ជាតិ
សិល្បះ
CIFF វេទិកាភ្ជាប់សមិទ្ធករភាពយន្តកម្ពុជា-បរទេស និងផ្សព្វផ្សាយវប្បធម៌កម្ពុជាទៅកាន់ពិភពលោក
× ភ្នំពេញ៖ មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី៨ (8thCIFF) ដែលជាវេទិកាដ៏មានសារសំខាន់ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងសមិទ្ធករភាពយន្តកម្ពុជា ជាមួយសមិទ្ធករភាពយន្តបរទេស និងផ្សព្វផ្សាយវប្បធម៌កម្ពុជាទៅកាន់ពិភពលោក បានបើកសម្ពោធកាលពីល្ងាចថ្ងៃទី៥ ខែមីនា។ សម្រាប់ឆ្នាំនេះ 8thCIFF នឹងចាក់បញ្ចាំងជូនទស្សនាឥតគិតថ្លៃភាពយន្តជាតិ និងអន្តរជាតិចំនួន១៣៨ចំណងជើង មកពី៤១ប្រទេស នៅគ្រប់រោងភាពយន្តទាំងអស់នៅភ្នំពេញ និងនៅទីវាលកោះពេជ្រ។ ក្នុងនោះភាពយន្តល្បីៗរបស់កម្ពុជា ក៏នឹងមានវត្តមានដែរ ដូចជារឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» រឿង«ស្ដេចកន» រឿង«ធ្មប់» និងរឿងបារាំង«THE PATH» ដែលថតនៅកម្ពុជាជាដើម។
មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី៨ (8thCIFF) ឆ្នាំនេះ ប្រព្រឹត្តទៅរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែមីនា ដោយនឹងចាក់បញ្ចាំងភាពយន្តជាតិ និងអន្តរជាតិចំនួន១៣៨ចំណងជើង មកពី៤១ប្រទេស ឲ្យទស្សនិកជនទស្សនាឥតគិតថ្លៃ នៅតាមនៅគ្រប់រោងភាពយន្តទាំងអស់នៅភ្នំពេញ និងនៅទីវាលកោះពេជ្រ។
លោក ជា សុភាព នាយកប្រតិបត្តិមជ្ឈមណ្ឌលសោតទស្សបុប្ផាណា បានថ្លែងក្នុងពិធីបើកមហោស្រពថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានក្លាយទៅជាវេទិកាមួយ ផ្សារភ្ជាប់សមិទ្ធករភាពយន្តកម្ពុជា ជាមួយសមិទ្ធករភាពយន្តបរទេស និងក៏ជាឱកាសយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយវប្បធម៌កម្ពុជាទៅកាន់ពិភពលោកដែរ។ មិនត្រឹមតែប៉ុណ្ណោះ មហោស្រពនេះ ក៏ជាវេទិកាស្វែងយន្តពីភាពយន្តរបស់បរទេស ហើយក៏បានលើកស្ទួយវិស័យភាពយន្តឲ្យកាន់តែមានលក្ខណៈសម្បូរបែប។
កញ្ញា អេឡូឌី យ៉ុង (ELODIE YUNG) តារារាហូលីវូដ ខ្មែរ-បារាំង ដែលជាប្រធានកិត្តិយសនៃ8thCIFFនេះ ក៏បានថ្លែងសារអបអរនៅក្នុងពិធីបើកមហោស្រពនេះ បើទោះជាកញ្ញា នាងមិនបានមកចូលរួមដោយផ្ទាល់ក៏ដោយ។ តាមរយៈវីដេអូដែលបញ្ចាំងនៅក្នុងពិធីបើកមហោស្រព កញ្ញា អេឡូឌី យ៉ុង បានថ្លែងថានាងមានកិត្តិយសណាស់ ដែលបានធ្វើជាប្រធានកិត្តិយស CIFF ឆ្នាំនេះ។ កញ្ញា អេឡូឌី យ៉ុង ដែលមានឪពុកជាជនជាតិខ្មែររូបនេះ បញ្ជាក់ទៀតថាមហោស្រពនេះសំខាន់ណាស់ ក្នុងការផ្សាយពីវប្បធម៌ខ្មែរ ទៅជុំវិញពិភពលោក ដោយបង្ហាញខ្សែភាពយន្តល្អៗ ប្លែកៗជារៀងរាល់ឆ្នាំ។
