កីឡាជាតិ
ជាតិ
បឹងកេត​ត្រូវ​ប្រជែង​ជាមួយ​ក្រុម​សិង្ហ​បុរី ដែល​យក​ស្មើ Ceres Negros ល្ងាច​នេះ​
06, Mar 2018 , 7:59 am        
រូបភាព
សកម្មភាពប្រកួតរវាងក្រុមបឹងកេតជាមួយក្រុម Shan United នៅពហុកីឡដ្ឋានជាតិកាលពីពេលកន្លងទៅ
សកម្មភាពប្រកួតរវាងក្រុមបឹងកេតជាមួយក្រុម Shan United នៅពហុកីឡដ្ឋានជាតិកាលពីពេលកន្លងទៅ
ដោយ:
​ក្រុម​បឹងកេត​ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Home United របស់​សិង្ហ​បុរី សម្រាប់​ជំនួប​ពូ​ល F នៃ​ព្រឹត្តិការណ៍ AFC Cup 2018 នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​៦ មីនា នេះ​។ គ្រូបង្វឹក Home United ដែលជា​ក្រុម​មិនទាន់​ស្គាល់​បរាជ័យ​បាន​អះអាងថា ក្រុម​លោក​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ​ក្នុងការ​តទល់​ជាមួយ​ក្រុម​បឹងកេត​ល្ងាច​នេះ​។ តែ​យ៉ាងណា​គ្រូបង្វឹក​រូបនេះ​មិនបាន​មើលស្រាល​លើ​សមត្ថភាព​បឹងកេត​នោះឡើយ ទោះបី​រង​បរាជ័យ​ពីរ​ប្រកួត​ជាប់​គ្នា​យ៉ាងធ្ងន់ធ្ងរ​ក៏ដោយ​។

 


​ក្រោយ​រង​ការខកចិត្ត​ជា​បន្តបន្ទាប់​សម្រាប់​ពីរ​ប្រកួត​ដំបូង ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា​បឹងកេត ត្រូវ​តទល់​ជាមួយ​ជើង​ខ្លាំង​មិនដែល​ស្គាល់​បរាជ័យ Home United របស់​សិង្ហ​បុរី សម្រាប់​ជំនួប​លើក​ទី​៣​ក្នុង​ពូ​ល F នៃ​ព្រឹត្តិការណ៍ AFC Cup ឆ្នាំ​២០១៨ នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃ​អង្គា​រ៍ នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

​សម្រាប់​ពីរ​ប្រកួត​កន្លងមក​ក្រុម Home Unite បាន​យកឈ្នះ​ក្រុម Shan United របស់​មី​យ៉ាន់ ១-០ ក្នុងជំនួប​បើកឆាក និង ស្មើ ១-១ ជាមួយ​ក្រុម Ceres Negros របស់​ហ្វីលីពីន​ក្នុងជំនួប​ទី​២​។ បច្ចុប្បន្ន​ក្រុម​នេះ កំពុង​ឈរ​លេខ​រៀង​ទី​២​ក្នុង​ពូ​ល F ដោយមាន​៤​ពិន្ទុ​។ ចំណែក​ក្រុម​បឹងកេត​បាន​បរាជ័យ ៩-០ ក្នុងជំនួប​បើកឆាក​ក្រោម​ថ្វី​ជើង Ceres Negros របស់​ហ្វីលីពីន និង​បាន​បន្ត​ចាញ់​ក្រុម Shan United របស់​មី​យ៉ាន់​ម៉ា​ក្នុង​លទ្ធផល ២-១ ជំនួប​លើក​ទី​២​។​

​ទន្ទឹមនឹងនេះ លោក Aidil Sharin គ្រូបង្វឹក​ក្រុម Home United បាន​និយាយថា ក្នុង​បាល់ទាត់​អ្វីៗ​អាច​កើតឡើង​គ្រប់ពេលវេលា​បើសិន​មានការ​ធ្វេសប្រហែស​។ ក្នុងន័យនេះ លោក​ចង់​ក្រើន​រំ​ឮ​ក​ឲ្យ​កូនក្រុម​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងជំនួប​បឹងកេត ទោះបី​ក្រុម​នេះ​បាន​រង​បរាជ័យ​ពីរ​ប្រកួត​ជាប់​គ្នា​ក៏ដោយ​។

«​ជាទូទៅ​យើង​ត្រូវតែ​គោរព​រាល់​ក្រុម​ដែល​យើង​ប្រកួត​ជាមួយ​។ អ្វីៗ​គ្រប់យ៉ាង​ក្នុងការ​ប្រកួត​តែងតែ​អាច​កើតមានឡើង​ប្រសិនបើ​យើង​មើល​លើ​តែ​លទ្ធផល​គូប្រកួត និង​មើលស្រាល​លើ​ការប្រកួត​ថា​ស្រួល​។ ទោះបី​បឹងកេត​បាន​បរាជ័យ ៩-០ ក្រោម​ស្នាដៃ​ក្រុម​ហ្វីលីពីន តែ​ខ្ញុំ​ជឿជាក់ថា ទាំង​គ្រូ​និង​កីឡាករ​បឹងកេត​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​សម្រាប់​ជំនួប​ថ្ងៃនេះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Aidil Sharin នា​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​កាលពី​ថ្ងៃទី​៤ មីនា​។​

​គ្រូបង្វឹក​រូបនេះ​បាន​អះអាងថា ក្រុម Home United បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​តទល់​ជាមួយ​ក្រុម​បឹងកេត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​ប្តេជ្ញា​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​១០០​ភាគរយ ដើម្បី​ដណ្តើម​ជ័យជម្នះ​ឲ្យ​បាន​នា​ល្ងាច​នេះ​។ លោក​បាន​បន្ថែមថា ក្រុម​លោក​មិនដែល​មើលស្រាល​ថា​ការប្រកួត​មួយ​មានការ​ងាយស្រួល​នោះទេ ពោលគឺ​តែងតែ​គិតថា​លំបាក​ជានិច្ច​។ ព្រោះ​ការមើលស្រាល​សមត្ថភាព​គូប្រកួត ជា​កត្តា​នាំទៅរក​បរាជ័យ​។

​ក្រៅពី​ជំនួប​នៅលើ​ទឹកដី​កម្ពុជា​ក្នុង​ពូ​ល F នេះ ក៏មាន​ការប្រកួត​១​ទៀតផង​ដែរ គឺ​រវាង​ក្រុម Ceres Negros របស់​ហ្វីលីពីន​ជាមួយ​ក្រុម Shan United របស់​មី​យ៉ាន់​ម៉ា ដែល​ធ្វើឡើង​នា​វេលា​ម៉ោង​៦:៣០​នាទី​(​ម៉ោង​នៅ​កម្ពុជា​)​នៅ​កីឡដ្ឋាន Panaad Park and Stadium ប្រទេស​ហ្វីលីពីន​៕ 


Tag:
 បឹងកេត​
  AFC Cup 2018
  Home United
© រក្សាសិទ្ធិដោយ thmeythmey.com