ជាតិ
សេដ្ឋកិច្ច
អ្នកជំនាញ​មានការ​ព្រួយបារម្ភ​៖ ការ​បំប៉ោង​តម្លៃ​ដី​នៅស្រុក​កណ្តាលស្ទឹង​បន្ទាប់ពី​ប្រកាស​គម្រោង​ព្រលានយន្តហោះ​ថ្មី​
05, Mar 2018 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ដូច​ទៅនឹង​អ្វីដែល​បានកើត​ឡើង​នៅពេលដែល​គម្រោង​សាងសង់​ស្ពាន​ព្រែ​កតា​មាក់​បានប្រកាស​កាលពី​ជិត​មួយ​ទសវត្ស​កន្លងទៅ​ថ្មីៗ​នេះ​ការប្រកាស​សាងសង់​គម្រោង​ព្រលានយន្តហោះ​ដ៏​ធំ​បំផុត​លំដាប់​ពិភពលោក​មួយ​នៅ​ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល​បានធ្វើ​ឲ្យ​តម្លៃ​ដី​កើនឡើង​យ៉ាងគំហុក​នៅតាម តំបន់ ដែល​នៅ​ជុំវិញ​អនាគត​គម្រោង​ព្រលានយន្តហោះ​ថ្មី​នេះ​។  

​រាជរដ្ឋាភិបាល​កម្ពុជា​ប​បានអនុម័ត​ក្នុង​ឆ្នាំ​២០១៧​ទៅលើ​គម្រោង​វិនិយោគ​មួយ​របស់​ក្រុមហ៊ុន Cambodia Airport Investment Co. Ltd ដើម្បី​សាងសង់​គម្រោង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​។ គម្រោង​ថ្មី​នេះ​បានស្នើ​គ្រោង​សាងសង់​លើ​ផ្ទៃដី​ទំហំ ២,៦០០ ហិច​តា​នៅក្នុង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​ដែល​នឹង​ចំណាយ​ទឹកប្រាក់​វិនិយោគ​ប្រមាណ​១,៥​ពាន់​លាន​ដុល្លារ​។​
 
​ភ្លាមៗ​បន្ទាប់ពី​ការប្រកាស​គម្រោង​នេះ​តម្លៃ​ដី​នៅក្នុង​តំបន់​បាន​កើនឡើង​យ៉ាងខ្លាំង​ដោយ​គេ​ដឹងថា​ដី​មួយចំនួន​ជា​ដី​កសិកម្ម​ដែល​កន្លងមក​មានតម្លៃ​ត្រឹមតែ​១​ទៅ​២​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​បាន​កើន​ឡើងដល់​៥​ទៅ​៦​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ ការ៉េ​។ កំណើន​ខ្លាំង​ឡើង​ដោយសារតែ​គេ​ជឿថា​គម្រោង អភិវឌ្ឍន៍​ព្រលានយន្តហោះ​ នឹង​ជំរុញដល់​តម្លៃ​​​អចលនទ្រព្យ​ ដែល​នៅ​ជុំវិញ​។​
 
​ម្យ៉ាងទៀត​គេ​ក៏​ជឿជាក់​ផងដែរ​ ថា​កំណើន​តម្លៃ​ដី ​គឺឺដោយសារ​តែមាន​របាយការណ៍​បង្ហាញថា «Airport City» នឹងត្រូវ​អភិវឌ្ឍន៍​នៅក្នុង​តំបន់​នេះ ​បន្ទាប់ពី​គម្រោង​សាងសង់ព្រលានយន្តហោះ​បញ្ចប់​។ សំណើ​គម្រោង​វិនិយោគ​ដែល​បានអនុម័ត​នេះ ​ជាការ​វិនិយោគ​លើ​ផ្ទៃដី​៧០០​ហិច​តា​ ដោយឡែក​មួយ​ផ្សេងទៀត​ សម្រាប់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍន៍​លំនៅដ្ឋាន​។​
 
