ភ្នំពេញ៖ ទិវាជាតិអំណាន ដែលនឹងប្រារព្ធនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ អង្គការមិនមែនរដ្ឋាភិបាលចំនួន ១០ បានសហការជាមួយក្រសួងអប់រំ ក៏ចូលរួមជំរុញវប្បធម៌អាន តាមរយៈការផលិតវីដេអូមួយដែលមានរយៈពេលជិត ៧នាទី ដើម្បីផ្សាយនៅក្នុងទិវានោះផងដែរ។
ក្រោមប្រធានបទ «អំណានជាកំណប់វិជ្ជាមហាសាល» នៃទិវាជាតិអំណាន ដែលប្រារព្ធធ្វើនៅថ្ងៃទី១១ មីនា ឆ្នាំ២០១៨ នេះ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពអាន, ស្មូតកំណាព្យ និងតែងនិពន្ធ ដើម្បីរួមចំណែកការពារ និងពង្រឹងវប្បធម៌ខ្មែរ។
នៅក្នុងឱកាសនៃការលើកកម្ពស់វិស័យអំណាននេះ អង្គការដែលធ្វើការផ្នែកអំណាននៅកម្ពុជា ក៏បានសហការជាមួយក្រសួងអប់រំ ផលិតវីដេអូមួយបង្ហាញពីបច្ចុប្បន្នភាព នៃអំណានថ្នាក់ដំបូងនៅកម្ពុជា និងសកម្មភាពមួយចំនួនដែលអង្គការមិនមែនរដ្ឋាភិបាល បានកំពុងធ្វើការងារលើកវិស័យនេះ រួមទាំងការធ្វើការងារក្នុងភាពជាដៃគូជាមួយរដ្ឋាភិបាលផងដែរ ដើម្បីផ្សាយនៅក្នុងទិវាជាតិអំណានេះ។
តាមរយៈវីដេអូមានរយៈពេលជិត ៧នាទី ផលិតដោយក្រសួងអប់រំ និងអង្គការនានា ដែលធ្វើការទាក់ទងនឹងវិស័យអំណាន រួមមានអង្គការ RTI , អង្គការខេប, អង្គការគ្រួសារថ្មី, អង្គការវិទ្យាស្ថានបើកទូលាយ, អង្គការពិភពកុមារ និងអភិវឌ្ឍន៍, អង្គការ Room To Read, អង្គការ Save the Children, អង្គការ Sipar, អង្គការ World Education និងអង្គការ World Vision។
ទិវាជាតិអំណាន ១១ ខែមីនា ឆ្នាំ២០១៨ ដែលមានរយៈពេលពេញមួយថ្ងៃ ស្ថិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ICT) នេះ ក៏មានការប្រគល់រង្វាន់ដល់ជ័យលាភីលើវិញ្ញាសាអាន, ស្មូត, កំណាព្យ និងតែងនិពន្ធផងដែរ៕