ជាតិ
បទយកការណ៍ / បទសម្ភាសន៍
UN Women៖ សង្គម​ត្រូវ​ផ្តល់​តម្លៃ​ការងារ​ស្ត្រី​ទាំងអស់​រាប់ទាំង​ការងារ​ផ្ទះ​ដែល​មិនបាន​កម្រៃ​
08, Mar 2018 , 6:39 am        
រូបភាព
ដោយ: ថ្មីៗ
​នៅ​កម្ពុជា ស្ត្រី​ដើរតួនាទី​សំខាន់​ណាស់​ក្នុងការ​ជំរុញ​ការលូតលាស់​នៃ​សេដ្ឋកិច្ច និង​សង្គម​។ ៦០​ភាគរយ​នៃ​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) គ្រប់គ្រង និង​ដំណើការ​ដោយ​ស្ត្រី ហើយ​ស្ត្រី​មាន​ចំណែក​ដល់​ទៅ ៨៥ ភាគរយ​នៃ​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​ដែលជា​វិស័យ​មួយ​យ៉ាង​ធំ​ជំរុញ​កំណើន ផលិតផល​ក្នុងស្រុក​សរុប​ថែមទៀត​។ យ៉ាងណាមិញ តម្លៃ​នៃ​ការចូលរួម​របស់​ស្ត្រី មិនទាន់​ត្រូវបានគេទទួលស្គាល់​ទូលំទូលាយ​នៅឡើយ​ទេ ហើយ​សមភាព​យេនឌ័រ​ក៏​មិនទាន់​កើតមានឡើង​ពិតប្រាកដ​ដែរ​។  លោកស្រី Sarah Knibbs អ្នកតំណាង​រង​នៃ​ទីភ្នាក់ងារ​សហប្រជាជាតិ​ដើម្បី​សមភាព​យេនឌ័រ ហៅ​កាត់​ថា UN Women យល់ឃើញថា ដើម្បី​ឲ្យ​មានការ​ទទួលស្គាល់​តម្លៃ​នៃ​ការចូលរួម​ដ៏​សំខាន់​របស់​ស្ត្រី​នេះ​គឺ​សង្គម​ទាំងមូល​ត្រូវ​ប្តូរ​ការគិត ឈប់​រើសអើង និង​ឲ្យ​តម្លៃ​ការងារ​ស្ត្រី​ទាំងអស់ រួមទាំង​ការងារ​ផ្ទះ​ដែល​គ្មាន​ប្រាក់កម្រៃ​ផង​។​



​ខាងក្រោម​នេះ​ជា​បទសម្ភាសន៍​ទាំងស្រុង​រវាង​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោកស្រី Sarah Knibbs៖

១. ពិភពលោក​នឹង​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​ឆ្នាំ​២០១៨ ក្រោម​មូលបទ «​ដល់ពេល​ហើយ​៖ សកម្មជន​ទីក្រុង និង​ជនបទ​ដើម្បី​កែប្រែ​ជីវិត​ស្ត្រី​»​។ តើ​អ្នក​អាច​ពន្យល់​ពី​មូលបទ​នេះ​ដល់​អ្នកអាន​បានទេ​?

​ទិវា​នារី​អន្តរជាតិ​ឆ្នាំ​២០១៨ ធ្វើឡើង​ចំពេល​ដែល​យើង​បានឃើញ​ពី​ការអំពាវនាវ​មិន​ធ្លាប់មាន​សម្រាប់​លើកកម្ពស់​សិទ្ធិ និង​សមភាព​សម្រាប់​ស្ត្រី​នៅ​ជុំវិញ​ពិភពលោក​។ ចលនា #MeToo ជា​ឧទាហរណ៍​បង្ហាញ​ពី​ស្ត្រី​ចម្រុះ​ជាតិ​សាសន៍​ចាប់តាំងពី​តារា​សម្ដែង​ដល់ក​ម្មករ អាច​បញ្ចេញ​សំឡេង​តែមួយ​ដើម្បី​ជម្នះ​ភាពអាម៉ាស់ នាំយក​ការយកចិត្ត​ទុក​លើ​ការរំលោភបំពាន​ផ្លូវភេទ និង​ស្នើសុំ​យុត្តិធម៌​។ មូលបទ «​ដល់ពេល​ហើយ​» បង្កើតឡើង​នៅ​ខណៈដែល​ស្ត្រី​ទូទាំង​ពិភពលោក​និយាយថា គ្រប់គ្រាន់​ហើយ ហើយ​ពេល​វា​ដល់​ពេលដែល​ត្រូវ​ឲ្យ​សមភាព​យេនឌ័រ​ក្លាយជា​ការពិត​។​

