កីឡាជាតិ
ជាតិ
ជ័យជម្នះ​សម្រាប់​វិសាខា​នា​វត្តមាន​ដំបូង​នៅ​លី​គ​កំពូល
05, Mar 2018 , 9:35 am        
រូបភាព
កីឡាករនៃក្រុម​វិសាខា អបអរការស៊ុត​បាល់បញ្ចូលទី។ រូបថត FFC
កីឡាករនៃក្រុម​វិសាខា អបអរការស៊ុត​បាល់បញ្ចូលទី។ រូបថត FFC
ដោយ:
​ក្រុម​ចំណូល​ថ្មី​វិសាខា​បានបង្ហាញ​ភាពខ្លាំង​ក្នុងជំនួប​បើកឆាក​របស់ខ្លួន​តាម​រយៈ​ការយក​ឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា​ក្នុង​លទ្ធផល ៤-០ នា​ការប្រកួត​សប្តាហ៍​ទី​១​នៃ​ពានរង្វាន់​ក្រម​ខណ្ឌ​លី​គ​កំពូល​កម្ពុជា​។ ទន្ទឹមនឹងនេះ វិសាខា​បាន​បាត់បង់​សមាជិក​ពីររូប​ជា​បន្តបន្ទាប់ ក្រោយ​បង្កកំហុស​រហូត​ឈានដល់​អាជ្ញាកណ្តាល​ពិន័យ​កាត​ក្រហម​។ ការពិន័យ​នេះ នាំ​ឲ្យ​កីឡាករ​ទាំងពីរ​ត្រូវ​អវត្តមាន​ក្នុងជំនួប​បន្ទាប់​របស់​ក្រុម​វិសាខា​។​



​កីឡាករ​វិសាខា​ចំនួន​ពីររូប​រួមមាន​ប្រធាន ទៀង ទី​នី និង​កីឡាករ ម៉ែន សីហា ត្រូវបាន​បណ្តេញ​ចេញពី​លាន​ប្រកួត​ជា​បន្តបន្ទាប់​ក្រោយ​រង​ពិន័យ​កាត​ក្រហម​ពី​អាជ្ញាកណ្តាល​លោក ឃួន វីរៈ បន្ទាប់ពី​បង្កកំហុស​នា​ជំនួប​ជាមួយ​ក្រុម​អគ្គិ​ស​នី​កម្ពុជា​។ ប្រធាន​ក្រុម ទៀង ទី​នី ត្រូវបាន​អាជ្ញាកណ្តាល​ពិន័យ​កាត​ក្រហម ក្រោយ​ប៉ះទង្គិច​ជាមួយ​កីឡាករ ម៉ាត់ ណូ​រុន បន្ទាប់ពី​រូបគេ​ព្យាយាម​រារាំង​បាល់​នៅ​នាទី​ទី​៨៨​។

​ការប្រកួត​ដែលមាន​សមាជិក​១០​រូប​ដំណើរការបាន​៦​នាទី កីឡាករ ម៉ែន សីហា ត្រូវបាន​អាជ្ញាកណ្តាល​ពិន័យ​កាត​ក្រហម​ផងដែរ​បន្ទា​ប់​ពី​ធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ សុច រដ្ឋា ដែល​កំពុង​បណ្តើ​របាល់​ដួល​ក្បែរ​តំបន់​គ្រោះថ្នាក់ ក្រោយ​រូបគេ​ព្យាយាម​ដណ្តើម​បាល់ពី​កីឡាករ​រូបនេះ​។ ទោះបី​ក្រុម​វិសាខា​បាន​បាត់បង់​សមាជិក​ពីររូប​ក៏ដោយ តែ​អគ្គិសនី​កម្ពុជា​មិនអាច​ទម្លុះ​សំណាញ់​ទី​ក្រុម​ចំណូល​ថ្មី​នេះ​បានឡើយ​។​

​សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​៤ មីនា កីឡាករ ទៀង ទី​នី ដែល​រង​ពិន័យ​កាត​ក្រហម​បា​នរក​គ្រាប់​នាំមុខ ១-០ សម្រាប់​ក្រុម​វិសាខា​នៅ​នាទី​ទី​១២ តាមរយៈ​ការ​តែ​ត​បញ្ចូល​ទី​ក្រោម​ការលើក​ពី​ជ្រុង​របស់​មិត្ត​រួម​ក្រុម​។ ខ្សែប្រយុទ្ធ​កូរ៉េខាងជើង Choe Myong-ho បានសម្រេច​គ្រាប់​ទី​សម្រាប់​វិសាខា​ក្រោម​ការបញ្ជូន​យ៉ាង​ល្អ​របស់​មិត្ត​រួម​ជាតិ Ri Hyok-chol នៅ​នាទី​ទី​២៩​។

​នៅ​នាទី​ទី​៧៦​ខ្សែប្រយុទ្ធ​កូរ៉េខាងជើង Choe Myong-ho បានសម្រេច​គ្រាប់​ទី​របស់ខ្លួន​តាមរយៈ​ការទា​ត់បាល់​ពិន័យ​១១​ម៉ែត្រ បន្ទាប់ពី​ខ្សែការពារ​របស់​អគ្គិសនី​កម្ពុជា យ៉​ន មេសា ធ្វើ​ឲ្យ​រូបគេ​ដួល​ក្នុង​ប្រអប់​គ្រោះថ្នាក់​។ បន្ទាប់មក​កីឡាករ ពៅ ភា​រិ​ទ្ធ ដែល​ដូរ​ចូល​ជំនួស​កីឡាករ អ៊ិន វិ​ច្ឆ័​យ បានសម្រេច​គ្រាប់​ជ័យ ៤-០ សម្រាប់​វិសាខា​នៅ​នាទី​ទី​៨៣​។

​នា​ការប្រកួត​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប ក្រុម​ក្រសួងការពារជាតិ​បាន​យកឈ្នះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​(​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​)​ក្នុង​លទ្ធផល ១-០ ដោយ​ជ័យជម្នះ​នេះ​សម្រេច​ដោយ​កីឡាករ​ជប៉ុន Yudai Ogawa តាមរយៈ​ការទា​ត់បាល់​ពិន័យ​(Free Kick)​។ ចំណែកឯ​ក្រុម​ណាហ្គា​វើ​ល​បានបញ្ចប់​ជាមួយ​លទ្ធផល​ដោយ​គ្មាន​ការ​ស៊ុត​ប​ញ្ជូ​ល​ទី​ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​នៅលើ​ទឹកដី​នៃ​កីឡដ្ឋាន RSN​។

​សម្រាប់​ការប្រកួត​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​សប្តាហ៍​ទី​១ ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ បឹងកេត ភ្នំពេញ​ក្រោ​ន វិសាខា និង​ក្រសួងការពារជាតិ​សុទ្ធតែ​ទទួលបាន​៣​ពិន្ទុ​សម្រាប់​ជំនួប​បើក​របស់ខ្លួន​។ រីឯ​ក្រុម​ណាហ្គា​វើ​ល ព្រះខ័ន​រាជ​ស្វាយរៀង​មាន​ម្នាក់​១​ពិន្ទុ ខណៈ​វេ​ស្ទើ​ន សូល​ទី​ឡូ​អង្គរ អគ្គិសនី​កម្ពុជា អាស៊ី​អឺរ៉ុប និង​អង្គ​រថា​យ​ហ្គឺ​រ​មាន​សូន្យ​ពិន្ទុ​៕   


Tag:
 Cambodian League 2018
  វិសាខា​
  អគ្គិសនី​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com