កីឡាអន្តរជាតិ
អន្តរជាតិ
​ក្របខណ្ឌ​អ៊ីតាលី កាន់ទុក្ខ​ក្រោយ​មរណភាព​ដ៏​តក់ស្លុត​របស់​កីឡាករ Astori
05, Mar 2018 , 10:59 am        
រូបភាព
កីឡាករ Davide Astori (រូបភាព៖ AFP)
កីឡាករ Davide Astori (រូបភាព៖ AFP)
​ការប្រកួត​ក្នុង​ក្របខណ្ឌ​អ៊ីតាលី Serie A និង​ក្របខណ្ឌ Serie B កាលពី​ថ្ងៃអាទិត្យ​ទី​៤ ខែមីនា ត្រូវបាន​ផ្អាក​ទាំងអស់​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​របស់​ប្រធាន​ក្រុម Fiorentina និង​ជម្រើសជាតិ​អ៊ីតាលី​កីឡាករ Davide Astori ដែល​បាន​ស្លាប់​ភ្លាមៗ​ដោយសារ​គាំងបេះដូង ក្នុង​អាយុ ៣១ ឆ្នាំ​។



​ក្លិប​បានប្រកាស​ពី​ការស្លាប់​របស់ Astori ថា​បណ្តាលមកពី​ការ​គាំ​បេះដូង​នៅពេល​រូបគេ​កំពុង​គេង​នៅក្នុង​សណ្ឋាគារ La di Moret ជាទី​កន្លែង​សម្រាក​មុនពេល​ក្រុម Fiorentina ត្រៀ​ប្រកួត​ជាមួយ Udinese ក្នុង​ក្របខណ្ឌ​លី​ក​កំពូល​អ៊ីតាលី​សប្តាហ៍​ទី​២៧​។​

​តែ​យ៉ាងណាក៏ដោយ​ការប្រកួត​នោះ​ត្រូវបាន​លុបចោល​វិញ​បន្ទាប់ពី​លឺដំណឹង​អាក្រក់​នេះ ហើយ​សូម្បីតែ​ជំនួប​រវាង Genoa និង Cagliari ដែល​ត្រៀម​ចាប់ផ្តើម​ការប្រកួត​ទៅហើយ​នោះ​ក៏ត្រូវ​ពន្យា​ពេល​វិញ​ផងដែរ​។​

​ក្រោយ​ការស្លាប់​របស់​អតីត​ខ្សែការពារ AC Milan និង Roma នេះ Serie A បានចេញ​សេចក្តីប្រកាស​មួយ​លើ​បណ្តាញ​សង្គម Twitter ផ្លូវការ​របស់ខ្លួន​ថា​៖«​រាល់​ការប្រកួត​ទាំងអស់​ដែល​ត្រូវធ្វើឡើង​ថ្ងៃនេះ [​ថ្ងៃអាទិត្យ​] ត្រូវ​ពន្យារពេល​ទាំងអស់​ដើម្បី​ជា​សញ្ញា​នៃ​ការ​កាន់ទុក្ខ​»​។​

​ខ្សែការពារ​វ័យ​៣១​ឆ្នាំ​រូបនេះ បាន​ចំណាយពេល​ជាមួយ Cagliari ៦​រដូវ​កាលពី​ឆ្នាំ​២០០៨ ដល់ ២០១៤ មុនពេល Roma ខ្ចី​ជើង ហើយ​ក្លាយជា​កីឡាករ​និង​ប្រធាន​ក្រុម Fiorentina ពី​ឆ្នាំ ២០១៥ មក​។​

​សម្រាប់​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​វិញ Astori ធ្លាប់​បង្ហាញខ្លួន​បាន​១៤​លើក និង​ស៊ុត​បញ្ចូល​ទី ១​គ្រាប់​៕


Tag:
 បាល់ទាត់​
  គាំងបេះដូង​
  Davide Astori
  Fiorentina
© រក្សាសិទ្ធិដោយ thmeythmey.com