ជាតិ
សិល្បះ
CIFF វេទិកា​ភ្ជាប់​សមិទ្ធ​ករ​ភាពយន្ត​កម្ពុជា​-​បរទេស និង​ផ្សព្វផ្សាយ​វប្បធម៌​កម្ពុជា​ទៅកាន់​ពិភពលោក​
06, Mar 2018 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​៨ (8thCIFF) ដែលជា​វេទិកា​ដ៏​មាន​សារសំខាន់ ក្នុងការ​ផ្សារភ្ជាប់​ទំនាក់​ទំនង​រវាង​សមិទ្ធ​ករ​ភាពយន្ត​កម្ពុជា ជាមួយ​សមិទ្ធ​ករ​ភាពយន្ត​បរទេស និង​ផ្សព្វផ្សាយ​វប្បធម៌​កម្ពុជា​ទៅកាន់​ពិភពលោក បាន​បើកសម្ពោធ​កាលពី​ល្ងាច​ថ្ងៃទី​៥ ខែមីនា​។ សម្រាប់​ឆ្នាំនេះ 8thCIFF នឹង​ចាក់​បញ្ចាំង​ជូន​ទស្សនា​ឥតគិតថ្លៃ​ភាពយន្ត​ជាតិ និង​អន្តរជាតិ​ចំនួន​១៣៨​ចំណងជើង មកពី​៤១​ប្រទេស នៅ​គ្រប់​រោងភាពយន្ត​ទាំងអស់​នៅ​ភ្នំពេញ និង​នៅ​ទីវាល​កោះ​ពេជ្រ​។  ក្នុងនោះ​ភាពយន្ត​ល្បីៗ​របស់​កម្ពុជា ក៏​នឹងមាន​វត្តមាន​ដែរ ដូចជា​រឿង «​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» រឿង​«​ស្ដេច​កន​» រឿង​«​ធ្មប់​» និង​រឿង​បារាំង​«THE PATH»  ដែល​ថត​នៅ​កម្ពុជា​ជាដើម​។​



​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​៨ (8thCIFF) ឆ្នាំនេះ ប្រព្រឹត្តទៅ​រយៈពេល​៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១១ ខែមីនា ដោយ​នឹង​ចាក់​បញ្ចាំងភាពយន្ត​ជាតិ និង​អន្តរជាតិ​ចំនួន​១៣៨​ចំណងជើង មកពី​៤១​ប្រទេស ឲ្យ​ទស្សនិកជន​ទស្សនា​ឥតគិតថ្លៃ នៅតាម​នៅ​គ្រប់​រោងភាពយន្ត​ទាំងអស់​នៅ​ភ្នំពេញ និង​នៅ​ទីវាល​កោះ​ពេជ្រ​។ 

​លោក ជា សុភាព នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សោត​ទស្ស​បុប្ផា​ណា បាន​ថ្លែង​ក្នុង​ពិធី​បើក​មហោស្រព​ថា មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា បានក្លាយ​ទៅជា​វេទិកា​មួយ ផ្សារភ្ជាប់​សមិទ្ធ​ករ​ភាពយន្ត​កម្ពុជា ជាមួយ​សមិទ្ធ​ករ​ភាពយន្ត​បរទេស និង​ក៏​ជា​ឱកាស​យ៉ាងសំខាន់​ក្នុងការ​ផ្សព្វផ្សាយ​វប្បធម៌​កម្ពុជា​ទៅកាន់​ពិភពលោក​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មហោស្រព​នេះ ក៏​ជា​វេទិកា​ស្វែង​យន្ត​ពី​ភាពយន្ត​របស់​បរទេស ហើយ​ក៏បាន​លើកស្ទួយ​វិស័យ​ភាពយន្ត​ឲ្យ​កាន់​តែមាន​លក្ខណៈ​សម្បូរ​បែប​។ 



