ភ្នំពេញ៖ អ្នកសិក្សាស្រាវជ្រាវពីសហគមន៍ចាម លោកស្រី សូ ហ្វារីណា បានណែនាំ និងជំរុញឲ្យមានការសិក្សាស្រាវជ្រាវបន្ថែមពីសហគមន៍ខ្មែរឥស្លាមនៅកម្ពុជា។ តាមរយៈការស្រាវជ្រាវនេះ លោកស្រីយល់ថា វានឹងជំរុញឲ្យមានការផ្លាស់ប្តូរផ្តត់គំនិត ដែលគិតមិនល្អមកលើសហគមន៍ខ្មែរឥស្លាម ដូចជាទាក់ទងនឹងអំពើភេវរកម្មជាដើម។ លោកស្រី ហ្វារីណា មើលឃើញថា ការងារស្រាវជ្រាវពីសហគមន៍ខ្មែរឥស្លាមនៅមានចំនួនតិចនៅឡើយ ហើយនៅមានប្រធានបទជាច្រើនដែលគួរស្រាវជ្រាវឲ្យបានទូលំទូលាយ។
មានវោហាសព្ទក្នុងការនិយាយស្តី បច្ចុប្បន្នលោកស្រី ហ្វារីណា ជាប្រធានផ្នែកស្រាវជ្រាវ និងជាមន្ត្រីគម្រោងថវិការបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ ក្នុងការងារជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា ជាង១០ឆ្នាំមកនេះ លោកស្រី បានធ្វើការជាច្រើនជាមួយការសិក្សាស្រាវជ្រាវ និងចងក្រងឯកសារ បទពិសោធន៍របស់ជនជាតិចាមក្នុងរបបខ្មែរក្រហម។
មានស្រុកកំណើតជាអ្នកភូមិច្រាំងចំរេះ (គីឡូម៉ែត្រលេខ៨) ខណ្ឌឬស្សីកែវ ជាយរាជធានីភ្នំពេញ លោកស្រី សូ ហ្វារីណា មានឱកាសបានចូលធ្វើការជាអ្នកស្ម័គ្រចិត្តនៅមជ្ឈមណ្ឌលឯកសារកម្ពុជាអំឡុងឆ្នាំ២០០៣ ពេលដែលលោកស្រី កំពុងត្រៀមបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ជំនាញគណនេយ្យ។ លោកស្រីរម្លឹកកាលនៅរៀនថ្នាក់មហាវិទ្យាល័យថា មុខវិជ្ជាដែលខ្លួនរៀននៅពេលនោះ គឺកើតឡើងដោយការមិនយល់ពីតម្រូវការខ្លួនឯង និងគ្រួសារណែនាំពីជំនាញដែលស័ក្តិសមសម្រាប់ស្ត្រីនៅក្នុងការិយាល័យ។
ក្រោយបានស្គាល់មជ្ឈមណ្ឌលឯកសារកម្ពុជា ផ្នត់គំនិតរបស់លោកស្រី ហ្វារីណា បានផ្លាស់ប្តូរ ហើយលោកស្រីបានបោះបង់ជំនាញរបស់ខ្លួនចោល ទៅចាប់អ្វីដែលជាតម្រូវការរបស់ខ្លួនពិតប្រាកដ នោះគឺ ការងារសិក្សាស្រាវជ្រាវពីជនរងគ្រោះក្នុងរបបខ្មែរក្រហម។ លោកស្រីរម្លឹកថា ពេលចប់ថ្នាក់បរិញ្ញាឆ្នាំ២០០៣ លោកស្រីចូលធ្វើការស្ម័គ្រចិត្តមួយរយៈនៅមជ្ឈមណ្ឌលឯកសារកម្ពុជា និងរហូតមកកាន់គម្រោងពីសហគមន៍ចាម ពិសេសការចងក្រងឯកសារពីបទពិសោធន៍របស់ជនជាតិចាមក្នុងរបបខ្មែរក្រហម។
