ជាតិ
សេដ្ឋកិច្ច
ក្រសួងព្យាករថា ទេសចរនឹងសម្រុកទៅតំបន់ឆ្នេរ ច្រើនជាងអង្គរក្នុងពេលជាង១០ឆ្នាំទៀត
× ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានព្យាករថា តំបន់ឆ្នេរនឹងទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ ដល់ទៅប្រមាណ ១៤លាននាក់នៅឆ្នាំ២០៣០ ខណៈតំបន់សៀមរាបអង្គរទទួលបាន ១២លាននាក់។ នេះបើតាមរបាយការណ៍ដែលលើកឡើងដោយលោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ នាសន្និបាតការងារប្រចាំឆ្នាំរបស់ក្រសួង នៅថ្ងៃទី២៧ខែកុម្ភៈ។
ក្នុងឆ្នាំ២០១៧ កន្លងទៅ តំបន់អង្គរទទួលបានទេសចរជាតិ-អន្តរជាតិចំនួន ៥,៥លាននាក់ ហើយត្រូវបានព្យាករថាចំនួននេះនឹងកើនដល់ ៧លាននាក់នៅឆ្នាំ២០២០ និង ១២លាននាក់សម្រាប់ឆ្នាំ២០៣០។
រីឯតំបន់ឆ្នេរ ដែលមានទេសចរសរុប ៤លាននាក់នៅឆ្នាំ២០១៧ ក្រសួងថានឹងកើនដល់ ៦លាននាក់នៅឆ្នាំ២០២០ និង ១៤លាននាក់នៅឆ្នាំ២០៣០។
គម្រោងធំៗជាច្រើននៅតំបន់ឆ្នេរ ដែលមានបួនខេត្ត គឺ កោះកុង ព្រះសីហនុ កំពត និងខេត្តកែប នឹងគាំទ្រកំណើនទេសចរនៅតំបន់នេះ។ បើតាមការឲ្យដឹងរបស់លោក ទិត ចន្ថា គម្រោងទាំងនោះរួមមាន គម្រោងព្រលានយន្តហោះខ្នាតអន្តរជាតិនៅតំបន់តារាសាគរខេត្តកោះកុង, កំពង់ផែទេសចរណ៍នៅខេត្តកំពតដែលគ្រោងដាក់ឲ្យដំណើរការឆ្នាំ២០១៩ និងគម្រោងអភិវឌ្ឍន៍កំពតថ្មី។
គម្រោងផ្សេងទៀត ដូចជាគម្រោងនិវេសនដ្ឋានទេសចរណ៍របស់ផ្នែកឯកជននៅតំបន់ឆ្នេរ និងគម្រោងដ៏ធំដែលរដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រសួងទេសចរណ៍សិក្សាស្រាវជ្រាវ នោះគឺ គម្រោងទេសចរណ៍នាគរាជ ដែលតភ្ជាប់ពីអាកាសយានដ្ឋានក្រុងព្រះសីហនុ ទៅឆ្នេរសមុទ្រ។ នេះបើតាមប្រសាសន៍របស់លោក ទិត ចន្ថា ។
ក្រៅពីគម្រោងដែលលើកឡើងដោយមន្ត្រីជាន់ខ្ពស់របស់ក្រសួងទេសចរណ៍ខាងលើនេះ គេក៏អាចដឹងបានពីគម្រោងធំៗនៅឆ្នេរ និងកោះ ក្នុងខេត្តព្រះសីហនុ ដែលបោះទុនដោយវិនិយោគិនបរទេស និងសេដ្ឋីក្នុងស្រុក ដូចជាគម្រោងនៅកោះពស់ កោះរ៉ុង ជាដើម។ ហើយថ្មីៗនេះ មានការចាប់អារម្មណ៍ពីការវិនិយោគយ៉ាងផុសផុលរបស់ជនជាតិចិននៅខេត្តព្រះសីហនុ ដែលរាប់ចាប់ពីអាជីវកម្មតូចៗ រហូតដល់ការសាងសង់សណ្ឋាគារ កាស៊ីណូ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងថា រដ្ឋាភិបាលមានគោលការណ៍ណែនាំស្ដីពីការគ្រប់គ្រងតំបន់ឆ្នេរ សម្រាប់ខេត្តទាំងបួន ដែលគ្មានបុគ្គលណាអាចធ្វើរំលោភគោលការណ៍ទាំងនោះបានឡើយ។ លោកបន្ថែមថា រដ្ឋាភិបាលបានកំណត់ខេត្តកែប ជាកន្លែងសម្រាកលំហែកម្រិតខ្ពស់, ខេត្តកំពតជាតំបន់ ទេសចរណ៍វប្បធម៍ និងកសិ-ទេសចរណ៍, ខេត្តព្រះសីហនុជាងបណ្ដុំទេសចរណ៍ (Hub) ដែលមានភាពងាយស្រួលផ្នែកធ្វើដំណើរទាំងផ្លូវសមុទ្រ អាកាស ផ្លូវថ្នល់ និងផ្លូវដែក។ លោកបន្ត រដ្ឋាភិបាលបានចេញគោលការណែនាំពីការអភិវឌ្ឍតំបន់ឆ្នេរនីមួយៗនៅខេត្តព្រះសីហនុផងដែរ៕
Tag:
ទិត ចន្ថា
ព្រះសីហនុ
តំបន់ឆ្នេរ
© រក្សាសិទ្ធិដោយ thmeythmey.com