ជាតិ
សុវត្តិភាព ចរាចរណ៍
មេ​នគរបាល​ណែនាំ​ស្នងការ​ទាំងអស់ ឲ្យ​បង្កើន​ការត្រួតពិនិត្យ​រថយន្ត​ដឹកទំនិញ និង​អ្នកដំណើរ​ល្មើសច្បាប់​
05, Mar 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អគ្គស្នងការ​នគរបាល​ជាតិ បាន​ណែនាំ​ទៅដល់​គ្រប់​ស្នងការដ្ឋាន​នគរបាល នៅ​ទូ​ទាំ​ប្រទេស ឲ្យ​បង្កើន​ការត្រួតពិនិត្យ ក៏ដូចជា​ចាត់វិធានការ ចំពោះ​ម្ចាស់​រថយន្ត​ដឹកជញ្ជូន​ទំនិញ និង​រថយន្ត​ដឹក​អ្នកដំណើរ​ដែល នៅតែ​មិន​គោរព​ច្បាប់​។ យានយន្ត​ដែល​ល្មើស ត្រូវ​ពិន័យ​តាម​អនុក្រឹត្យ​ស្តីពី​ការពិន័យ​អន្តរការណ៍ ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។​



​អគ្គស្នងការ​នគរបាល​ជាតិ បាន​មើលឃើញថា​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត​ដឹកជញ្ជូន ចាប់តាំងពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨​មក ទទួលបាន​លទ្ធផល​ប្រសើរ ប៉ុន្តែ​ក៏​នៅមាន​ម្ចាស់​យានយន្ត​មួយចំនួន មិនទាន់​ចូលរួម​អនុវត្ត​ច្បាប់​នៅឡើយ​។



​ដូច្នេះ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ទប់ស្កាត់ និង​លុបបំបាត់​ករណី​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក​ចំពោះ​រថយន្ត​ដឹកជញ្ជូន​ទំនិញ និង​អ្នកដំណើរ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​សុំ​ណែនាំ ឲ្យ​គ្រប់​ស្នងការដ្ឋាន​នគរបាល បង្កើន​ការចាត់វិធានការ​ឲ្យ​ម៉ឺងម៉ាត់ តាមច្បាប់ លើ​រថយន្ត​ល្មើស​ទាំងអស់​។​

​តាម​លិខិត​ចុះ​ថ្ងៃទី​១ មីនា របស់លោក នេ​ត សារឿន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ គ្រប់​ស្នងការដ្ឋាន​នគរបាល ត្រូវ​សហការ​ឲ្យ​បានល្អ​ជាមួយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន និង​អង្គភាព​ពាក់ព័ន្ធ ក្នុងការ​ត្រួ​ពិនិត្យ​កា​រត​ទ្រុង​លើស​កំណត់ និង​ការត្រួតពិនិត្យ​ពី​លក្ខណៈ​បច្ចេកទេស​យានយន្ត​ដែល​រួមមាន ភ្លើង ចង្កូត ហ្វ្រាំង គង់ ការ​ថែ​ក្លៅ​។ ជាមួយគ្នានេះ ក៏ត្រូវ​ពិនិត្យ​លិខិតស្នាម​ពាក់ព័ន្ធ ដូចជា​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត លិខិត​អាជីវកម្ម​ដឹកជញ្ជូន បណ្ណ​សម្គាល់​យានយន្ត និង​បណ្ណ​បើកបរ​ផងដែរ​។

​តាម​លិខិត​ដដែល អ្នកមាន​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ត្រូវ​ចាត់វិធានការ​ម៉ឺងម៉ាត់ តាមច្បាប់​ក្នុងការ​កាត់​ទ្រុង​រថយន្ត ដែល​បាន​ត​ទ្រុង​លើស​ប្រវែង ដែល​ច្បាប់​កំណត់ ការ​ដោះ​ក្លៅ​ដែល​បន្ថែម​ខុស​បច្ចេកទេស និង​ការដឹកជញ្ជូន​សំពីងសំពោង ឬ​លើស​កម្រិត​កំណត់​។​



​លោក នេ​ត សារឿន ក៏​ណែនាំ​ឲ្យ​ពិន័យ​គ្រប់​ករណី​ល្មើស តាម​អនុក្រឹត្យ​ស្តីពី​ការពិន័យ​អន្តរការណ៍ ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ហើយ​ប្រាក់​ដែល​ប្រមូលបាន​ពី​ការពិន័យ ត្រូវ​បែងចែក និង​បង់​ចូល​ថវិការដ្ឋ តាម​បទដ្ឋាន​ដែល​បានកំណត់ ក្នុងនោះ​ត្រូវ​បែងចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន​៧០​ភាគរយ ដល់​មន្ត្រី​ចុះ​អនុវត្ត​ផ្ទាល់ ពី​គ្រប់​អង្គភាព​នៅតាម​គោលដៅ​ឲ្យ​បាន​ឆាប់ និង​ដោយ​តម្លាភាព​៕


Tag:
 ច្បាប់​ចរាចរណ៍​
 ​នេ​ត សាវឿន​
 ​នគរបាល​
© រក្សាសិទ្ធិដោយ thmeythmey.com