំងពី​ចុងឆ្នាំ​២0១៧ មក ជាពិសេស​ក្រោយ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការចាប់​លោក កឹម សុខា ដែលជា​ប្រធាន​គណបក្ស​នេះ ដាក់ពន្ធនាគារ ការ​ថ្កោលទោស និង​ការដាក់ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ បាន​ធ្លាក់​មកលើ​រដ្ឋាភិបាល​ក​ម្ពុ​ជា ជា​ហូរហែ​។ សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បាន​បញ្ចេញ​សកម្មភាព​ខ្លាំងក្លា​ជាងគេ ក្នុងការ​ប្រឈមមុខ​នឹង​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​ដោះលែង​លោក កឹម សុខា និង​អនុញ្ញាត​ឲ្យ​គណបក្ស​របស់លោក​រស់​ឡើងវិញ មុន​ការបោះឆ្នោត​ថ្នាក់ជាតិ ក្នុង​ខែកក្កដា ឆ្នាំ​២0១៨ ឈាន​មកដល់​។ ប្រទេស​ធំៗ​ទាំងពីរ​នេះ បាននាំគ្នា​ផ្តាច់ជំនួយ​ផ្នែក​ការបោះឆ្នោត រួមទាំង​ជំនួយ​ផ្សេងៗ​ទៀត មក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​។​

​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤​នេះ ដែល​ទើបនឹង​បញ្ចប់ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​ចូលរួម រឹតតែ​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ មិន​សប្បាយចិត្ត​។ សហគមន៍​អន្តរជាតិ​ខ្លះ បានចាត់ទុក​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នៅ​កម្ពុជា ថា​មិនមាន​ភាពស្របច្បាប់ និង​មិន​តាម​គន្លង​ប្រជាធិបតេយ្យ​៕
 

Tag:
 ប្រាក់ សុខុន​
  កម្ពុជា​
  សហគមន៍​អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com