​កញ្ញា អេ​ឡូ​ឌី យ៉ុង (ELODIE YUNG) តារា​រា​ហូលីវូដ ខ្មែរ​-​បារាំង ដែលជា​ប្រធានកិត្តិយស​នៃ​8thCIFF​នេះ ក៏បាន​ថ្លែង​សារ​អបអរ​នៅក្នុង​ពិធី​បើក​មហោស្រព​នេះ បើទោះជា​កញ្ញា នាង​មិន​បានមក​ចូលរួម​ដោយផ្ទាល់​ក៏ដោយ​។ តាមរយៈ​វីដេអូ​ដែល​បញ្ចាំង​នៅក្នុង​ពិធី​បើក​មហោស្រព កញ្ញា អេ​ឡូ​ឌី យ៉ុង បាន​ថ្លែងថា​នាង​មាន​កិត្តិយស​ណាស់ ដែល​បាន​ធ្វើជា​ប្រធានកិត្តិយស CIFF ឆ្នាំនេះ​។ កញ្ញា អេ​ឡូ​ឌី យ៉ុង ដែលមាន​ឪពុក​ជា​ជនជាតិខ្មែរ​រូបនេះ បញ្ជាក់ទៀតថា​មហោស្រព​នេះ​សំខាន់​ណាស់ ក្នុងការ​ផ្សាយ​ពី​វប្បធម៌​ខ្មែរ ទៅ​ជុំវិញ​ពិភពលោក ដោយ​បង្ហាញ​ខ្សែភាពយន្ត​ល្អៗ ប្លែកៗ​ជា​រៀងរាល់ឆ្នាំ​។

​សូមបញ្ជាក់​ផងដែរ នៅក្នុង​ពិធី​បើក​មហោស្រព 8thCIFF  ភាពយន្ត​ឯកសារ​មួយ​ស្ដីពី​ធម្មជាតិ​កម្ពុជា ក្រោម​ចំណងជើង​ថា «​ព្រះរាជាណាចក្រ​នៃ​ធម្មជាតិ​» ត្រូវបាន​ចាក់​បញ្ចាំង​ជូន​ភ្ញៀវកិត្តិយស​ដែល​ចូលរួម​។ លោក ដា​នី​ញ៉ែ​ល រ៉ូ​ពើ ហ្សូ​ន ជា​អ្នក​ផលិត​ឯកសារ​ដែលមាន​រយៈ ពេល​៨៣​នាទី ដោយបាន​បង្ហាញ​ពី​ជីវចម្រុះ​ដ៏​ស្រស់ស្អាត និង​សត្វព្រៃ​កម្រ​នៅ​កម្ពុជា​។ ភាពយន្ត​នេះ ក៏បាន​បង្ហាញ​ដែរ​ថា​ការការពារ​បរិស្ថាន ជីវិត​សត្វព្រៃ  និង​ការការពារ​ភពផែនដី ត្រូវការ​ចូលរួម​ជា​ចាំបាច់​ពី​មនុស្ស ហើយ​ការថែរក្សា​បរិស្ថាន និង​សត្វព្រៃ​នេះ​ទៀតសោត គឺ​ប្រៀបបាន​នឹង​ការថែរក្សា​ជីវិត​ខ្លួនឯង​ដូច្នោះ​ដែរ​។ 

​ដោយឡែក​សម្រាប់​ឆ្នាំនេះ 8thCIFF នឹង​ចាក់​បញ្ចាំង​ជូន​ទស្សនា​ឥតគិតថ្លៃ​ភាពយន្ត​ជាតិ និង​អន្តរជាតិ​ចំនួន​១៣៨​ចំណងជើង មកពី​៤១​ប្រទេស នៅតាម​នៅ​គ្រប់​រោងភាពយន្ត​ទាំងអស់​នៅ​ភ្នំពេញ និង​នៅ​ទីវាល​កោះ​ពេជ្រ​។  ក្នុងនោះ​ភាពយន្ត​ល្បីៗ​របស់​កម្ពុជា ក៏​នឹង​ត្រូវដាក់​បញ្ចាំង​ដែរ មានរឿង «​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» របស់​អ្នកស្រី Angelina Jolie​។ រឿង​«​ស្ដេច​កន​» ដែល​ដឹកនាំ​ដោយ​លោក ម៉ៅ អាយុទ្ធ​។ រឿង​«​ធ្មប់​» របស់លោក ហ៊ុយ យ៉ា​ឡេង​។ ភាពយន្ត​បារាំង​«THE PATH» របស់លោក Jeanne Labrune ដែល​ថត​នៅ​ប្រទេស​កម្ពុជា និង​មានរឿង​មួយចំនួនទៀត​។

