កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ ជា​អ្នកវិភាគ​ឲ្យ RT លោក Mourinho នឹង​បាន​ប្រាក់​ឈ្នួល​៦​សែន​ដុល្លារ​ក្នុង​១​ថ្ងៃ​
07, Mar 2018 , 3:58 pm        
រូបភាព
រូបភាពពីទីភ្នាក់ងារព័ត៌មាន RT
រូបភាពពីទីភ្នាក់ងារព័ត៌មាន RT
​លោក Jose Mourinho នឹង​ទទួលបាន​ប្រាក់​ឈ្នួល ១.៧១​លាន​ផោន (២.៣៨​លាន​ដុល្លារ​អាមេរិក​) ក្នុង​រយៈពេល​ត្រឹមតែ ៤​ថ្ងៃ​ប៉ុណ្ណោះ សម្រាប់​ធ្វើជា​អ្នកវិភាគ​ឲ្យ​ទូរ​ទ្សន៍​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី​។



​អ្នកចាត់ការ​ទូទៅ​ក្រុម Manchester United នឹងធ្វើ​ដំណើរ​ទៅ​ទីក្រុង​មូ​ស្គូ​ដើម្បី​ចែករំលែក​ការវិភាគ និង​ការព្យាករណ៍​អំពី​កីឡាបាល់ទាត់​ក្នុងការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឲ្យ​ប៉ុស្តិ៍​ទូរទស្សន៍ RT​។​

​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី RT ផ្សាយ​ថា អ្ន​កចាត់ការ​រហស្សនាម Special One នឹង​ទទួលបាន​ថ្លៃឈ្នួល ៤២៥.០០០ ផោន (​ជិត​៦​សែន​ដុល្លារ​អាមេរិក​) ក្នុង​មួយថ្ងៃ ឬ ២.៣៨​លាន​ដុល្លារ​ក្នុង​រយៈពេល​៤​ថ្ងៃ​។​

​នៅក្នុង​កិច្ចសន្យា​នោះ អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៥៤​ឆ្នាំ នឹង​ស្ថិតក្នុង​ក្រុង​ម៉ូស្គូ​រយៈពេល ៤​ថ្ងៃ​ចាប់​ពីថ្ងៃ​បើកឆាក World Cup តទៅ ដើម្បី​វិភាគ​ជុំវិញ​ការប្រកួត​មួយចំនួន ​មុន​ត្រឡប់​ទៅ​ក្រុង Manchester វិញ និង​បង្ហាញខ្លួន​១​លើក​ទៀត​នៅ​ថ្ងៃ​ចុងក្រោយ​សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​។​

«​ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​បាន​ចូលរួម​ជាមួយ​ក្រុម​នៅ RT​។ ខ្ញុំ​កំពុង​ទន្ទឹងរង់ចាំ​ចូលរួម​ព្រឹត្តិការណ៍ World Cup នៅ​ប្រទេស​រុស្ស៊ី​រដូវក្តៅ​នេះ និង​ចែករំលែក​ការយល់​ដឹង​របស់ខ្ញុំ​នៅក្នុង​ការប្រកួត​នោះ​»​។ នេះ​ជាការ​លើកឡើង​របស់ Mourinho ក្នុងនាម​លោក​ធ្លាប់មាន​បទពិសោធន៍ និង​ចំណេះដឹង​ជា​អន្តរជាតិ​លើ​វិស័យ​កីឡាបាល់ទាត់ និង​ធ្លាប់​ដឹកនាំ​ក្រុម​ឈ្នះ Champions League ២​ដង​ក្នុង​អាជីព​។​



​ក្រៅពី​អតីត​អ្នកចាត់ការ Chelsea និង Real Madrid នេះ លោក Peter Schmeichel វីរបុរស​អ្នកចាំទី​របស់​ក្រុម​បិសាច​ក្រហម Man Utd ក៏មាន​វត្តមាន​ក្នុង​កញ្ចក់​ទូរ​ទ្សន៍​ល្បី​របស់​រុស្ស៊ី​នេះដែរ​។

 Mourinho និង Schmeichel ក៏​ស្ថិតក្នុង​វីដេអូ​ផ្សាយពាណិជ្ជកម្ម​សម្រាប់​ការប្រកួត World Cup របស់​ទូរទស្សន៍ RT ផងដែរ​៕

​វី​ដែ​អូ​




Tag:
 បាល់ទាត់​
  FIFA World Cup
  Jose Mourinho
  RT
© រក្សាសិទ្ធិដោយ thmeythmey.com