​កំណើន​តម្លៃ​ដី​ឡើង​ខ្លាំង​ ដោយ​មិនមាន​ការវាយតម្លៃ​ត្រឹម​ត្រូវ មាន​ហានិភ័យ​សម្រាប់​អ្នកទិញ ​​ទោះបី​ជាមាន​សុទិដ្ឋិនិយម​ ចំពោះ​គម្រោង​ព្រលានយន្តហោះ​ថ្មី​ក៏ដោយ ក៏​អ្នកជំនាញ​មួយចំនួន​​​បារម្ភ​ថា​ វា​អាច​ជាការ​ស្មាន​ខុស​ ដែលថា​តម្លៃ​អចលនទ្រព្យ​នៅ​ស្រុក​កណ្តាលស្ទឹង​ នឹង​កើនឡើង​នៅ​តំបន់​ដែល​ត្រូវ​សាងសង់​ព្រលានយន្តហោះ​ថ្មី​។​
 
​លោក អ៊ុង ប៊ុនធឿន ជា​អ្នកជំនាញ​ម្នាក់​ក្នុង​វិស័យ​នេះ បាន​និយាយថា​ នៅតាម​បណ្តា​ប្រទេស​រីកចម្រើន ​តម្លៃ​ដី​នៅ​តំបន់​ដែល​នឹងមាន​ការសាងសង់​ព្រលានយន្តហោះ​ជាធម្មតា​គឺ​បាន​ធ្លាក់ចុះ​។​ ការស្រាវជ្រាវ​មួយ​នៅ​រដ្ឋ​វ៉ាស៊ីនតោន​សហរដ្ឋអាមេរិក នៅក្នុង​ឆ្នាំ ១៩៩៦ បាន​បង្ហាញថា​ការពង្រីក​អាកាសយានដ្ឋាន Seattle-Tacoma Airport  បាន​ខាតបង់​ប្រមាណ​៥​លាន​ដុល្លារ​លើ​តម្លៃ​អចលនទ្រព្យ និង​បាត់បង់​២២​លាន​ដុល្លារ​លើ​ពន្ធ​លើ​អចលនទ្រព្យ​។ ការសិក្សា​បានបង្ហាញ​ទៀតថា ផ្ទះ មួយ​យូ​នី​ត ដែល​ស្ថិត​នៅក្បែរ​ព្រលានយន្តហោះ ​លក់បាន​ក្នុងតម្លៃ​ទាប​ជាង​ផ្ទះ​ដែល​នៅ​តំបន់​ផ្សេង ​ប្រមាណ​១០,១​ភាគរយ ឬ​ច្រើនជាង​នេះ​។ និយាយ​ដោយ​សាមញ្ញ​ថា ​ព្រលានយន្តហោះ​គឺជា​កន្លែង​មិនល្អ សម្រាប់​ការរស់នៅ​ដែល​ចង់បាន​ភាពស្ងប់ស្ងាត់ និង​សុខ​ស្រួល​នោះទេ ដែល​នោះ​បានធ្វើ​អ្នក​ឲ្យ​អភិវឌ្ឍន៍​ មិន​ចង់​អភិវឌ្ឍន៍​គម្រោង​លំនៅដ្ឋាន​របស់​ពួកគេ ​នៅ​តំបន់​ជិត​ព្រលាន​។​
 
​ខុសគ្នា​ពី​ដី​នៅ​ជិត​ស្ថានីយ៍​រថភ្លើង ដែល​ផ្តល់ជូន​នូវ​ភាពងាយស្រួល​ដល់​ការរស់នៅ ​ធ្វើដំណើរ​ទៅធ្វើ​ការ ឬ​ទៅ​សាលារៀន​ជាដើម ​នៅ​ជិត​ព្រលានយន្តហោះ​ ហាក់​មានគុណ​សម្បត្តិ​តិចជាង​ហានិភ័យ​។ លើសពីនេះទៅទៀត​ សំឡេង​រំខាន​នឹង​កើតមាន​ជាប់​ជានិច្ច​។ លោក ប៊ុនធឿន បាន​និយាយថា​ លោក​ដឹង​ពី​ចំណុច​អវិជ្ជមាន​ជាច្រើន​របស់​ព្រលានយន្តហោះ កាលពី​លោក​រស់នៅ​ជិត​ព្រលានយន្តហោះ​សៀមរាប​។​
 