២. អំពើហិង្សា​លើ​ស្ត្រី​មាន​ច្រើន​ទម្រង់​ដូចជា ការបំពាន​ផ្លូវភេទ អំពើហិង្សា​ក្នុង​គ្រួសារ ចំនួន​ស្ត្រី​តិចតួច​ក្នុងការ​សម្រេចចិត្ត ឬ​ក្នុង​នយោបាយ​ជាដើម​។ ប៉ុន្តែ​ឆ្នាំនេះ ការយកចិត្តទុកដាក់​លើ​ជីវិត​ស្ត្រី​នៅ​ទីជនបទ ហាក់ដូចជា​រឿង​សំខាន់​។ តើ​អ្នកស្រី​អាច​បកស្រាយ​បានទេ​?


​ការយកចិត្តទុកដាក់​លើ​ស្ត្រី​នៅ​ជនបទ ជា​រឿង​សំខាន់ ព្រោះ​យើង​ដឹង​ហើយ​ថា ក្នុង​បរិបទ​ជាច្រើន ស្ត្រី​រស់នៅ​ជនបទ​រងគ្រោះ និង​រង​ការបំពាន​ច្រើនជាង​ស្ត្រី​ទីក្រុង​ដូចជា ការទទួលបាន​ការអប់រំ សេវា​សុខភាព  និង​ឱកាស​ការងារ​។ វា​ជា​រឿង​សំខាន់​ដើម្បី​ធានាថា សំឡេង​ស្ត្រី​ជនបទ​ត្រូវ​បានឮ ហើយ​បញ្ហា​ពួកគេ​ត្រូវបាន​ដោះស្រាយ​។ នេះ​ជា​មូលបទ​ដ៏​សំខាន់​របស់​កម្ពុជា ព្រោះ​៨៥​ភាគរយ​នៃ​ប្រជាជន​កម្ពុជា រស់នៅ​ជនបទ​។ ស្ត្រី​ជនបទ​កម្ពុជា​ដើរតួនាទី​សំខាន់​ក្នុង​សេដ្ឋកិច្ច និង​សង្គម ហើយ​ជា​ឧទាហរណ៍ ពួកគេ​ផ្ដល់​កម្លាំង​ពលកម្ម​ច្រើន​ដើម្បី​ផលិត​ស្បៀងអាហារ​។ ពួកគេ​ក៏មាន​ប្រឈម​ជាក់លាក់​ដូចជា​ផលប៉ះពាល់​បម្រែបម្រួល​អាកាសធាតុ និង​ទេសន្តរប្រវេសន៍​ជាដើម​។​

៣. យោងតាម​ការរកឃើញ​ថ្មីៗ​នេះ ៦០​ភាគរយ​នៃ​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) គ្រប់គ្រង និង​ដំណើការ​ដោយ​ស្ត្រី ហើយ​ស្ត្រី​មាន​ចំណែក​ដល់​ទៅ ៨៥ ភាគរយ​នៃ​កម្មករ​ក្នុង​វិស័យ​កាត់ដេរ ដែល​រួមចំណែក​យ៉ាង​ធំ​សម្រាប់​ផលិតផល​ក្នុងស្រុក​សរុប (GDP)​។ ប៉ុន្តែ​ការរួមចំណែក​របស់​ស្ត្រី​ក្នុង​វិស័យសេដ្ឋកិច្ច មិនទាន់​ត្រូវបាន​ទទួលស្គាល់​ទូលាយ​នៅឡើយ​។ សម្រាប់​គំនិត​អ្នកស្រី​ផ្ទាល់ តើ​យើង​គួរ​ធ្វើ​អ្វីខ្លះ​ដើម្បី​ឲ្យ​សង្គម​ទទួលស្គាល់​ការចូលរួម​របស់​ស្ត្រី​?


