ជាតិ
សង្គមជាតិ
៨​មីនា​៖ ស្ត្រី​នៅតែ​ត្រូវការ​ការ​ផ្តល់ឱកាស និង​ការលើកទឹកចិត្ត​ពី​ក្រុមគ្រួសារ​»
08, Mar 2018 , 6:19 pm        
រូបភាព
​ភ្នំពេញ​៖ ស្ថានទូត​អាមេរិក​បាន​ប្រារព្ធ​«​ទិវា​សិទ្ធិនារី​អន្តរជាតិ​» នៅ​និវេសនដ្ឋាន​ឯកអគ្គរដ្ឋទូត កាលពី​ល្ងាច​ថ្ងៃទី ៧ ខែមីនា​។ នៅក្នុង​ឱកាស​នេះ ស្ត្រី​ដែល​កំពុង​កាន់តំណែង​ធំ​នៅក្នុង​ស្ថាប័ន​ធំៗ ទាំង​រដ្ឋ និង​ឯកជន បញ្ជាក់ថា ការផ្តល់​ឱកាស​ដល់​ស្ត្រី ការលើកទឹកចិត្ត និង​ជ្រោមជ្រែង​ស្ត្រី​ពី​សំណាក់​ក្រុមគ្រួសារ និង​សង្គម គឺជា​កត្តា​សំខាន់​ណាស់ ដើម្បី​ឲ្យ​ស្ត្រី​ទទួលបាន​ជោគជ័យ​ក្នុង​ជីវិត និង​ចូលរួម​កាន់តែ​សកម្ម​នៅក្នុង​ការអភិវឌ្ឍន៍​ស​ង្គ​ម​។ ទន្ទឹមនឹង​នេះដែរ ពួកគាត់​ក៏​យល់ថា  ស្ត្រី​ខ្ឡួ​ន​ឯង ក៏​ត្រូវមាន​សមត្ថភាព និង​ចេះ​ចាប់យក​ឱកាស ក៏ដូចជា​ត្រូវ​ខំប្រឹងប្រែង​ប្រកបការងារ​របស់ខ្លួន​ផងដែរ ទើប​អាច​ទទួលបាន​ជោគជ័យ​។



​ស្ថានទូត​អាមេរិក​បាន​ប្រារព្ធ​«​ទិវា​សិទ្ធិនារី​អន្តរជាតិ​» នៅ​និវេសនដ្ឋាន​ឯកអគ្គរដ្ឋទូត កាលពី​ល្ងាច​ថ្ងៃទី ៧ ខែមីនា​។ បើតាម លោក​William Heidt ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ដែល​ថ្លែង​ក្នុង​កម្មវិធី​នេះ ស្ថានទូត​រៀបចំ​ទិវា គឺ​ក្នុង​បំណង​អរគុណ​ដល់​ការចូលរួម​របស់​ស្ត្រី​នៅក្នុង​សង្គម ក៏ដូចជា​ទទួលស្គាល់ថា នារី​ក៏​កំពុង​ជួបប្រទះ​ឧបសគ្គ​ជាច្រើន​។  លោក William Heidt បាន​បញ្ជាក់ដែរថា បញ្ហា​ប្រឈម​សម្រាប់​ស្ត្រី មិនមែន​កើតឡើង តែ​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ នៅ​សហរដ្ឋអាមេរិក ក៏​កើតមាន​ដែរ ប៉ុន្តែ​ស្ត្រី​ទាំងនោះ នៅតែ​អាច​ជម្នះ និង​ដោះស្រាយ​បញ្ហា​ទាំងអស់​នោះបាន​។ លោក William Heidt បញ្ជាក់បន្ថែម​ដូច្នេះ​៖« ពី​កាលៈទេសៈ​មួយ ទៅ​កាលៈទេសៈ​មួយ យើង​កាន់តែ​បាន​ឃើញថា ស្ត្រី​គឺ​ពិតជា​កត្តា​ដ៏​សំខាន់ ក្នុងការ​អភិវឌ្ឍន៍​ប្រទេស នៅក្នុង​វិស័យ​ផ្សេងៗ តាមរយៈ​វិស័យ​អប់រំ សុខាភិបាល និង​សេដ្ឋកិច្ច​ជាដើម​»​។