នៅឆ្នាំ២០០៨ ដោយសារការចង់ដឹង ចង់ដឹងឮបន្ថែម លោកស្រី ក៏បានដាក់ពាក្យទៅសិក្សានៅសាកលវិទ្យាល័យ អូហៃយូ (Ohio) នៅសហរដ្ឋអាមេរិក លើជំនាញសិក្សាអំពីអាស៊ីអាគ្នេយ៍ ដោយបានបញ្ចប់នៅឆ្នាំ២០១០។ ពេលត្រឡប់មកមជ្ឈមណ្ឌលឯកសារកម្ពុជាវិញ លោកស្រីបានទទួលការងារបន្ថែមមួយកម្រិតទៀត ក្រៅពីផ្តោតលើសហគមន៍ចាម។ មិនយូរប៉ុន្មាន លោកស្រីក៏បានជាប់អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ ម៉ាសាជូសេត (Massachusetts) នៅក្រុងលូវែល (Lowell)ក្នុងឆ្នាំ២០១៣ លើជំនាញ សិក្សាពីសាកលលោក និងត្រៀមបញ្ចប់នៅក្នុងឆ្នាំ២០១៩។
នៅឆ្នាំ២០១១ សៀវភៅមួយក្បាលមានចំណងជើងថា «ការចងចាំរបស់ស្ត្រីចាមមូស្លីម បន្ទាប់ពីរបបខ្មែរក្រហម» ត្រូវបានបោះពុម្ពផ្សាយ បន្ទាប់ពីសិក្សាស្រាវជ្រាវតាំងពីឆ្នាំ២០០៨មក។ «យើងដឹងថា ក្មេងជាច្រើន រួមទាំងខ្ញុំកើតក្រោយសម័យខ្មែរក្រហម ត្រូវដឹងសាច់រឿង និងបទពិសោធន៍ផ្សេងៗដែលឪពុកម្តាយ សហគមន៍យើងបានឆ្លងកាត់ អ្នកដែលរស់រានមានជីវិតពីរបបនេះ ចឹងហើយបានកើតចិត្តចង់ស្រាវជ្រាវ ពិសេសនោះដោយមិនទាន់មានការស្រាវជ្រាវឲ្យបានទូលំទូលាយ ពិសេសបទពិសោធន៍របស់ស្ត្រីចាមជំនាន់ខ្មែរក្រហមតែម្តង មិនសូវមានព័ត៌មានពីពួកគាត់ ទើបគិតថា គួរតែនាំគ្នាធ្វើអ្វីមួយ ដើម្បីជាការចងចាំ និងទុកជាឯកសារ»។ នេះជាការលើកឡើងរបស់លោកស្រី ហ្វារីណា ពីការដែលនាំឲ្យមានការសរសេរសៀវភៅនេះឡើង។
តាមពិតទៅ ការស្រាវជ្រាវនេះ លោកស្រី ហ្វារីណា បានយកធ្វើជានិក្ខេបបទសម្រាប់ថ្នាក់អនុបណ្ឌិតរបស់ខ្លួន នៅសហរដ្ឋអាមេរិក ហើយពេលត្រឡប់មកកម្ពុជាវិញ លោកស្រីក៏បានរៀបចំចងក្រងជាសៀវភៅតែម្តង។
សម្បុរស្រអែម និងនិយាយស្តីលះៗ ចេះរកហេតុ និងផល លោកស្រី ហ្វារីណា បានបញ្ជាក់ថា ការស្រាវជ្រាវ និងចងក្រងសៀវភៅនេះ ក្នុងបំណងចំនួន៤។ ទី១ ដើម្បីរក្សាការចងចាំរបស់ស្ត្រី ក៏ដូចជាសហគមន៍ចាមក្នុងរបបខ្មែរក្រហម។ ទី២ លើកទឹកចិត្ត ឬផ្តល់សំឡេងដល់ស្ត្រី ព្រោះកន្លងមកសំឡេងរបស់ពួកគាត់មិនសូវបានឮ ឬនៅមានកម្រិតនៅឡើយ។ ទី៣ អប់រំ និងជំរុញឲ្យក្មេងជំនាន់ក្រោយសិក្សាអំពីសាច់រឿងរបស់ឪពុកម្តាយ សហគមន៍ ពិសេសស្ត្រីដែលបានឆ្លងកាត់សម័យខ្មែរក្រហម។ និងទី៤ ទុកជាឯកសារទៅថ្ងៃក្រោយ ព្រោះមួយជំនាន់ទៅមួយជំនាន់ កាន់តែថយ ឬបាត់បង់ទៅ ពិសេសអ្នកឆ្លងកាត់សម័យខ្មែរក្រហម។
តាមរយៈការស្រាវជ្រាវនេះ លោកស្រីបានរកឃើញថា ស្ត្រីជនជាតិចាម ក៏ដូចជនជាតិដទៃទៀតដែរ ដូចជា ចិន និងវៀតណាម ត្រូវបានរងផលប៉ះពាល់ក្រោមរបបដឹកនាំរបស់ខ្មែរក្រហម។ ស្ត្រីចាម ត្រូវបានបង្ខំឲ្យចិញ្ចឹមជ្រូក ហូបសាច់ជ្រូក កាត់សក់ខ្លី។ល។ បទបញ្ជារបស់ខ្មែរក្រហម ធ្វើឲ្យស្ត្រីខ្លះធ្វើតាម ខ្លះបដិសេធ ហើយពួកគេត្រូវបានគេយកទៅសម្លាប់ និងខ្លះទៀតមានប្រាជ្ញាដោះស្រាយ ធ្វើឲ្យពួកគាត់រួចខ្លួនក៏មាន។