​នេះ​ជា​បញ្ហា​ទូទាំង​ពិភពលោក​ដែល​ស្ត្រី​ទទួល​ប្រាក់​បំណាច់​ទាប និង​មាន​ឋានៈ​ការងារ​ទាប​ជាង​បុរស ហើយ​រងបន្ទុក​ការងារ​មិន​ទទួល​ប្រាក់​ដ៏​ធ្ងន់​ដូចជា​កិច្ចការ​ផ្ទះ និង​ការមើល​ថែកូនៗ​ដូច​ការងារ​ទទួលបាន​ប្រាក់​ដែរ​។ បញ្ហា​នេះ​ឆ្លុះបញ្ចាំង​ពី​កត្តា​សង្គម​ដែល​ឲ្យ​តម្លៃ​ស្ត្រី​ទាប​ជាង​បុរស​។ ប្រសិនបើ​យើង​ចង់​ទទួលស្គាល់​ការចូលរួម​របស់​ស្ត្រី និង​បង្កើន​ឱកាស​ការងារ​របស់​ពួកគេ យើង​ត្រូវតែ​រាប់ និង​ឲ្យ​តម្លៃ​ការងារ​ទាំងអស់​ដែល​ពួកគេ​ធ្វើ​តួយ៉ាង​ការងារ​មើល​រក្សា​ផ្ទះ​ដែល​មិន​ទទួលបាន​ប្រាក់ តែ​ក៏​ជួយ​ឲ្យ​សង្គម​ដំណើរការបាន​។ យើង​ចាំបាច់​ត្រូវ​គិត​ខុសពី​មុន ត្រូវ​ពិនិត្យមើល​បទដ្ឋាន​ដែល​រើសអើង​ស្ត្រី និង​ត្រូវ​និយាយ​ពី​សមភាព​យេនឌ័រ​ជា​សាធារណៈ​។​

៤. នៅ​កម្រិត​ឧ​ត្ត​មសិ​ក្សា ចំនួន​ស្ត្រី​នៅមាន​តិច​នៅឡើយ ជាពិសេស​នៅ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​។ តើ​យើង​អាច​បង្កើន​ចំនួន​ស្ត្រី​នៅ​ឧ​ត្ត​ម​សិក្សា​ដូចជា​នៅ​ថ្នាក់បណ្ឌិត ឬ​អនុបណ្ឌិត​តាមរ​របៀប​ណា​?

​មាន​វិធីសាស្ត្រ​ច្រើន​ដែល​យើង​អាច​លើកទឹកចិត្ត​ឲ្យ​ស្ត្រី​រៀន​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​។ វា​ជា​ដំណាក់កាល​ផ្លាស់​ប្ដូរជីវិត​សម្រាប់​បុគ្គល​ម្នាក់ និង​ផ្ដល់​ប្រយោជន៍​ដល់​សង្គម​ផង​។ ស្ត្រី​ដែលមាន​ឱកាស​ទទួល​ការអប់រំ និង​ឈានដល់​តំណែង​ថ្នាក់ដឹកនាំ អាច​ដើរតួនាទី​ជា​ឧទាហរណ៍​សម្រាប់​ស្ត្រី​ក្មេងៗ ហើយ​អាហារូបករណ៍ និង​កម្មវិធី​ផ្សេងទៀត​អាច​បើកចំហ​ឲ្យ​ទូលាយ​ដើម្បី​ការអប់រំ​។ មាន​ចំណាត់​ជាក់ស្ដែង​ច្រើន​ទៀត​ដែល​យើង​អាច​អនុវត្តបាន​ផងដែរ​។ ឧទាហរណ៍ តាម​បទពិសោធន៍​ខ្ញុំ​ផ្ទាល់ នៅពេល​ក្លាយជា​ម្ដាយ​នៅ​វ័យក្មេង ខ្ញុំ​មិនអាច​បញ្ចប់​ថ្នាក់អនុបណ្ឌិត​បានទេ បើ​ខ្ញុំ​គ្មាន​សំណាង​គ្រប់គ្រាន់​ដើម្បី​រក​សាលា​ដែល​ផ្ដល់​សេវា​ថែរក្សា​កូនប្រុស​អាយុ​ពីរ​ឆ្នាំ​របស់ខ្ញុំ​នោះ​។ ប៉ុន្តែ​ខ្ញុំ​គិតថា រឿង​ដែល​សំខាន់ គឺ​ការ​មើលថែ​កូនស្រី​ប្រុស​របស់​យើង ការដាក់​គោលដៅ​វែងឆ្ងាយ ជឿជាក់​លើ​ខ្លួនឯង និង​បន្តដំណើរ​ទៅមុខ​។

