កីឡាអន្តរជាតិ
អន្តរជាតិ
លេង​ល្អ​ជាង តែ​គ្រូ Spurs ថា​ក្រុម​ខ្វះ​បទពិសោធន៍​នៅ UCL ទើប​ចាញ់ Juventus
08, Mar 2018 , 2:08 pm        
រូបភាព
​លោក Mauricio Pochettino ទទួលស្គាល់ថា​ក្រុម Tottenham Hotspur មាន​កំហុសឆ្គង​ធំៗ ២ លើក ក្រោយ​ចាញ់ Juventus ២-១ ក្នុងការ​ប្រកួត​ជើង​ទី​២ វគ្គ ១៦​ក្រុម​ចុងក្រោយ នៃ​ពានរង្វាន់ UEFA Champions League នៅ​រាត្រី​ថ្ងៃទី ៧ ខែមីនា​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​



​ក្នុងជំនួប​នៅ​កីឡដ្ឋាន Wembley បើទោះបី​ធ្វើបាន​ល្អ​ក្នុងការ​ប្រកួត​តង់​ទី​១ ក៏ដោយ ប៉ុន្តែ Spurs នៅតែ​មិនអាច​បញ្ឈប់​ការរក​គ្រាប់​បាល់​ចំនួន​២​គ្រាប់​ពី​សំណាក់​ក្រុម​សេះបង្កង់ Juventus នៅក្នុង​តង់​ទី​២​ឡើយ​។​

​កូនក្រុម​របស់លោក Pochettino បាន​បើក​ការ​វាយ​សម្រុក​យ៉ាងខ្លាំង​ក្នុង​វគ្គ​ទី​១ ជាមួយនឹង​ឱកាស​រក​គ្រាប់​បាល់​ជាច្រើន​។ ខ្សែប្រយុទ្ធ​សញ្ជាតិ​កូរ៉េខាងត្បូង Heung-Min Son ជា​អ្នក​បំប៉ោង​សំណាញ់​ទី​ជួយ​ឲ្យ​មាន់​ខ្នាយ​មាស​នាំ​មុខមុន​នៅ​នាទី​៣៩ មុន​ចប់​តង់​ទី​១​។​



​ចូលដល់​តង់​ទី​២ ក្រុម​ម្ចាស់ផ្ទះ​ធ្វើ​មិនល្អ​ដូច​វគ្គ​ទី​១​ឡើយ ដោយ​ក្រុម​ភ្ញៀវ​អាច​វាយ​សម្រុក​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​នាទី ៦៤ ពី​ការ​ស៊ុត​របស់​ខ្សែប្រយុទ្ធ Gonzalo Higuain​។ ៣​នាទី​ក្រោយមក​ខ្សែប្រយុទ្ធ​វ័យក្មេង Paulo Dybala បា​នរក​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ​ក្រុម​នាំមុខ Tottenham ២-១ វិញ ជួយ​ឲ្យ​ក្រុម​របស់លោក Massimiliano Allegri អាច​ឈានទៅ​វគ្គ​១/៤ ផ្តាច់ព្រ័ត្រ​ពាន​លំដាប់​កំពូល​អឺរ៉ុប ក្នុង​លទ្ធផល​ទាំងពីរ​ជើង Juventus ៤-៣ Spurs​។​

​អ្នកចាត់ការ​សញ្ជាតិ​អា​ហ្ស​ង់​ទីន វ័យ​៤៦​ឆ្នាំ បាន​មើលឃើញ​ពី​ចំនុចខ្សោយ របស់​កូនក្រុម​ក្រោយ​បរាជ័យ​នេះ ក្នុងនាម​ក្រុម​ក្មេងខ្ចី និង​ខ្វះ​បទពិសោធន៍​ច្រើន​សម្រាប់​ពានរង្វាន់ Champions League បើ​ទោះ​ក្រុម​លោក​លេង​បានល្អ​យ៉ាងណាក៏ដោយ​។​



Pochettino បាន​អះអាងថា​៖«​ក្នុងពេល​តិចជាង​៣​នាទី​យើង​បាន​បណ្តោយ​ឲ្យ​មាន​គ្រាប់​បាល់​រហូតដល់​ទៅ​២​គ្រាប់ ដោយ​ក្នុងនោះ​មាន​កំហុស​ធំៗ ២​លើក ដែលជា​មូលហេតុ​នាំ​ឲ្យ​យើង​ត្រូវ​ធ្លាក់​ចេញ​។ យើង​សម​នឹង​ទទួលបាន​គ្រាប់​បាល់​ច្រើនជាង​នេះ ខ្ញុំ​មើលឃើញ​ដូច្នេះ​។ ប៉ុន្តែ​យើង​មិនអាច​ធ្វើបាន ហើយ​យើង​មាន​បញ្ហា​នៅ​តំបន់​ការពារ​ថែមទៀត​»​។​

​ដោយឡែក​ការប្រកួត​មួយគូរ​ទៀត​កាលពី​យប់​នេះដែរ ក្រុម Manchester City បាន​ចាញ់​ក្រុម​ម្ចាស់ផ្ទះ Basel ២-១ ក្នុង​ជើង​ទី​២ ប៉ុន្តែ​ពួកគេ​នៅតែ​អាច​ឡើងទៅ​វគ្គ ៨​ក្រុម​ចុងក្រោយ ដ្បិត​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Pep Guardiola បាន​យកឈ្នះ​ក្នុង​ជើង​ទី​១ រហូតដល់​ទៅ ៤-០ ឯណោះ​។ ដូច្នេះ​លទ្ធផល​ទាំងពីរ​ជើង Man City ៥-២ Basel ៕








Tag:
 បាល់ទាត់​
  UEFA Champions League
  Tottenham Hotspur
  Juventus
© រក្សាសិទ្ធិដោយ thmeythmey.com