កីឡាជាតិ
ជាតិ
បឹងកេត​រំពឹង​ឈ្នះ​ភ្ញៀវ Home United ដើម្បី​ផ្គាប់ចិត្ត​អ្នកគាំទ្រ​
06, Mar 2018 , 11:51 am        
រូបភាព
លោក កែវ កុសល គ្រូបង្វឹកក្រុមបឹងកេត(ស្តាំ)និយាយក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃទី៥ មីនា
លោក កែវ កុសល គ្រូបង្វឹកក្រុមបឹងកេត(ស្តាំ)និយាយក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃទី៥ មីនា
ដោយ:
​ក្រុម​បឹងកេត​ត្រូវ​តទល់​ជាមួយ​ក្រុម Home United របស់​សិង្ហ​បុរី នា​ជំនួប​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល F នៃ​ព្រឹត្តិការណ៍ AFC Cup ប្រចាំឆ្នាំ​២០១៨ នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ជាមួយគ្នានេះ បឹងកេត​រំពឹង​ប្រើ​ភាព​មានប្រៀប​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​យកឈ្នះ​លើ​គូប្រជែង ដើម្បី​បង្កើន​ទំនុកចិត្ត​ឡើងវិញ​សម្រាប់​អ្នកគាំទ្រ បន្ទាប់ពី​ខកចិត្ត​ផ្ទួនៗ​គ្នា​។​



​បឹងកេត​រំពឹងថា ខ្លួន​អាច​ប្រើ​ភាព​មានប្រៀប​ជា​ម្ចាស់ផ្ទះ​យកឈ្នះ​ក្រុម Home United របស់​សិង្ហ​បុរី ដើម្បី​ប៉ះប៉ូវ​ចិត្ត​អ្នកគាំទ្រ ក៏ដូចជា​ស្តារ​ស្ថានការណ៍​អាក្រក់​ឲ្យ​មាន​ភាពល្អ​ប្រសើរឡើង​នៅ​ល្ងាច​នេះ​។ ការរំពឹង​បែបនេះ បន្ទាប់ពី​បឹងកេត​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​រង​ការខកចិត្ត​ជា​បន្តបន្ទាប់ តាមរយៈ​ការ​ចាញ់​ក្រុម Ceres Negros របស់​ហ្វីលីពីន ៩-0 នៅក្រៅ​ទឹកដី និង​ចាញ់ Shan United របស់​មី​យ៉ាន់​ម៉ា ១-០ នៅលើ​ទឹកដី​ខ្លួនឯង​។

​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​៥ មីនា គ្រូបង្វឹក​បឹងកេត លោក កែវ កុសល បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​គ្រប់ការ​ប្រកួត​យើង​តែងតែ​ត្រៀមខ្លួន​ដើម្បី​យកឈ្នះ​លើ​គូប្រកួត​ជានិច្ច​។ ដូច្នេះ ថ្ងៃនេះ​ជាការ​ប្រកួត​ក្នុង​ទឹកដី​របស់​យើង យើង​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ធ្វើ​ឲ្យ​អ្នកគាំទ្រ​យើង​សប្បាយចិត្ត ព្រោះ​ពីរ​ប្រកួត​កន្លងមក​យើង​មិនទាន់មាន​១​ពិន្ទុ​នោះទេ​»​។

​ប៉ុន្តែ​វា​មិនមែនជា​រឿង​ងាយស្រួល​សម្រាប់​បឹងកេត​ក្នុងការ​យកឈ្នះ​នោះឡើយ ព្រោះ Home United ជា​ក្រុម​ខ្លាំង​ដែល​កំពុង​ឈរ​លេខ​រៀង​ទី​២​ក្នុង​ពូ​ល F ដោយមាន​៤​ពិន្ទុ​ស្មើ​ក្រុម​កំពូល​តារាង Ceres Negros​។ លើសពីនេះ ពីរ​ប្រកួត​កន្លងមក​ក្រុម​នេះ​មិនដែល​ស្គាល់​ពាក្យ​ថា​បរាជ័យ​ឡើយ​។ នា​ការប្រកួត​បើកឆាក​ក្រុម​នេះ​បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ Shan United ក្នុង​លទ្ធផល ១-០ ហើយ​បាន​បន្ត​ស្មើ ១-១ ជាមួយ​ក្រុម Ceres Negros ដែល​បាន​យកឈ្នះ​បឹងកេត ៩-០ ទៀតផង​។​

​ទន្ទឹមនឹង​សង្ឃឹម​ប្រើ​ភាព​មានប្រៀប​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​យកឈ្នះ​លើ​គូប្រកួត បឹងកេត​ក៏បាន​បង្ហាញ​ពី​ក្តីកង្វល់​ចំពោះ​បញ្ហា​របួស​របស់​កីឡាករ​ផងដែរ​។ បើ​យោងតាម លោក កែវ កុសល គ្រូបង្វឹក​ក្រុម​បឹងកេត ក្នុងជំនួប​តទល់​ជា​ក្រុម​សិង្ហ​បុរី​ល្ងាច​នេះ កីឡាករ​បឹងកេត​៤​ទៅ​៥​នាក់​កំពុង​ញាំញី​ដោយ​របួស ដែល​បាន​ប៉ះទង្គិច​ក្នុងជំនួប​ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប នា​ការ​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​កាលពី​ថ្ងៃអាទិត្យ សប្តាហ៍​មុន​។

​បឹងកេត​ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​ក្រុម​ភ្ញៀវ Home United សម្រាប់​ជំនួប​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល F នៃ​ព្រឹត្តិការណ៍ AFC Cup 2018 នា​វេលា​ម៉ោង ៦:៣០​នាទី​ល្ងាច​ថ្ងៃ​អង្គា​រ៍​ទី​៦ មីនា នេះ​។ ជាមួយគ្នានេះ ក្រុម Ceres Negros ប្រជែង​ជាមួយ​ក្រុម Shan United នា​វេលា​ម៉ោង​៦:៣០​នាទី​(​ម៉ោង​នៅ​កម្ពុជា​)​នៅ​កីឡដ្ឋាន Panaad Park and Stadium ប្រទេស​ហ្វីលីពីន​៕         


Tag:
 AFC Cup 2018
  បឹងកេត​
  កែវ កុសល​
© រក្សាសិទ្ធិដោយ thmeythmey.com