៥. អំពើហិង្សា​គ្រប់បែប​លើ​ស្ត្រី នៅតែ​ជា​ចំណងជើង​សំខាន់​នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា ជាពិសេស​នៅតាម​ព័ត៌មាន​អន​ឡាញ និង​សង្គម ដែល​បង្ក​ឥទ្ធិពល​យ៉ាងខ្លាំង​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាច​ដើរតួនាទី​សំខាន់​ក្នុងការ​កត់សម្គាល់​បញ្ហា​ទាំងនេះ​ដូចជា​អំពើហិង្សា​លើ​ស្ត្រី​។ វា​ជា​រឿង​សំខាន​ដែល​ការរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ត្រូវបាន​មានការ​ទទួលខុសត្រូវ និង​គោរព​ក្រមសីលធម៌​ដែលមាន​នៅ​កម្ពុជា ដូចជា​ការការពារ​ព័ត៌មាន​សម្ងាត់​រប​ស់បុ​គ្គល និង​ចៀសវាង​ផ្សាយ​រូបភាព​ប៉ះពាល់​ស្ត្រី​។ ខ្ញុំ​សង្ឃឹមថា ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា រួមទាំង​ប្រព័ន្ធ​អន​ឡាញ​ផង​ដែលមាន​តួនាទី​សំខាន់​ក្នុង​ជះ​ឥទ្ធិ​ដល់​ស្ត្រី​និង​បុរស​ក្មេង អាច​ក្លាយជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​តាមរយៈ​ការដើរ​តួនាទី​វិជ្ជមាន លើកឡើង​ពី​អ​សមភាព​យេនឌ័រ និង​ជួយ​អ្នកអាន​ឲ្យ​គិត​មត់​ចត់​ពី​តួនាទី​បុរស និង​ស្ត្រី​។​

៦. សម្រាប់​គំនិត​អ្នកស្រី​ផ្ទាល់ តើ​គោលដៅ​អភិវឌ្ឍ​ដោយ​ចីរភាព (SDG) អាចជួយ​កម្ពុជា​ដោះស្រាយ​បញ្ហា​ស្ត្រី​យ៉ាងដូចម្ដេចខ្លះ​?