សូមបញ្ជាក់ផងដែរ នៅក្នុងពិធីបើកមហោស្រព 8thCIFF ភាពយន្តឯកសារមួយស្ដីពីធម្មជាតិកម្ពុជា ក្រោមចំណងជើងថា «ព្រះរាជាណាចក្រនៃធម្មជាតិ» ត្រូវបានចាក់បញ្ចាំងជូនភ្ញៀវកិត្តិយសដែលចូលរួម។ លោក ដានីញ៉ែល រ៉ូពើ ហ្សូន ជាអ្នកផលិតឯកសារដែលមានរយៈ ពេល៨៣នាទី ដោយបានបង្ហាញពីជីវចម្រុះដ៏ស្រស់ស្អាត និងសត្វព្រៃកម្រនៅកម្ពុជា។ ភាពយន្តនេះ ក៏បានបង្ហាញដែរថាការការពារបរិស្ថាន ជីវិតសត្វព្រៃ និងការការពារភពផែនដី ត្រូវការចូលរួមជាចាំបាច់ពីមនុស្ស ហើយការថែរក្សាបរិស្ថាន និងសត្វព្រៃនេះទៀតសោត គឺប្រៀបបាននឹងការថែរក្សាជីវិតខ្លួនឯងដូច្នោះដែរ។
ដោយឡែកសម្រាប់ឆ្នាំនេះ 8thCIFF នឹងចាក់បញ្ចាំងជូនទស្សនាឥតគិតថ្លៃភាពយន្តជាតិ និងអន្តរជាតិចំនួន១៣៨ចំណងជើង មកពី៤១ប្រទេស នៅតាមនៅគ្រប់រោងភាពយន្តទាំងអស់នៅភ្នំពេញ និងនៅទីវាលកោះពេជ្រ។ ក្នុងនោះភាពយន្តល្បីៗរបស់កម្ពុជា ក៏នឹងត្រូវដាក់បញ្ចាំងដែរ មានរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» របស់អ្នកស្រី Angelina Jolie។ រឿង«ស្ដេចកន» ដែលដឹកនាំដោយលោក ម៉ៅ អាយុទ្ធ។ រឿង«ធ្មប់» របស់លោក ហ៊ុយ យ៉ាឡេង។ ភាពយន្តបារាំង«THE PATH» របស់លោក Jeanne Labrune ដែលថតនៅប្រទេសកម្ពុជា និងមានរឿងមួយចំនួនទៀត។
កម្មវិធីពិសេស គឺការរម្លឹកដល់ស្នាដៃរបស់លោក លី ប៊ុនយីម អ្នកដឹងនាំរឿងខ្មែរដ៏ឆ្នើមមួយរូបនាទស្សវត្សឆ្នាំ៦០ នឹងការចាក់បញ្ចាំងរឿងដ៏ល្បីរបស់លោក គឺរឿង«ពុទ្ធិសែននាងកង្រី» រួមទាំងខ្សែភាពយន្ត២រឿងផ្សេងទៀត។ មានការដាក់បញ្ចាំងរឿង «SURVIVING BOKATOR» ជាភាពយន្តឯកសារ ស្ដីពីការរស់ឡើងវិញនៃសិល្បៈ ក្បាច់គុនបុរាណខ្មែរ។ ភាពយន្តទាក់ទងនឹងសម័យខ្មែរក្រហម ពីសម្បត្តិធម្មជាតិ ពីសត្វព្រៃដ៏កម្រ។
ភាពយន្តអន្តរជាតិជាច្រើនទៀត ដូចជាភាពយន្តឯកសារ ភាពយន្តខ្នាតខ្លី ភាពយន្តខ្នាតវែង គំនូរជីវចលមកពីជុំវិញពិភពលោក។ ក្នុងរយៈពេល៦ថ្ងៃនេះ 8thCIFF ក៏នឹងការរៀបចំព្រឹត្តិការណ៍ផ្សេងៗទៀត នៅទីតាំងផ្សេងៗគ្នាចំនួន១០ ក្នុងភ្នំពេញដែរ ដោយមានការចូលរួមពីសមិទ្ធករភាពយន្ត អ្នកដឹកនាំរឿងដែលទទួលបានពានរង្វាន់Oscar និងពានរង្វាន់ដទៃទៀត ប្រមាណ៧០រូប មកពីបណ្តាប្រទេសចំនួន១៧ ចូលរួមផងដែរ។
សម្រាប់កម្មវិធីលម្អិតនៃការចាក់បញ្ចាំងភាពយន្ត និងព័ត៌មានផ្សេងៗ ពីព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិលើកទី៨ មានផ្សព្វផ្សាយនៅលើគេហទំព័រ http://cambodia-iff.com/ ទំព័រហ្វេសប៊ុកផ្លូវការ៖ https://www.facebook.com/cambodiaiff/ ។ ទស្សនិកជនអាចមកទទួលយកសំបុត្រចូលទស្សនាភាពយន្តមួយម៉ោងមុនការចាក់បញ្ចាំង នៅបញ្ជរសំបុត្រមហោស្រព។ សម្រាប់អ្នកមកយឺត ឬមិនចង់រង់ចាំ អាចទិញសំបុត្របានក្នុងតម្លៃ៥០០០រៀល៕
Tag:
ភាពយន្ត
CIFF
ជា សុភាព
© រក្សាសិទ្ធិដោយ thmeythmey.com