រថយន្ត
សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រៅពី​ដែក និង​អាលុយមីញ៉ូម លោក ត្រាំ គំរាម​ដំឡើង​ពន្ធ​រថយន្ត​ដែល​នាំចូល​ពី​អឺរ៉ុប​
05, Mar 2018 , 7:39 pm        
រូបភាព
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គំរាមដំឡើងពន្ធរថយន្ត ដែលនាំចូលពីសហភាពអឺរ៉ុប ដើម្បីតបតទៅនឹងសហភាពអឺរ៉ុប ។ រូបថត AFP
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គំរាមដំឡើងពន្ធរថយន្ត ដែលនាំចូលពីសហភាពអឺរ៉ុប ដើម្បីតបតទៅនឹងសហភាពអឺរ៉ុប ។ រូបថត AFP
ដោយ: ធីតា
​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ កាលពី​ចុង​សប្តាហ៍​កន្លងមក បាន​គំរាម​ដំឡើង​ពន្ធ​រថយន្ត ដែល​នាំចូល​ពី​សហភាព​អឺរ៉ុប ដើម្បី​តបត​ទៅនឹង​សហភាព​អឺរ៉ុប ដែល​ចង់​ដំឡើង​ពន្ធ​ទំនិញ​ពី​សហរដ្ឋអាមេរិក ជាពិសេស​ផលិតផល​របស់​ក្រុមហ៊ុន​ម៉ាក​ល្បីៗ​។



អត្ថបទទាក់ទង

«​ប្រសិនបើ​សហភាព​អឺរ៉ុប ចង់​បង្កើន​ពន្ធ និង​ឧបសគ្គ​ដល់​ក្រុមហ៊ុន​អាមេរិក​ដែល​ធ្វើ​ពាណិជ្ជកម្ម​នៅ​ទីនោះ យើង​ក៏​នឹង​អនុវត្ត​គោលការណ៍​ដំឡើង​ពន្ធ​រថយន្ត​របស់​ពួកគេ ដែល​បច្ចុប្បន្ន​ចូល​ដោយ​សេរី មក​ទីផ្សារ​អាមេរិក​ផងដែរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ដូ​ណា​ល់ ត្រាំ នៅ​បណ្តាញ​សង្គម Twitter របស់ខ្លួន​។​

​លោក ដូ​ណា​ល់ ត្រាំ ដែល​ទើបតែ​ប្រកាស​ពី​ការដំឡើង​ពន្ធ​នាំចូល​ដែក និង​អាលុយមីញ៉ូម បាន​បញ្ជាក់ថា​៖ «​ពួកគេ [​សហភាព​អឺរ៉ុប​] បានធ្វើ​ឲ្យ​រថយន្ត​របស់​យើង​គ្មាន​ទីផ្សារ​នៅ​ទីនោះ ដែល​នេះ​គឺជា​អតុល្យភាព​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​»​។

 លោក Jean-Claude Juncker ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប បាន​អះអាងថា វិធានការ​របស់​សហ​ភាព​អឺរ៉ុប ទៅលើ​ក្រុមហ៊ុន Levi និង Harley-Davidson របស់​អាមេរិក គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​គម្រោង​តម្លៃ​ពន្ធ​ដែក និង​អាលុយមីញ៉ូម​របស់​រដ្ឋា​ភិ​បាល​ក្រុង​វ៉ាស៊ីនតោន​។​

​បើតាម​ការផ្សាយ​របស់ AFP នៅក្រៅ​កិច្ចប្រជុំ​នា​ក្រុង Hamburg របស់​អាល្លឺម៉ង់ លោក Juncker បាន​និយាយថា​៖ «​យើង​មិនអាច​អង្គុយ​នៅ​ស្ងៀម​បាន​នោះឡើយ នៅពេល​ឧស្សាហកម្ម និង​ការងារ​របស់​អឺរ៉ុប រង​ការគំរាមកំហែង​»​។​

​ជាមួយនឹង​ការជុំរុញ ផលិតផល «Made in America» លោក ត្រាំ ធ្លាប់បាន​រិះគន់​ប្រធានាធិបតី​អណ​ត្តិ​យ៉ាង​ខ្លាំងក្លា ទាក់ទង​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​បរទេស ដែល​នាំ​ឲ្យ​ការងារ​រាប់លាន បាន​ចាក​ចេញពី​សហរដ្ឋអាមេរិក​។ ក្រៅពី​សហភាព​អឺរ៉ុប ជាពិសេស​អាល្លឺម៉ង់ លោក​ត្រាំ ក៏បាន​រិះគន់​ផងដែរ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កន្លង​មកជា​មួយ​អាមេរិក​ខាងជើង ពោលគឺ​កាណាដា និង​ម៉ិ​ក​ស៊ិ​ក​។​

​ទោះបីជា​យ៉ាងណាក៏ដោយ មេដឹកនាំ​អាមេរិក​រូបនេះ  ហាក់​មិន​ខ្វល់់ខ្វាយ​អ្វី​ឡើយ​នឹង​ការផ្ទុះ​សង្គ្រាម​ពាណិជ្ជកម្ម ដោយ​លោក​បាន​លើកឡើងថា អាមេរិក​នឹង​ឈ្នះ​ដោយ​ស្រួល​។ កន្លងមក ការប្រកាស​ពី​គម្រោង​ដំឡើង​ពន្ធ​នាំចូល​ផលិតផល​ដែក និង​អាលុយមីញ៉ូម​របស់លោក​ត្រាំ ធ្វើ​ឲ្យ​ដៃគូ​ពាណិជ្ជកម្ម​ធំៗ​របស់​អាមេរិក​មាន​អឺរ៉ុប ចិន ជប៉ុន តវ៉ា​យ៉ាងខ្លាំង​។ ប្រធានាធិបតី​អាមេរិក​ហាក់​ត្រៀម​រួចស្រេច​ដើម្បី​ប្រយុទ្ធ​ក្នុង​សង្គ្រាម​ដែល​បម្រុង​នឹង​ផ្ទុះ​នោះ​។​

​ទាក់ទង​នឹង​ពាណិជ្ជកម្ម​រថយន្ត បើទោះបីជា​លោក ត្រាំ បាន​ផ្តោតទៅលើ​អាល្លឺម៉ង់ ជាពិសេស​ក៏ដោយ ប៉ុន្តែ​យានយន្ត​អាល្លឺម៉ង់ មានតែ​៧.៩​ភាគរយ​ប៉ុណ្ណោះ​នៅ​ទីផ្សារ​អាមេរិក​។ យានយន្ត​បរទេស​ភាគច្រើន​ដែល​លក់​នៅក្នុង​សហរដ្ឋអាមេរិក មាន​រោងចក្រ​ដំឡើង​នៅ​សហរដ្ឋអាមេរិក​ផ្ទាល់​តែម្តង​៕


Tag:
 ពន្ធ​រថយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com