​អ្នកស្រី អាន សុធី​តា ដែលជា​នាយិកា​របស់​ក្រុមហ៊ុន ស៊ី​ប៊ី​អា​អី​កម្ពុជា បាន​គាំទ្រ​លើ​គំនិត​របស់លោក​ប៊ុនធឿន​។ អ្នកស្រី​បានលើកឡើង​ទៅកាន់​សារព័ត៌មាន​ក្នុងស្រុក​ថា​ សំឡេង​តែងតែ​កើតមានឡើង​ជានិច្ច​ ដែល​កត្តា​នេះ​បានធ្វើ​ឲ្យ​តំបន់​ជិត​ព្រលានយន្តហោះ ​មិន​ស័ក្តិ​សម​សម្រាប់​ការសាងសង់​លំនៅដ្ឋាន​នោះទេ​។​
 
​អ្នកស្រី​ធីតា​ ក៏បាន​លើកឡើង​ដែរ​ថា​ តំបន់​ជិត​ព្រលានយន្តហោះ​ គឺមាន​ការ​រឹតបន្តឹង​ការសាងសង់​អគារ​កម្ពស់​ខ្ពស់ ដូចជា​ខុន​ដូ និង​គម្រោង​លំនៅដ្ឋាន​ខ្ពស់ៗ​ផ្សេងទៀត​។ អ្នកជំនាញ​បាន​និយាយ​ដែរ​ថា​អ្នកទិញ​អាច​ជួប​ហានិភ័យ និង​ខាត បង់​បង់ប្រាក់ ​ប្រសិនបើ​គម្រោង​ព្រលានយន្តហោះ​ មិនទាន់​សាងសង់​ ឬ​ត្រូវ​សាងសង់​នៅ​កន្លែង​ផ្សេង​មួយទៀត​។​
 
​លោក​បណ្ឌិត គីម ហ៊ាង ជា​ប្រធាន​សមាគមន៍​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​និយាយថា ទីតាំង​ពិតប្រាកដ​មិនទាន់មាន​នរណា​ដឹង​នៅឡើយ​។ យើង​ដឹង​ត្រឹម​ថា​គម្រោង​នឹង​ស្ថិត​ស្រុក​កណ្តាលស្ទឹង​ប៉ុន្តែ​ស្រុក​កណ្តាលស្ទឹង​មាន​ទំហំ​ធំ ​យើង​មិនដឹងថា​ តើ​ទីតាំង​របស់​ព្រលានយន្តហោះ​ថ្មី​នេះ ​នឹង​ស្ថិតនៅ​ក្នុងភូមិ​ណា ឬ​ឃុំ​មួយណា​នោះទេ​។​ ​លោក​បណ្ឌិត​ជឿជាក់ថា រាល់​ព័ត៌មាន ដែល​បាន​ផ្សព្វផ្សាយ​ គឺ​គ្រាន់តែ​ចង់ល​ក់ដី​នៅក្នុង​តំបន់​នោះ ក្នុងតម្លៃ​ខ្ពស់​តែប៉ុណ្ណោះ​។ លោក​បាន​បន្ថែមថា​ម្ចាស់​ដី និង​ឈ្មួញ​មួយចំនួន​អាច​អះអាងថា ​ដី​របស់​ពួកគេ​ស្ថិតនៅ​ជិត​ព្រលានយន្តហោះ ហើយ​បន្ទាប់មក​ពួកគេ​អាចដាក់​លក់​ក្នុងតម្លៃ​ថ្លៃ​។​
 
​អ្នកស្រី តាំង ហួរ ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amatak Property Service យល់ស្រប​ជាមួយ​លោក​បណ្ឌិត​។ អ្នកស្រី​ហួរ​និយាយថា​ នេះ​ជា​គ្រោះថ្នាក់​បំផុត​សម្រាប់​ទីផ្សារ​។ អ្នក​ដែល​ខ្ចីលុយ​ពី​ធនាគារ​ ដើម្បី​ទិញ​ដី​ក្នុងតម្លៃ​ថ្លៃ​ នៅក្នុង​តំបន់​នេះ ពួកគេ​នឹង​ខាតបង់​ប្រាក់ ប្រសិនបើ​ព្រលានយន្តហោះ​សាងសង់​នៅ​ទីតាំង​ផ្សេង​។ ដើម្បី​ឲ្យ​ទីផ្សារ​អចលនទ្រព្យ​មាន​សុវត្ថិភាព អ្នកស្រី​ហួរ​ពន្យល់ថា​ ការបង្កើន​តម្លៃ​ដី​ គួរ​ត្រូវធ្វើ​ដោយ​អ្នកជំនាញ​អចលនទ្រព្យ និង​ពឹង​ផ្អែកលើ​ស្តង់ដារ​នៃ​ការវាយតម្លៃ​ត្រឹមត្រូវ​មួយ​។​
 
