កីឡាអន្តរជាតិ
អន្តរជាតិ
Alvarez រកឃើញថា​មាន​ផ្ទុក​សារធាតុ​ហាមឃាត់ បន្ទាប់ពី​បរិភោគសាច់​កខ្វក់​
06, Mar 2018 , 7:39 pm        
រូបភាព
​កំពូល​អ្នក​ប្រដាល់​ម៉ិ​ក​ស៊ិ​ក Saul Canelo Alvarez ដែល​នឹងត្រូវ​ឡើង​ជម្រះបញ្ជី​គ្នា​ក្នុងជំនួប​លើក​ទី​២ ជាមួយ​ម្ចាស់​ជើងឯក​ទម្ងន់​មធ្យម​ពិភពលោក Gennady Golovkin ត្រូវបាន​រកឃើញថា​មាន​ផ្ទុក​សារធាតុ​ហាមឃាត់​បន្ទាប់ពី​បរិភោគ​សាច់​កខ្វក់​។ នេះ​បើតាម​សម្តី​របស់​អ្នក​ផ្គូរ​ផ្គង​កីឡាប្រដាល់ Golden Boy (​លោក Oscar De La Hoya) កាលពី​ថ្ងៃទី​៥ ខែមីនា​។



​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ផ្សាយ​ដូច្នេះ​ថា ការធ្វើ​តេស្ត​ដោយ​ស្ម័គ្រចិត្ត​មួយ​បាន​បង្ហាញថា Alvarez មាន​ស្នាម​កាកសំណល់​នៃ​សារធាតុ Clenbuterol ក្នុង​ខ្លួន​របស់គេ​បន្ទាប់ពី​បាន​បរិភោគ​សាច់​កខ្វក់ ដែល​សារធាតុ​នេះ​ត្រូវបាន​ហាមឃាត់​ប្រើប្រាស់​ក្នុង​សកម្មភាព​កីឡា​។ Clenbuterol ត្រូវបាន​គេ​ប្រើ​ដើម្បី​ព្យាបាល​ជំងឺហឺត​ប៉ុន្តែ​វា​ក៏​អាចជួយ​បង្កើត​ម៉ាស​សាច់ដុំ​ខ្លាញ់ និង​ដុត​ជាតិ​ខ្លាញ់​ពី​រាងកាយ​ផងដែរ​។​

​ក្រោយ​ការ​ពិនិត្យឃើញ​សារធាតុ​នេះ​អ្នក​ប្រដាល់​សវ័យ​២៧​ឆ្នាំ បាន​និយាយថា​៖«​ខ្ញុំ​ជា​អត្ត​ព​លិ​ក​ដែល​គោរព​កីឡា​ហើយ​រឿងនេះ​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល និង​រំខាន​ខ្ញុំ​ព្រោះ​វា​មិនដែល​កើតឡើង​ចំពោះ​ខ្ញុំ​ទេ​។ ខ្ញុំ​នឹងដាក់​រាល់​ការធ្វើ​តេស្ត​ទាំងអស់​ដែល​តម្រូវ​ឲ្យ​ខ្ញុំ​បញ្ជាក់​ពី​ស្ថានភាព​ដ៏​អាម៉ាស់​នេះ ហើយ​ខ្ញុំ​ជឿជាក់ថា​នៅ​ទីបញ្ចប់​សេចក្តី​ពិត​នឹងត្រូវ​បង្ហាញ​»​។​



​លើសពីនេះ​ទៀត​នោះ អ្នក​ប្រដាល់​ដែល​ធ្លាប់​ប្រកួត ៥១​ដង ឈ្នះ​៤៩ ស្មើ​១ និង​ចាញ់​ម្តង ក៏បាន​បន្ទោស​ទៅលើ​ការចម្លង​រោគ​សាច់​ដែល​បាន​ប៉ះពាល់​ដល់​អត្ត​ព​លិ​ក​រាប់សិប​នាក់​នៅ​ម៉ិ​ក​ស៊ិ​ក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ហើយ​ដោយសារ​បញ្ហា​នេះ បច្ចុប្បន្ន Alvarez ត្រូវ​ផ្លាស់​ទី​ហ្វឹកហាត់​របស់គេ ពី​ម៉ិ​ក​ស៊ី​កូ​ទៅ​សហរដ្ឋអាមេរិក​វិញ និង​បន្ត​ពិនិត្យ​រក​សារធាតុ​ហាមឃាត់​ទៀត​។​

​បើទោះបីជា Alvarez មាន​ផ្ទុក​សារធាតុ​នេះ​ក៏ដោយ ប៉ុន្តែ​ការប្រកួត​របស់គេ ទល់នឹង​អ្នក​ប្រដាល់​មិន​ស្គាល់​ចាញ់​សញ្ជាតិ​កា​ហ្សា​ក់​ស្ថាន Gennady Gennadyevich Golovkin នៅ​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៨ នៅតែ​បន្ត​ដរ​ដែល​៕
អត្ថបទទាក់ទង



Tag:
 ប្រដាល់​
  សារធាតុ​ហាមឃាត់​
  Saul Canelo Alvarez
  Gennady Golovkin
© រក្សាសិទ្ធិដោយ thmeythmey.com