កីឡាអន្តរជាតិ
អន្តរជាតិ
​អាយុ​៩២​ឆ្នាំ​ទៅហើយ តែ​លោកយាយ Ramos នៅ​បង្ហាត់​ក្មេង​ឲ្យ​លេង​បាល់ទាត់​
08, Mar 2018 , 10:05 am        
រូបភាព
​ជាមួយនឹង​កាយវិការ​រហ័សរហួន សម្តី​ម៉ាត់ៗ និង​វិន័យ​តឹងរឹង​របស់​គ្រូបង្វឹក​កីឡាបាល់ទាត់ វ័យ​ចំណាស់​អាយុ ៩២​ឆ្នាំ អ្នកស្រី Maria Angelica Ramos បាន​ជួយ​បណ្តុះបណ្តាល​ឲ្យ​ក្មេងៗ​ជាច្រើន​ក្លាយជា​កីឡាករ​បាល់ទាត់​នៅក្នុង​ប្រទេស​ប៉េ​រូ​។ អ្នកស្រី​បាន​ចំណាយពេល​ស្ទើរ​ពេញ​មួយជីវិត​ជាមួយ​វិស័យ​កីឡា​ដ៏​ពេញនិយម​លើ​ពិភពលោក​មួយ​នេះ​។​



​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ដូច្នេះ​ថា អ្នកស្រី Ramos ដែល​ត្រូវបាន​គេ​ស្គាល់​ថា «Old Lady» បាន​ក្លាយជា​គ្រូបង្វឹក​បាល់ទាត់​អស់​រយៈពេល​ជិត​ពាក់កណ្តាល​សតវត្សរ៍​មកហើយ ដែល​ភាគច្រើន​កូនសិស្ស​ដែល​អ្នកស្រី​បង្ហាត់​ជា​កីឡាករ​របស់​ក្លិប​បាល់ទាត់​ក្នុងប្រទេស​ប៉េ​រ៉ូ America Mimi Sporting Club ស្ថិតនៅ​ក្រុង​លី​ម៉ា​។​

​មាន​កីឡាករ​មិន​ក្រោម ១០០០​នាក់​ទេ ដែល​ស្ថិតក្រោម​ការ​បង្វឹក​ដ៏​តឹងរឹង និង​គោលការណ៍​ច្បាស់លាស់​របស់​អ្នកស្រី​។ បើទោះជា​មាន​វ័យ​ជរា​ទៅហើយ​ក្តី ប៉ុន្តែ Ramos នៅតែមាន​ភាពរឹងមាំ​ក្នុង​កិច្ចការ​របស់ខ្លួន​ដដែល រហូតដល់​ពេលបច្ចុប្បន្ន​នេះ​។​

​បើតាម​សំដី​សិស្ស​ម្នាក់​របស់​អ្នកស្រី​ឈ្មោះ Luis Ignacio Ore Marin បាន​កោតសរសើរ​អ្នកស្រី​ថា​ជា​ស្ត្រី​ដែលមាន​ទឹកចិត្ត​ល្អ​ម្នាក់​។​



«​គាត់​ប្រៀបដូចជា​ម្តាយ​ទី​២ របស់​យើង ហើយ​នៅពេល​គាត់​បង្វឹក និង​ពេល​និយាយ​មកកាន់​យើង គឺជា​ពាក្យ​ទូន្មាន​ដ៏​ល្អ​ដើម្បី​ឲ្យ​យើង​យល់ និង​រឹងមាំ​»​។​

 ក្នុងការ​រស់នៅ​ដោយ​គ្មាន​គ្រួសារ Ramos បាន​លះបង់​ពេលវេលា​ជាច្រើន​ក្នុង​ជីវិត​របស់ខ្លួន​សម្រាប់​ក្មេងៗ ដែល​អ្នកស្រី​បាន​ហ្វឹកហាត់​ក្នុង​រយៈពេល​៤៩​ឆ្នាំ​មកនេះ​។ អ្នកស្រី​ក៏បាន​លើកឡើង​ពី​សុខភាព​យ៉ាប់យ៉ឺន​ក្នុង​រយៈពេល​ចុងក្រោយ​នេះដែរ​។​

«​ខ្ញុំ​រស់នៅ​តែម្នាក់ឯង ខ្ញុំ​មិនមាន​គ្រួសារ ខ្ញុំ​គ្មាន​កូន​ទេ​។ ពីមុន​ខ្ញុំ​មិនដែល​នឹកនា​អំពី​រឿងនេះ​ទេ ប៉ុន្តែ​ឥឡូវនេះ​ខ្ញុំ​ឈឺ ដូច្នេះ​ខ្ញុំ​មើលឃើញ​ពី​តម្រូវការ​ដើម្បី​មាន​នរណាម្នាក់​នៅ​ជាមួយ​ខ្ញុំ​នៅពេលនេះ​»​។ នេះ​ជាការ​លើកឡើង​អំពី​អារម្មណ៍​ស​ង្វែ​ករ​បស់​ស្ត្រី​ដែលមាន​វ័យ​៩២​ឆ្នាំ​ទៅហើយ ហើយ​អ្នកស្រី​បន្ថែមថា​៖«​ខ្ញុំ​នឹង​នៅតែ​បន្ត​ដរាបណា​ព្រះ​ចង់​ឲ្យ​ខ្ញុំ​នៅ​។ ខ្ញុំ​មិនដឹង​ទេ ប៉ុន្តែ​ខ្ញុំ​គិតថា​ខ្ញុំ​នឹង​ស្លាប់​នៅលើ​ទីលាន​ណាមួយ ហើយ​ខ្ញុំ​ចង់បាន​ដូច្នេះ​»៕


Tag:
 បាល់ទាត់​
  Maria Angelica Ramos
  ប៉េ​រ៉ូ
  IWD2018
© រក្សាសិទ្ធិដោយ thmeythmey.com