​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព (SDG) ទាំងអស់ សុទ្ធ​តែមាន​ផលប៉ះពាល់​វិជ្ជមាន​លើ​ជីវិត​ស្ត្រី និង​ក្មេង​ស្ត្រី ហើយ​ការអភិវឌ្ឍ​ដោយ​ចីរភាព​ពិតប្រាកដ មិនអាច​សម្រេចបាន​ដោយ​គ្មាន​ការបង្កើន​សមភាព​យេនឌ័រ​ឡើយ​។ គោលដៅ​ទី​៥ ពិតជា​សំខាន់​ជាងគេ ព្រោះ​គោលដៅ​នេះ​បាន​អំពាវនាវ​ឲ្យ​កា​រលើ​កម្ពស់​សមភាព​យេនឌ័រ និង​ការផ្ដល់​សិទ្ធិអំណាច​ឲ្យ​ស្ត្រី និង​ក្មេងស្រី​គ្រប់រូប​។ សារ​នៃ SDG នេះ​គឺ «​គ្មាន​នរណាម្នាក់​ត្រូវ​បោះបង់ចោល​ឡើយ​» ហើយ​វា​ជា​រឿង​សំខាន់​ដែល​គោលដៅ​ទី​៥ និយាយ​ពី​សមភាព​សម្រាប់​ស្ត្រី និង​ក្មេង​ស្ត្រី​គ្រប់រូប ដែល​នេះ​មានន័យថា ស្ត្រី​នៅ​ទូទាំង​ពិភពលោក មិន​ថា​ស្ថិតនៅ​ក្រុម​ណា​ឡើយ ត្រូវតែ​បញ្ចូល​ទាំងអស់​ដើម្បី​សម្រេចបាន​សមភាព​យេនឌ័រ​។​

៧. តើ​បុរស​អាចធ្វើ​អ្វីខ្លះ​ដើម្បី​លើកកម្ពស់​ស្ត្រី​ក្នុងសង្គម​?


​បុរស​អាច​លើកកម្ពស់​សិទ្ធិ​ស្ត្រី​តាមរយៈ​សកម្មភាព​ប្រចាំថ្ងៃ​ធម្មតា​របស់ខ្លួន​ដូចជា​ស្ដាប់​ស្ត្រី គោរព​ស្ត្រី និង ចែករំលែកធ្វើការងារផ្ទះតាម​ចំណែក​សមរម្យ​។ សូម​ចំណាំ​ថា ខ្ញុំ​មិនបាន​និយាយថា «​ជួយ​ការងារ​ផ្ទះ​» ឡើយ ព្រោះ​កិច្ចការ​ផ្ទះ​មិនមែន​ការ​របស់​ស្ត្រី​ដោយ​ស្វ័យប្រវត្តិ ដែល​បុរស​គួរ​ជួយ​ឡើយ​!  តែ​វា​ជាការ​បែងចែក​ការទទួលខុសត្រូវ​របស់​សមាជិក​គ្រួសារ​។ វា​ជា​រឿង​សំខាន់​ដែល​បុរស​មាន​តួនាទី​ដឹកនាំ រំឭកខ្លួនឯង​ពី​តួនាទី​ក្នុងការ​ទទួលស្គាល់​សក្តានុពល និង​សមត្ថភាព​ស្ត្រី ហើយ​ផ្ដល់ឱកាសឲ្យ​ស្ត្រីបោះជំហានទៅមុខក្នុងការងារ ក៏ដូចជាពាណិជ្ជកម្ម​របស់ពួកគេ​។​

​វា​ជា​រឿង​ល្អនៅពេល​ឃើញ​បុរស​ចង់​ជួយ​លើកកម្ពស់​ស្ត្រី​ក្នុងសង្គម​។ យើងទាំងអស់គ្នា​គួរ​ចូលរួមកាត់ បន្ថយ​ការរើសអើង និង​គាំទ្រ​សិទ្ធិ​ស្ត្រី​វិញ​។ ប៉ុន្តែ​ខ្ញុំ​គិតថា វា​ជារឿងសំខាន់ដែរក្នុងការក្រើន​​​​រំឭក​បុរស និង​ក្មេងប្រុស​ថា គ្រប់គ្នា​សុទ្ធតែ​បាន​ផល​ពី​សមភាព​យេនឌ័រ មិនមែន​តែ​ស្ត្រី​ឡើយ ហើយ​ការកាត់បន្ថយ​ផ្នត់គំនិតយេនឌ័រអាចជួយ​ឲ្យ​យើង​កាន់តែមាន​សេរីភាព​ច្រើន​ដើម្បី​ក្លាយជា​មនុស្ស​ដែល​ចង់បាន និង​សម្រេច​ក្ដី​សុបិន​របស់​យើង​៕


Tag:
 ស្ត្រី​
  សិទ្ធិនារី​
  UN Women
© រក្សាសិទ្ធិដោយ thmeythmey.com