ជាតិ
សេដ្ឋកិច្ច
ឧកញ៉ា​ក្នុង​វិស័យ​ដីធ្លី បញ្ចេញ​ការយល់ឃើញ​ជុំវិញ​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ឆ្នាំ​២០១៨​នេះ​
10, Mar 2018 , 2:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ តើ​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ឆ្នាំ​២០១៨​នេះ ជាពិសេស​ជា​ឆ្នាំ​បោះឆ្នោត​ផង​នោះ នឹង​ដំណើរការ​យ៉ាង​ម្ដេច​? អ្នក​ប្រក​បរបរ​ក្នុង​វិស័យនេះ​ដ៏​លេចធ្លោ បានបង្ហាញ​ការយល់ឃើញ​របស់ខ្លួន ដែល​ឆ្លើយតប​នឹង​សំនួរ​មួយ​នេះ​។


​លោក ចេង ខេង ប្រធាន​ក្រុមហ៊ុន CPL  ឲ្យ​ដឹងថា ការទិញ​លក់​ដីធ្លី នឹង​ដំណើរការ​ជាធម្មតា ដូច​ឆ្នាំ​២០១៧ ដែរ ហើយ​តម្លៃ​ដី​នឹងមិន​ធ្លាក់ចុះ​នោះទេ​ក្នុង​ឆ្នាំ​២០១៨ នេះ​។ លោក​បន្ថែម​ដូច្នេះ​ទៀតថា​៖«​ខ្ញុំ​ជឿជាក់​គម្រោង​មួយចំនួន ជាអាទិ៍ Golden ៤២ នឹង​ចាប់ផ្ដើម​សាងសង់​ក្នុង​ឆ្នាំ​២០១៨ ហើយ​នេះ គឺជា​សញ្ញា​ល្អ​សម្រាប់​ទីផ្សារ​អចលនទ្រព្យ​»​។​
 
​ទាក់ទង​ការបារម្ភ​ពី​វិស័យនេះ អំឡុង​ការបោះឆ្នោត​ខាងមុខនេះ លោក ចេង ខេង លើកឡើង​ដូច្នេះ​ថា​៖« ខ្ញុំ​ជឿជាក់ថា ការណែនាំ​យ៉ាង​ត្រឹមត្រូវ​ពី​អ្នកជំនាញ នឹង​ធានា​មិន​ឲ្យ​វិនិយោគិន រង​ឥទ្ធិពល​ណាមួយ​ឡើយ បើទោះបីជា​មានការ​បោះឆ្នោត ឬ​គ្មាន ក៏ដោយ​»​។​
 
​តែ​ចំពោះ លោក គីម ហ៊ាង ប្រធាន​សមាគម​ភ្នាក់ងារ និង​អ្នកវាយតម្លៃ​អចលនទ្រព្យ​កម្ពុជា (CVEA) វិញ សកម្មភាព​ទិញ​លក់​អចលនទ្រព្យ នឹង​ថយចុះ ធៀប​នឹង​ឆ្នាំ​២០១៧​។ «​ខ្ញុំ​ផ្ដល់យោបល់​ថា អ្នក​ដែលមាន​សាច់ប្រាក់​ច្រើន គួរតែ​ទិញ​អចលនទ្រព្យ​ក្នុងឆ្នាំនេះ ខណៈ​អចលនវត្ថុ​ជាច្រើន​នឹងដាក់​លក់​។ មានន័យថា ការផ្គត់ផ្គង់​កាន់តែច្រើន ជាមួយនឹង​តម្លៃ​កាន់តែ​ថោក ដែល​អ្នកទិញ​អាច​ចាប់យក​អត្ថប្រយោជន៍​»​។ នេះ​ជាការ​ថ្លែង​របស់​អគ្គនាយក​ក្រុមហ៊ុន Khmer Realestate រូបនេះ មុននឹង​លោក​បន្ថែមថា ទីផ្សារ​អចលនទ្រព្យ​អំឡុង​ពីរ​បី​ឆ្នាំមុន ផ្ទុយ​ពី​ឆ្នាំនេះ ដែលមាន​តម្រូវការ​ខ្ពស់​ហើយ​បាន​រុញ​តម្លៃ​ឲ្យ​ឡើង​។ 
 
​លោក គីម ហ៊ាង បន្តថា ទីផ្សារ​អចលនទ្រព្យ​នឹងមាន​កំណើន​ម្ដងទៀត នៅ​ឆ្នាំ​២០២០ ដោយ​លោក​ជឿជាក់ថា នយោបាយ​នឹង​បន្ត​មាន​ស្ថិរភាព និង​មិន​ជះឥទ្ធិពល​ដល់​វិស័យ​នេះឡើយ​។ លោក​អះអាងថា អ្នកទិញ​អចលនទ្រព្យ​ក្នុង​ឆ្នាំ​២០១៨ នេះ នឹង​ទទួលផល​ចំណេញ​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ខាងមុខ តែ​លោក​បាន​រម្លឹកថា​គួរ​ចៀសវាង​ការ​ខ្ចីលុយ​ធនាគារ យកទៅ​វិនិយោគ​ក្នុង​វិស័យនេះ​។​
 
​ចំណែក​លោក សៀ ឫទ្ធី ប្រធាន​ក្រុមហ៊ុន WorldBridge group មានប្រសាសន៍ថា ទំនងជា​មានការ​បង្អាក់​មួយចំនួន​របស់​អ្នកទិញ ព្រោះ​ជា​ទម្លាប់​របស់​ពលរដ្ឋ​កម្ពុជា​ក្នុង​ការទិញ​អចលនទ្រព្យ ពេល​មានការ​បោះឆ្នោតជាតិ​ចូលមក​ដល់​។​
 
​ទោះបី​លោក សៀ ឫទ្ធី ជឿជាក់ថា ការបោះឆ្នោត​ខាងមុខនេះ នឹងមិន​ជះឥទ្ធិពល​អ្វី​ដល់ទី​ផ្សារ​វិស័យ​មួយ​នេះ តែ​លោក​លើកឡើង​ដូច្នេះ​ថា​៖«​ប៉ុន្តែ​ពលរដ្ឋ​នឹង​នៅតែ​រង់​ចាំមើល​ពីអ្វី​ដែល​កើតឡើង​ចំពោះ​ទីផ្សារ​មួយ​នេះ​។ ខ្ញុំ​ជឿជាក់ថា បន្ទាប់ពី​ការបោះឆ្នោត ពលរដ្ឋ​នឹងមាន​សុទិដ្ឋិនិយម​ក្នុង​ការទិញ​អចលនវត្ថុ​ជា​សារ​ថ្មី​»​។​
 
​មួយវិញទៀត លោក សៀ ឫទ្ធី សង្កេតឃើញថា អ្នកវិនិយោគ​ចិន ដែល​បោះទុន​យ៉ាងច្រើន​ក្នុង​វិស័យនេះ​នៅ​កម្ពុជា ជាធម្មតា មិន​ព្រួយបារម្ភ​ពី​ការបោះឆ្នោត នោះទេ ដែល​ធ្វើ​ឲ្យ​លោក​ជឿជាក់ថា​សកម្មភាព​បោះទុន​របស់​ចិន​ក្នុង​វិស័យនេះ​នឹង​នៅតែ​បន្ត​។​
 
​ការលើកឡើង​របស់​អ្នកជំនាញ​ខាងលើនេះ ត្រូវបាន​ស្រង់​សំដី​ដោយ​គេហទំព័រ https://www.realestate.com.kh/news/ កាលពី​ចុងខែ​កុម្ភៈ​៕

Tag:
 អចលនទ្រព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com