​កម្មវិធី​ពិសេស គឺ​ការ​រម្លឹក​ដល់​ស្នាដៃ​របស់លោក លី ប៊ុន​យី​ម អ្នកដឹង​នាំ​រឿង​ខ្មែរ​ដ៏​ឆ្នើម​មួយរូប​នា​ទស្សវត្ស​ឆ្នាំ​៦០ នឹង​ការចាក់​បញ្ចាំង​រឿង​ដ៏​ល្បី​របស់លោក គឺ​រឿង​«​ពុទ្ធិ​សែន​នាង​ក​ង្រី​» រួមទាំង​ខ្សែភាពយន្ត​២​រឿង​ផ្សេងទៀត​។ មាន​ការដាក់​បញ្ចាំង​រឿង  «SURVIVING BOKATOR» ជា​ភាពយន្ត​ឯកសារ ស្ដីពី​ការ​រស់​ឡើងវិញ​នៃ​សិល្បៈ ក្បាច់គុន​បុរាណ​ខ្មែរ​។ ភាពយន្ត​ទាក់ទង​នឹង​សម័យ​ខ្មែរក្រហម ពី​សម្បត្តិ​ធម្មជាតិ ពី​សត្វព្រៃ​ដ៏​កម្រ​។

​ភាពយន្ត​អន្តរជាតិ​ជាច្រើន​ទៀត ដូចជា​ភាពយន្ត​ឯកសារ ភាពយន្ត​ខ្នាត​ខ្លី ភាពយន្ត​ខ្នាត​វែង គំនូរជីវចល​មកពី​ជុំវិញ​ពិភពលោក​។ ក្នុង​រយៈពេល​៦​ថ្ងៃនេះ 8thCIFF  ក៏​នឹង​ការរៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត នៅ​ទីតាំង​ផ្សេងៗ​គ្នា​ចំនួន​១០ ក្នុង​ភ្នំពេញ​ដែរ ដោយមាន​ការចូលរួម​ពី​សមិទ្ធ​ករ​ភាពយន្ត អ្នកដឹកនាំ​រឿង​ដែល​ទទួលបាន​ពានរង្វាន់​Oscar និង​ពានរង្វាន់​ដទៃទៀត ប្រមាណ​៧០​រូប មកពី​បណ្តា​ប្រទេស​ចំនួន​១៧ ចូលរួម​ផងដែរ​។  

​សម្រាប់​កម្មវិធី​លម្អិត​នៃ​ការចាក់​បញ្ចាំងភាពយន្ត និង​ព័ត៌មាន​ផ្សេងៗ ពី​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អន្តរជាតិ​លើក​ទី​៨ មាន​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ http://cambodia-iff.com/ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​៖ https://www.facebook.com/cambodiaiff/ ។ ទស្សនិកជន​អាចមក​ទទួលយក​សំបុត្រ​ចូល​ទស្សនា​ភាពយន្ត​មួយ​ម៉ោង​មុន​ការចាក់​បញ្ចាំង នៅ​បញ្ជរ​សំបុត្រ​មហោស្រព​។ សម្រាប់​អ្នក​មក​យឺត  ឬ​មិន​ចង់​រង់ចាំ អាច​ទិញ​សំបុត្រ​បាន​ក្នុងតម្លៃ​៥០០០​រៀល​៕


Tag:
 ភាពយន្ត​
 CIFF
 ​ជា សុភាព​
© រក្សាសិទ្ធិដោយ thmeythmey.com