ការបង្ខំឲ្យហូបសាច់ជ្រូក បានធ្វើឲ្យប៉ះពាល់ខ្លាំងដល់អ្នកកាន់សាសនាឥស្លាមក៏ពិតមែន តែដើម្បីមានជីវិត ស្ត្រីទាំងនោះត្រូវធ្វើតាម។ តាមការស្រាវជ្រាវនោះដែរ ក៏បានរកឃើញថា ពេលស្ត្រីសម្រាលកូន ខ្មែរក្រហមបង្ខំឲ្យពួកគេទៅធ្វើការ និងទុកកូនជាមួយមេដោះ ដែលសុទ្ធសឹងជាជនជាតិខ្មែរ។ ស្ត្រីចាមបារម្ភថា កូនៗពួកគេនឹងឆ្ងាយពីប្រពៃណី ឆ្ងាយពីផ្លូវសាសនាដែលធ្លាប់ប្រតិបត្តិកន្លងមក តែក៏មានស្ត្រីខ្លះ ខំព្យាយាម និងរកវិធីសព្វបែបយ៉ាង ដើម្បីបាននៅជិតកូន និងគ្រួសាររបស់ពួកគេ។
ដោយសារបទពិសោធន៍ច្រើនកើតចេញពីការងារស្ម័គ្រចិត្ត ដូច្នេះលោកស្រី ហ្វារីណា ឲ្យតម្លៃខ្ពស់ទៅនឹងការងារមួយនេះ។ លោកស្រីយល់ថា ការងារស្ម័គ្រចិត្ត អាចឲ្យយើងបម្រើសង្គម ឲ្យយើងដឹងពីសមត្ថភាពខ្លួនឯង មុននឹងយើងឈានទៅកន្លែងមួយទៀត គឺមានន័យថា យើងបានពង្រឹងសមត្ថភាពខ្លួនឯងរួចទៅហើយ ដើម្បីបម្រើសង្គម ពិសេសការងារដែលយើងចង់ធ្វើ។
បើទោះជាបច្ចុប្បន្ននេះ មានអង្គការ សមាគមជាច្រើនបានធ្វើការដើម្បីបម្រើសហគមន៍ខ្មែរឥស្លាមហើយក៏ដោយ តែសម្រាប់លោកស្រី នៅតែពេញចិត្តចំពោះការស្រាវជ្រាវនេះបន្តទៀត ដើម្បីជាចំណែកសម្រាប់បម្រើសហគមន៍។ តាមគំនិតរបស់លោកស្រី ហ្វារីណា ការស្រាវជ្រាវជួយឲ្យយើងយល់ពីសង្គម ទទួលព័ត៌មាន និងភាពយុត្ដិធម៌ ពិសេសឲ្យក្មេងៗជំនាន់ក្រោយមានភាពរឹងមាំ។ លោកស្រីបាននិយាយ និងលើកទឹកចិត្តឲ្យមានការសិក្សាស្រាវជ្រាវបន្ថែមទៀត តាមរយៈការបង្កើតក្រុមស្រាវជ្រាវតូចៗ និងរៀបចំទៅតាមប្រធានបទផ្សេងៗ ពិសេសលើកទឹកចិត្តឲ្យយុវជនធ្វើការងារស្ម័គ្រចិត្តតាមរយៈគម្រោងស្រាវជ្រាវនេះ។
អ្វីដែលលោកស្រី ហ្វារីណា មើលឃើញជ្រៅក្នុងគម្រោងស្រាវជ្រាវ ព្រោះវាគឺជាផ្លូវតែមួយគត់ដើម្បីបង្ហាញដល់សហគមន៍ដទៃ មើលឃើញសហគមន៍ចាមក្នុងផ្លូវវិជ្ជមានច្រើនជាងពេលមុន ពិសេសគឺចំណុចរស៊ើបទាក់ទងនឹងអំពើភេវរកម្ម ស្ត្រី និងផ្នត់គំនិតផ្សេងៗ។ លោកស្រីថា ប្រធានបទទាំងនោះ គួរយកមកស្រាវជ្រាវយ៉ាងល្អិតល្អន់ ជាការចែករំលែកដល់សង្គមដទៃ ដើម្បីឲ្យទំនាក់ទំនងពួកគេកាន់តែស្អិតរមួតជាមួយគ្នា។
