ជាតិ
«ភាជន៍បុរាណ» ដែលពលរដ្ឋប្រទះឃើញ ត្រូវបានប្រគល់ឲ្យសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ
× សៀមរាប៖ ប្រជាពលរដ្ឋរស់នៅភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី បានយកភាជន៍បុរាណ ដែលប្រទះឃើញក្នុងច្បារដំឡូងខ្លួន ក្បែរភូមិ មកប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីថែរក្សាទុក។ ភាជន៍នេះ មានស្រទាប់រលោងពណ៌ត្នោត ត្រូវបានដឹងថាផលិតឡើងក្នុងស.វទី១១ ដល់ទី១៣ នៃគ.ស។ សភាពភាជន៍នេះ ពេលជីកបាន គឺបែកមាត់លើស្រាប់ និងបែកខ្លួនបន្តិច ដោយសារការជីកដីប៉ះដោយអចេតនា។ ការប្រគល់ភាជន៍នេះ មិនមែនជាលើកដំបូងឡើយ គឺកន្លងមកធ្លាប់មានប្រជាពលរដ្ឋច្រើននាក់ហើយ ដែលស្គាល់ពីតម្លៃបេតិកភណ្ឌនិងប្រគល់វត្ថុបុរាណមួយចំនួនដល់សារមន្ទីររបស់អាជ្ញាធរជាតិអប្សរា ក្នុងន័យរួមគ្នាថែរក្សាវត្ថុសិល្បៈខ្មែរ។
សូមទស្សនាវីដេអូដូចតទៅ៖
កាលពីខែកុម្ភៈកន្លងទៅ យុវជន ប៉ឹម ជាតិ ពលរដ្ឋដែលរស់នៅភូមិថ្នល់ទទឹង បានយកក្រឡភាជន៍បុរាណដែលខ្លួនប្រទះឃើញកាលពីដើមខែមករាមកនោះ មកប្រគល់ជូនសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ។ តាមការរៀបចំរបស់ ជាតិ ខ្លួនបានប្រទះឃើញភាជន៍នេះ នៅដីចម្ការដំឡូង ពេលទៅកាប់ដីបានជម្រៅដីប្រហែលមួយតឹក ដែលនៅឆ្ងាយពីភូមិប្រមាណមួយគីឡូម៉ែត្រ។ មុនយកមកប្រគល់ឲ្យសារមន្ទីរ យុវជន ប៉ឹម ជាតិ បានយកភាជន៍បុរាណទៅរក្សាទុកនៅផ្ទះ តែដោយបារម្ភពីសុវត្ថិភាព និងមានគំនិតថែរក្សាភាជន៍បុរាណផង ក៏សម្រេចយកមកប្រគល់ឱ្យសារមន្ទីរ តាមការណែនាំពីមគ្គុទ្ទេសក៍ភាសាបារាំងម្នាក់ ។
អគ្គនាយិកាសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ កញ្ញា ឆោម គន្ធា បានឱ្យដឹងថា នេះជាលើកទី៥ហើយ ដែលប្រជាពលរដ្ឋរស់នៅក្នុងរមណីយដ្ឋានអង្គរ បានយកវត្ថុបុរាណដែលប្រទះឃើញ យកមកប្រគល់ជូនសារមន្ទីរដើម្បីធ្វើការអភិរក្ស ក៏ដូចជាតាំងបង្ហាញក្នុងសារមន្ទីរ។ កញ្ញាក៏បានកោតសរសើរដល់ស្មារតីប្រជាពលរដ្ឋ ដែលបានយល់ពីតម្លៃនៃសម្បត្តិបេតិកភណ្ឌជាតិ បំណងថែរក្សាវត្ថុទាំងនោះ ជាប្រយោជន៍សម្រាប់កូនចៅតទៅជំនាន់ក្រោយៗ ឱ្យបានសិក្សានិងស្វែងយល់៕
Tag:
ភាជន៍បុរាណ
សារមន្ទីរ
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com