តើ​អចលនទ្រព្យ​ប្រភេទ​ណាខ្លះ​ត្រូវ​ជាប់ពន្ធ​?

ជាតិ
សេដ្ឋកិច្ច
តើ​អចលនទ្រព្យ​ប្រភេទ​ណាខ្លះ​ត្រូវ​ជាប់ពន្ធ​?
11, Mar 2018 , 1:39 pm         21446
រូបភាព
ដោយ: ថ្មីៗ
​ចាប់តាំងពី​ឆ្នាំ ២០១១ រដ្ឋាភិបាល​ចាប់ផ្តើម​អនុវត្តន៍​លើ​ច្បាប់​ពន្ធ​លើ​អចល​ទ្រព្យ ដោយ​ចាប់ផ្តើម​ប្រមូល​ពន្ធ​លើ​អចលនទ្រព្យ​ទាំងអស់​នៅតាម​ទីតាំង​សំខាន់ៗ​នៅ​ទូទាំងប្រទេស​។ ខាងក្រោម​នេះ​គឺជា​ព័ត៌មាន​ចាំបាច់​មួយចំនួន​ដែល​អ្នកជា​ម្ចាស់​អចលនទ្រព្យ​ត្រូវធ្វើ​ការស្វែងយល់​ដើម្បី​ប្រាកដថា​អចល​ទ្រព្យ​របស់​អ្នក​ជាប់ពន្ធ ឬ​មិន​ជាប់ពន្ធ​។​

 
​តើ​អចលនទ្រព្យ​ប្រភេទ​ណាខ្លះ​ត្រូវ​ជាប់ពន្ធ​?
 
​យោងទៅតាម​ច្បាប់​ពន្ធ​អចលនទ្រព្យ​កម្ពុជា ការប្រមូល​ពន្ធ​ត្រូវ​អនុវត្តន៍​ចំពោះ​អចលនទ្រព្យ​នៅ​ទូទាំងប្រទេស​កម្ពុជា ប៉ុន្តែ​នៅក្នុង​ជំ​ហ៊ាន​ដំបូង​ច្បាប់​នេះ​បានកំណត់​យកពន្ធ​លើ​អចលនទ្រព្យ​ទាំងឡាយណា​ដែល​ស្ថិតនៅតាម​តំបន់​រដ្ឋបាល​ថ្នាក់ក្រុង (​ទីក្រុង​) និង​តំបន់​រដ្ឋបាល​ថ្នាក់​ខេត្ត (​ទី​រួម​ខេត្ត​) ជាមុនសិន​ចំណែក​តំបន់​ផ្សេងទៀត​ដូចជា​ថ្នាក់ស្រុក និង​ទីជនបទ​មិនទាន់​ជាប់ពន្ធ​នោះទេ​។​
 
​អចលនទ្រព្យ​ជាប់ពន្ធ​ទាំងនេះ​អាចមាន​ដូចជា​៖ ដី ផ្ទះ និង​សំណង់​នានា​ដែល​សាងសង់​ភ្ជាប់​ជាមួយ​ដី​នោះ​។  ទោះយ៉ាងណា​មាន​អចលនទ្រព្យ​មួយចំនួន​ត្រូវបាន​លើកលែង​ដោយ​មិន​តម្រូវ​ឲ្យ​បង់ពន្ធ​ដែលមាន​ដូចជា​៖ ដី​កសិកម្ម ដី​កម្មសិទ្ធិ​របស់​រដ្ឋ ដី​កម្មសិទ្ធិ​របស់​ស្ថានទូត ដី​កម្មសិទ្ធិ​របស់​អង្គការក្រៅរដ្ឋាភិបាល អង្គការ​សាសនា និង​អង្គការ​សប្បុរសធម៌​។​
 
​តើ​អចលនទ្រព្យ​មានតម្លៃ​ប៉ុន្មាន​ត្រូវ​ជាប់ពន្ធ​?
 
​អចលនទ្រព្យ​ជាប់ពន្ធ​លុះត្រាតែ​អចលនទ្រព្យ​នោះ​មានតម្លៃ​សរុប​លើសពី​១០០​លាន​រៀល (២៥,០០០​ដុល្លារ​) ឡើងទៅ​។​
 
​តើ​អ្នកណា​ជា​អ្នក​ជាប់​បន្ទុក​បង់ពន្ធ​អចលនទ្រព្យ​?
 
