ជាតិ
គម្រោងក្រាលក្ដារតាមឫសឈើ និងវង់ទស្សនានៅតាព្រហ្មគ្រោងចាយឈើជាង៧០ម៉ែត្រគីប
× សៀមរាប៖ ដោយសង្កេតឃើញថា ដើមឈើធំៗនៅប្រាសាទតាព្រហ្ម កំពុងមានហានិភ័យ ដោយសារការជាន់ឫសឈើ នៅក្រោមដី ពីសំណាក់ភ្ញៀវទេសចរនោះ អាជ្ញាធរជាតិអប្សរា បានរៀបចំគម្រោងក្រាលក្ដារ នៅតាមកន្លែងសំខាន់ៗ ដើម្បីធ្វើយ៉ាងណាសង្គ្រោះដើមឈើចំណាស់ទាំងនោះឡើងវិញ។ គម្រោងនេះ នឹងក្រាលដោយប្រភេទឈើគគីរ ដែលតាមការប៉ាន់ស្មានរបស់អ្នកជំនាញ គ្រោយចាយឈើអស់ជាង ៧០ម៉ែត្រគីប។
ក្រោយពីសិក្សាយ៉ាងល្អិតល្អន់ និងមានការឯកភាពពីគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ គម្រោងក្រាលក្ដារនៅប្រាសាទតាព្រហ្ម បានចាប់ផ្តើម កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨។ គម្រោងនេះ គឺរៀបចំក្រាលក្ដារ ដើម្បីការពារឫសឈើ និងក្រាលតាមផ្លូវដើរជាថ្មី ដើម្បីឱ្យឫសឈើដកដង្ហើម បានស្រួលឡើងវិញ។
មន្ត្រីព្រៃឈើ លោក យិន សូវ៉ាត បានឱ្យដឹងថា ទីតាំងសម្រាប់ក្រាលក្ដារនៅតាមឫសឈើចំនួន៦ ទីតាំងធំៗ និងការក្រាលតាមវង់ទស្សនាជាង ៤០០ម៉ែត្រទៀត។ គម្រោងនេះ នឹងប្រើឈើគគីរ ដែលជាប្រភេទឈើលេខមួយ ដែលគ្រោងប្រើប្រាស់ឈើជាង ៧០ម៉ែត្រគីប។ លោក សូវ៉ាត ពន្យល់ថា ឈើគគីរជាប្រភេទឈើធន់ ហើយវាអាចរក្សាគុណភាពចន្លោះពី ៦ ទៅ៧ឆ្នាំឯណោះ។ តាមផែនការ ការងារនេះ អាចនឹងបញ្ចប់នៅមុនរដូវវស្សា ឬមុនកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ នៅក្នុងខែ មិថុនា៕
© រក្សាសិទ្ធិដោយ thmeythmey.com