 លោកWilliam Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា

​អ្នកស្រី Sheila Crowley នាយិកា​ស្តីទី​ភ្នាក់ងារ Peace corps ប្រចាំ​សហរដ្ឋអាមេរិក បាន​គូសបញ្ជាក់​នៅក្នុង​ពិធី​នេះ​ថា ទិវា​នារី​អន្តរជាតិ គឺជា​ទិវា​ដ៏​វិសេសវិសាល ដែល​ភ្នាក់ងារ Peace corps​ទាំង​នៅ​ប្រទេស​កម្ពុជា និង​នៅលើ​ពិភពលោក​ប្រារព្ធ​ឡើង​ដើម្បី​លើកកម្ពស់ និង​ផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី​ជាពិសេស​។ នៅក្នុង​សុន្ទរកថា​ខ្លី​របស់គាត់​នៅ​និវេសនដ្ឋាន លោកស្រី បានលើកឡើង​ពីស​ម្តី​ឪពុកម្តាយ របស់គាត់​ដែល​បាន​ទូន្មាន​ថា​៖« នៅពេល​ខ្ញុំ​នៅ​តូច ឪពុកម្តាយ​ខ្ញុំ បាន​ប្រាប់​ខ្ញុំ​ថា កូន ជា​កូនស្រី ប៉ុន្តែ​កូន​អាចធ្វើ​អ្វី​ក៏បាន​ដែរ​»​។ ការ​ទូន្មាន​នេះ បានធ្វើ​ឲ្យ​អ្នកស្រី​ចងចាំ និង​ជា​ពាក្យពេចន៍​ដែល​ធ្វើ​ឲ្យ​លោកស្រី​តែងតែមាន​ទំនុកចិត្ត​លើ​ខ្លួនឯង​។



អ្នកស្រី Sheila Crowley នាយិកាស្តីទីភ្នាក់ងារ Peace corps ប្រចាំសហរដ្ឋអាមេរិក

«​ខ្ញុំ​ទទួលបាន​ការគាំទ្រ និង​ការ​ផ្តល់ឱកាស ហើយ​ខ្ញុំ​បាន​ប្រើប្រាស់​ឱកាស​នេះ ដ៏​មាន​ប្រយោជន៍​។ ដូច្នេះ យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ផ្តល់ឱកាស​ឲ្យ​ស្ត្រី​ទាំងអស់​ក្នុង​ពិភពលោក ទទួលបាន​ដូច​ខ្ញុំ​ដែរ​»​។ នេះ​ជា​ប្រសាសន៍​របស់​អ្នកស្រី Sheila Crowley ដែល​បាន​បន្តថា ស្ត្រី​ជា​កម្លាំង​មួយ​ដ៏​មហិមា និង​ជា​សំឡេង​អស្ចារ្យ​បំផុត ប៉ុន្តែ​យើង​ក៏ត្រូវ​ជំរុញ និង​លើកទឹកចិត្ត​ចំពោះ​ស្ត្រី ក៏ដូចជា​ផ្តល់ឱកាស​ឲ្យ​ស្ត្រី​ដែរ ពីព្រោះ​នៅពេលដែល​ស្ត្រី​អាចធ្វើ​ការងារ​ដែល​ពួកគាត់​ស្រឡាញ់​ពេញចិត្ត នោះ​ទាំង​គ្រួសារ សហគមន៍ និង​ប្រទេសជាតិ​ទាំងមូល ក៏​រីកចម្រើន​ដែរ​។​

​អ្នកស្រី ឡុង សុ​ឃា​វី អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី បាន​យល់ស្រប​ដែរ​ថា ការផ្តល់​ឱកាស​ឲ្យ​ស្ត្រី និង​ការគាំទ្រ​ពី​មិត្តភក្តិ សាច់ញាតិ បងប្អូន ពិសេស​ពី​ក្រុមគ្រួសារ គឺ​ពិតជា​សំខាន់ ដែល​ឲ្យ​ស្ត្រី​ស្វែងរក​នូវ​ភាពជោគជ័យ​ក្នុង​ជីវិត ទាំង​នៅក្នុង​កិច្ចការងារ​ដឹកនាំ និង​ការចូលរួមចំណែក​នៅក្នុង​ការអភិវឌ្ឍន៍​សង្គម​។ ប៉ុន្តែ​សម្រាប់​អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី​ដដែល ស្ត្រី​ខ្លួនឯង​ក៏ត្រូវ​មាន និង​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ដែរ​។ 