​យោងទៅតាម​ច្បាប់​អ្នក​ដែល​ជាប់​បន្ទុក​បង់ពន្ធ​គឺ​ម្ចាស់​កម្មសិទ្ធិ ឬ​អ្នកកាន់កាប់​ឬ​អ្នកទទួល​ប្រយោជន៍​ចុងក្រោយ​លើ​អចលនទ្រព្យ​ជាប់ពន្ធ​។​
 
​តើ​ត្រូវ​បង់ពន្ធ​នៅឯណា​?
 
​សម្រាប់​អចល​ទ្រព្យ​នៅតាម​ខេត្ត​តម្រូវ​ឲ្យ​បង់ពន្ធ​តាម​សាខា​ពន្ធដារ​ខេត្ត​ប្រសិនបើ​អចលនទ្រព្យ​ស្ថិតក្នុង​ទីក្រុង​ភ្នំពេញ​ត្រូវ​បង់​នៅ​សាខា​ពន្ធដារ​ខណ្ឌ​ដែល​អចលនទ្រព្យ​នោះ​ស្ថិតនៅ​។ ជាទូទៅ​ពន្ធ​អចលនទ្រព្យ​តម្រូវ​ឲ្យ​បង់​បាន​មុន​បំណាច់​ខែកញ្ញា​នៃ​ឆ្នាំ​ដែល​ជាប់ពន្ធ​។ ទាក់ទង​នឹង​ការបង់ពន្ធ​នេះ​អ្នក​បង់ពន្ធ​តម្រូវ​ឲ្យ​ដាក់​លិខិត​ប្រកាស​ពន្ធ និង​គណនា​ពន្ធ​ដោយ​ខ្លួនឯង​។​
​ក្រៅពី​ការបង់ពន្ធ​តាម​សាខា​ពន្ធដារ​ម្ចាស់​អចលនទ្រព្យ​ក៏​អាច​បង់ពន្ធ​នៅតាម​សាខា​ធនាគារ​ដៃគូ​មួយចំនួន​ដូចជា​៖ ធនាគារ​អេស៊ីលីដា ធនាគារ​វឌ្ឍនៈ ធនាគារ​កាណាឌីយ៉ា​ធនាគារ អេ​អិន​ហ្សិត​រ៉ូយ៉ាល់ ឬ​ធនាគារ​កម្ពុជា​សាធារណៈ​។​
 
​តើ​ត្រូវ​គណនា​ប្រាក់​ពន្ធ​ដូចម្តេច​?
 
​យោងតាម​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច​ចុះ​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១១ បានបង្ហាញ​ជា​រូ​ម​បន្ត​រួម​មួ​ួ​យ ក្នុងការ​គណនា​ប្រាក់​ពន្ធ​ដោយ​យក​តម្លៃ​អចលនទ្រព្យ សរុប​គុណ​ឲ្យ​៨០​ភាគរយ​ដក​នឹង ១០០​លាន​រៀល​រួច​គុណ​នឹង ០,១ ភាគរយ​។​
 
​ឧទាហរណ៍​៖ អ្នកមាន​ដី​ទំហំ ១៥​ម x ៣០​ម ឬ ៤៥០ ម៉ែត្រការ៉េ ហើយ​នៅលើ​ដី​នោះ​មានផ្ទះ​ល្វែង​ទំហំ ៥​ម​x២០​ម ឬ  ១០០​ម៉ែត្រការ៉េ​ចំនួន​២​ជាន់​។ បន្ទាប់ពី​វាយតម្លៃ ឬ​ផ្នែក​លើ​តារាង​តម្លៃ​របស់​ក្រសួង​បង្ហាញថា​ដី​ក្នុង​តំបន់​នោះ​មានតម្លៃ​៣០០​ដុល្លារ​/​ម៉ែត្រការ៉េ ផ្ទះល្វែង​ជាន់​ផ្ទាល់​ដី​មានតម្លៃ​២៥០​ដុល្លារ​/​ម៉ែត្រការ៉េ ផ្ទះ​ជាន់​ទីមួយ​មានតម្លៃ​២០០​ដុល្លារ​/​ម៉ែត្រការ៉េ និង​ជាន់​ទី​២​មានតម្លៃ​១៧០​ដុល្លារ​/​ម៉ែត្រការ៉េ​។​
 