កើតនៅឆ្នាំ១៩៨០ ក្នុងគ្រួសារមធ្យម លោកស្រី ហ្វារីណា មានឪពុកធ្លាប់បានសិក្សានៅសាលាព្រះស៊ីសុវត្ថិ មុនរបបខ្មែរក្រហម និងជាអ្នកមកកម្ពុជាក្រោម។ ម្តាយរបស់លោកស្រី ជាអ្នកភូមិឃ្លាំងស្បែក និងបានមកធ្វើការនៅគីឡូម៉ែត្រលេខ៦ មុនខ្មែរក្រហមចូលមកដល់។ ឪពុក និងម្តាយរបស់លោកស្រី ហ្វារីណា បានជួបគ្នា ពេលដែលខ្មែរក្រហមជម្លៀសទៅខេត្តក្រចេះ និងបានស្នើអង្គការរៀបការក្នុងរបបនោះផងដែរ។ ឪពុករបស់លោកស្រី ត្រូវបានស្លាប់នៅឆ្នាំ១៩៨៩។
ដោយសារជាក្មេងកើតក្រោយរបបខ្មែរក្រហម ហើយការអប់រំនៅសម័យនោះ នៅមានកម្រិតផងដែរ ធ្វើអោយលោកស្រី ហ្វារីណា ចាំមិនភ្លេចពេលដែលលោកស្រី តស៊ូក្នុងការសិក្សា។ លោកស្រី ហ្វារីណា រម្លឹកថា ប្រជាពលរដ្ឋនៅពេលនោះ គិតតែពីបញ្ហាជីវភាព និងទីជម្រកតែប៉ុណ្ណោះ។ អ្វីដែលកាន់តែពិបាកសម្រាប់លោកស្រី ហ្វារីណា នៅពេលនោះ ក្រៅពីបញ្ហាជីវភាព លោកស្រីនៅប្រឈមជាមួយសហគមន៍ផងដែរ។ សហគមន៍ឥស្លាមនៅពេលនោះ មិនទាន់ផ្តល់តម្លៃដល់ស្ត្រីឲ្យរៀនសូត្រខ្ពង់ខ្ពស់នៅឡើយ។
តែដោយសារមានការជំរុញ និងលើកទឹកចិត្តពីម្តាយ ទើបធ្វើឲ្យលោកស្រីប្រឹងប្រែងរហូតមកដល់សព្វថ្ងៃ។ ពាក្យមួយឃ្លា ដែលលោកស្រីនៅចាំសំដីម្តាយមិនភ្លេចនោះ គឺ «មិនចង់ឃើញកូនលំបាកដូចម៉ាក់» មានន័យថា ការរកស៊ីដែលយកកម្លាំងជាឧបករណ៍ដើម្បីរកប្រាក់ នោះឡើយ។
ទោះប្រឡូកក្នុងការស្រាវជ្រាវនៅក្នុងមជ្ឈមណ្ឌលឯកសារកម្ពុជាជិត២០ឆ្នាំទៅហើយក៏ពិតមែន តែលោកស្រី ហ្វារីណា នៅតែគិតថា វានៅមានសារសំខាន់ និងថាមិនទាន់ធុញទ្រាន់នឹងការងារមួយនេះឡើយ។ ទោះនៅទីនោះធ្វើការច្រើនផ្តោតលើប្រធានបទខ្មែរក្រហមក៏ពិតមែន ប៉ុន្តែវាមិនសាបរលាបឡើយ។ លោកស្រីបន្ថែមថា រឿងទាំងនោះបើយើងមិនព្រមសិក្សា ចងក្រងទេនោះ វានឹងអាចកើតឡើងម្តងទៀត។ លោកស្រីបញ្ជាក់ទៀតថា នៅតែស្រឡាញ់ និងនៅតែបន្តទៅថ្ងៃមុខទៀត ក្នុងករណីដែលមិនមានអ្វីប្រែប្រួល។
«នៅកន្លែងនេះ (មជ្ឈមណ្ឌលឯកសារកម្ពុជា) យើងមិនមែនធ្វើតែរឿងខ្មែរក្រហមទេ យើងអាចផ្សារភ្ជាប់ការរំលោភសិទ្ធិមនុស្សក្នុងរបបខ្មែរក្រហម មកបច្ចុប្បន្ន ថាតើវាមានភាពខុសគ្នាយ៉ាងម៉េច ដើម្បីយើងទប់ស្កាត់។ ហើយពេលធ្វើការជាមួយសហគមន៍ ធ្វើឲ្យយើងមានឳកាសដឹងពីរឿងសហគមន៍លើសពីក្នុងរបបខ្មែរក្រហម។ ការរីកចម្រើនរបស់សហគមន៍ ទំនាក់ទំនាក់របស់សហគមន៍ជាមួយអ្នកខាងក្រៅ នៅមានច្រើនទៀតដែលអាចឲ្យយើង មិនធុញទ្រាន់»។ នេះជាការលើកឡើងរបស់លោកស្រី ហ្វារីណា៕