អ្នកស្រី ឡុង សុឃាវី ( កណ្តាល)កំពុងថ្លែងសុន្ទរកថា

​អ្នកស្រី តុ​ប ធីតា នាយិកា​វិទ្យាល័យ​សម្តេច ជាស៊ីម អគ្គរ​ជ័យ ក្នុង​ខេត្តកំពត បានលើកឡើង​ពី​ពិសោធន៍​ផ្ទាល់​ដែល​បាន​ខំប្រឹង​ជម្នះ​លើ​ពាក្យបន្តុះបង្អាប់​ស្ត្រី​ថា​បង្វិល​ចង្ក្រាន​មិន​ជុំ ឬ​ស្ត្រី​មិនអាច​ទៅ​ដឹកនាំ​គេ​បាន​ដូច​បុរស​។ អ្នកស្រី តុ​ប ធីតា រៀបរាប់ថា​៖ «​មុននឹង​ក្លាយ​បានជា​នាយិកា​ដូច​សព្វថ្ងៃ ក៏​មានមតិ​មួយចំនួន​តែង​និយាយថា នាយិកា​ស្រី​មិនអាច​ដឹកនាំ​បានល្អ​ទេ ប៉ុន្តែ​នៅពេលដែល​ធ្វើ​កិច្ចការ ខ្ញុំ​បានសម្រេច​ជោគជ័យ​ជាច្រើន វា​ផ្ទុយ​នឹង​ទស្សនៈ​ខាងលើ​»​។



អ្នកស្រី តុប ធីតា

​ទន្ទឹមនឹងនេះ អ្នកស្រី ក៏​ឆ្លៀត​ផ្តាំផ្ញើ​ដល់​យុវជន​ជំនាន់​ក្រោយ ជាពិសេស​ស្ត្រី​ឲ្យ​ខំប្រឹង​រៀនសូត្រ ចាប់យក​ឱកាស និង​តាម​ទៅ​ឲ្យ​ដល់​សេចក្តីប្រាថ្នា​របស់​ពួកគេ​។ «​ត្រូវ​ចង់ចាំ​ថា កាលណា​យើង​មាន​សមត្ថភាព គឺ​យើង​អាចធ្វើ​ការ​បាន​ដូច​បុរស​ដែរ​»​។ នេះ​ជា​ប្រសាសន៍​របស់​អ្នកស្រី តុ​ប ធីតា ដែល​បន្ត​ថ្លែងអំណរគុណ​ដល់​ភ្នាក់ងារ Peace Corps ដែល​បាន​បញ្ជូន​អ្នកស្ម័គ្រចិត្ត​ទៅកាន់​សហគមន៍​របស់​គាត់​។ សម្រាប់​អ្នកស្រី តុ​ប ធីតា អ្នកស្ម័គ្រចិត្ត​Peace Corp គឺជា​ដៃគូ​អភិវឌ្ឍ​ដ៏​ល្អ ដែល​ពួកគេ​មិន​ត្រឹមតែ​បង្រៀន​ភាសា​អង់គ្លេស​ដល់​សិស្សានុសិស្ស​នៅក្នុង​ថ្នាក់​នោះទេ ប៉ុន្តែ​ពួកគេ​ក៏បាន​បង្កើត​សិក្ខាសាលា​ខ្លីៗ​ស្តីពី​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី តួនាទី​របស់​ស្ត្រី​នៅក្នុង​សង្គម​នៅក្នុង​សហគមន៍​ដែរ​។​

​សូមបញ្ជាក់ថា ទីភ្នាក់ងារ Peace Corps បាន​បញ្ជូន​អ្នកស្ម័គ្រចិត្ត​មក​ប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០០៦ មក​ដែល​ពួកគេ​បានធ្វើការ​នៅក្នុង​វិស័យ​អប់រំ និង​សុខាភិបាល ពោលគឺ​បង្រៀន​ភាសា​អង់គ្លេស បណ្តុះបណ្តាល​គ្រូ និង​អ្នក​អប់រំ​សុខភាព​តាម​សហគមន៍​។ រហូតមកដល់​ពេលនេះ អ្នកស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ Peace Corps មាន​ជាង ៥០០ នាក់​ហើយ ដែល​បានមក​ធ្វើការ​នៅ​បណ្តា​ខេត្ត​នានា​របស​កម្ពុជា​។ ទីភ្នាក់ងារ Peace Corps នៅ​បង្កើតឡើង​នៅ​ឆ្នាំ​១៩៦១ ដោយ​អតីត​ប្រធានាធិបតី​អាមេរិក John F. Kennedy ដើម្បី​ជំរុញ​សន្តិភាព និង​មិត្តភាព​ក្នុង​ពិភពលោក​។ គោលបំណង​របស់​ទីភ្នាក់ងារ Peace Corps គឺ​កសាង​សមត្ថភាព​របស់​មនុស្ស​ប្រុស ស្រី នៅក្នុង​ប្រទេស​ដែលមាន​ការពាក់ព័ន្ធ និង​លើកកម្ពស់ ការយល់​គ្នា រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ដទៃ​៕


Tag:
 សិទ្ធិនារី​
© រក្សាសិទ្ធិដោយ thmeythmey.com