​លោក ស៊ន សៀ​ប នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Key Real Estate  បានកត់សម្គាល់​ឃើញថា​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍ ឈ្មួញ​តែងតែ​ទិញ​ដី​ក្នុងតម្លៃ​ទាប​ពី​ប្រជាជន ហើយ​បន្ទាប់មក​ប្រកាស​លក់​វិញ​ក្នុងតម្លៃ​ថ្លៃ ដោយ អះអាងថា ដី​របស់​ពួកគេ​ស្ថិតនៅ​ជិត​គម្រោង​អភិវឌ្ឍន៍​សំខាន់​។​
 
​ផលចំណេញ​ចំពោះ​សេដ្ឋកិច្ច​ពី​ព្រលានយន្តហោះ​ថ្មី​ ទោះបីជា​មានការ​ព្រួយបារម្ភ​អំពី​ការ​បំប៉ោង​តម្លៃ​ដី​នៅក្នុង​ទីផ្សារ និង​មាន​ភាពអវិជ្ជមាន​មួយចំនួន ​នៅ​ជិត​តំបន់​ព្រលានយន្តហោះ​ក៏ដោយ​ នៅក្នុង​កិច្ចព្រមព្រៀង​ជាស​កល ព្រលានយន្តហោះ​ថ្មី ​នឹង​ផ្តល់​ជា​ប្រយោជន៍​ច្រើន​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់​។​
 
​ជំហាន​នៃ​ការអភិវឌ្ឍន៍​សម្រាប់​តំបន់​ដែល​នៅ​ជុំវិញ​តំបន់​គម្រោង​ព្រលានយន្តហោះ​ថ្មី ​គឺ​រំពឹងថា ​នឹង​អាច​ដូចជា​តំបន់​សែន​សុខ និង​ពោធិ៍​សែន​ជ័យ​ ដែលមាន​ភាព​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ​ដោយសារតែ​ស្ថិតនៅ​ជិត​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​
 
​លោក សៀន បាន​បន្ថែមថា “​ពាណិជ្ជកម្ម និង​ទេសចរណ៍ ​នឹង​ទទួលបាន​ផលប្រយោជន៍​កាន់តែច្រើន​ ពី​គម្រោង​ព្រលានយន្តហោះ​ថ្មី​។ ព្រលានយន្តហោះ​មាន​សារសំខាន់​ណាស់ ​ចំពោះ​ការដឹកជញ្ជូន​នៅក្នុង​ប្រទេស​។ ព្រលានយន្តហោះ​ថ្មី នឹង​ជួយ​សម្រួល​ដល់​ការនាំចេញ​នាំចូល​ទំនិញ ហើយ​នាំយក​ភ្ញៀវ​ទេសចរ​បន្ថែមទៀត​មក​ក​ម្ពុ​ជា​។​”
 
​យល់ស្រប​ដូចគ្នានេះដែរ អ្នកស្រី​ធីតា​ជឿជាក់ថា​ ព្រលានយន្តហោះ​ ក៏បាន​ជំរុញ​ដល់​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែមទៀត ​ដូចជា​៖ ផ្លូវ ប្រព័ន្ធ​ទឹក និង​ភ្លើង​ទៅកាន់​តំបន់​នេះ​។ គម្រោង​ព្រលានយន្តហោះ​ថ្មី​កម្រិត 4F-class ជាការ​វិនិយោគ​រួមគ្នា​ រវាង​ក្រុមហ៊ុន State Secretariat of Civil Aviation (SSCA) និង Overseas Cambodia Investment Corporation (OCIC) របស់លោក​ឧកញ៉ា ពុង ខៀវ​សែ​។ គម្រោង​នេះ​រំពឹងថា​ នឹង​ចាប់ផ្តើម​សាងសង់​នៅ​ដើ​ម្ប​ឆ្នាំ ២០១៩ ខាងមុខ​៕
 
​ទទួលបាន​សិទ្ធិ​ដកស្រង់​ពី (https://www.realestate.com.kh/km/news/Land-price-in-Kandal-s-Steung-district-soars-after-new-airport-announced/
 
 

© រក្សាសិទ្ធិដោយ thmeythmey.com