​សូម​មើល​របៀប​គណនា​៖
•​ ​តម្លៃ​ដី​សរុប គឺ ៤៥០ x ៣០០ ដុល្លារ = ១៣៥,០០០ ដុល្លារ​
•​ ​ផ្ទះ​ជាន់​ផ្ទាល់​ដី គឺ ១០០ x ២៥០ ដុល្លារ = ២៥,០០០ ដុល្លារ​
•​ ​ផ្ទះ​ជាន់​ទី​១ គឺ ១០០ x ២០០ ដុល្លារ = ២០,០០០ ដុល្លារ​
•​ ​ផ្ទះ​ជាន់​ទី ២ គឺ ១០០ x  ១៧០ ដុល្លារ = ១៧,០០០ ដុល្លារ​
​យើង​បាន​តម្លៃ​អចលនទ្រព្យ​សរុប = ១៣៥,០០០ + ២៥,០០០ + ២០,០០០ + ១៧,០០០ = ១៩៧,០០០ ដុល្លារ​
​ប្រាក់​ពន្ធ​ត្រូវ​បង់​គឺ  (១៩៧,០០០ ដុល្លារ x ៨០% - ២៥,០០០ ដុល្លារ​) x ០,១% = ១៣២,៦ ដុល្លារ​
​ដូចនេះ ប្រាក់​ពន្ធ​ដែល​អ្នក​ត្រូវ​បង់​គឺ ១៣២,៦ ដុល្លារ ឬ ៥៣០,៤០០ រៀល​។​
 
​តើ​អាច​ដឹង​ពី​តម្លៃ​អចលនទ្រព្យ​ដោយ​របៀប​ណា​?
 
​ការកំណត់​តម្លៃ​អចលនទ្រព្យ​ត្រូវធ្វើ​ដោយ​អនុគណៈកម្មការ​វាយតម្លៃ​អចលនទ្រព្យ ដោយ​ផ្នែក​ទៅលើ តម្លៃ​ជាក់ស្តែង​លើ​ទីផ្សារ​។ ចំពោះ​ការកំណត់​តម្លៃ​ដី និង​តម្លៃ​អគារ ឬ​ផ្ទះ ក្រសួង​មាន​ចេញ​ជាតា រាង​តម្លៃ​ទៅតាម​ទីតាំង ឬ​តំបន់​ផ្សេងៗ​គ្នា​ដែល​បាន​បិទ​ផ្សាយ​នៅតាម​សាខា​ពន្ធដារ​ខេត្ត និង​ខណ្ឌ​។ ក្រៅពីនេះ​ក៏មាន​ការចុះ​ត្រួតពិនិត្យ និង​វាស់វែង​លើ​អចលនទ្រព្យ​ដោយផ្ទាល់ ពី​គណៈកម្មការ​វាយតម្លៃ​អ​លន​ទ្រព្យ​។​
 
​ប្រសិនបើ​អចលនទ្រព្យ​នោះ​មាន​ទាំង​ដី និង​អគារ​សង់​ភ្ជាប់​ជាមួយគ្នា​អចលនទ្រព្យ​នោះ​ត្រូវបាន​រាប់បញ្ចូល​ថា ជា​អចលនទ្រព្យ​តែមួយ ហើយ​តម្លៃ​អចលនទ្រព្យ​សរុប​បាន មកពី​បូក​បញ្ចូល​គ្នា​រវាង​តម្លៃ ដី​សរុប និង​តម្លៃ​អគារ​សរុប​។ ប៉ុន្តែ​សម្រាប់​អចលនទ្រព្យ​ស្ថិតនៅលើ​ទីតាំង​ផ្សេងគ្នា​ត្រូវ​រាប់បញ្ចូល​ជា អចលនទ្រព្យ​ផ្សេងគ្នា និង​ត្រូវធ្វើ លិខិត​ប្រកាស​ពន្ធ​ដាច់ពីគ្នា​។​
 
​តើ​ត្រូវមាន​ឯកសារ​អ្វីខ្លះ​នៅពេល​ចុះបញ្ជី​បង់ពន្ធ​អចលនទ្រព្យ​?
 
​ឯកសារ​សំខាន់ៗ​ដែល​ត្រូវ​ភ្ជាប់​មកជា​មួយ​នៅពេល​ចុះបញ្ជី​បង់ពន្ធ​អចលនទ្រព្យ​មានដូចជា​៖ ឯកសារ​ថតចម្លង​ដែល​បញ្ជាក់​ពី​អត្តសញ្ញាណ​រួមមាន អត្តសញ្ញាណប័ណ្ណ​ខ្មែរ សំបុត្រ​បញ្ជក់​កំណើត ឬ​លិខិតឆ្លងដែន​សម្រាប់​ជន​បទេស លិខិតបញ្ជាក់​ពី​ទីលំនៅ​ដូចជា​សៀវភៅ​គ្រួសារ ប័ណ្ណកម្មសិទ្ធិ​លើ អចលនទ្រព្យ ប្លង់រឹង ឬ​ឯកសារ​ផ្សេងទៀត ដែល​បញ្ជាក់​ពី​កម្មសិទ្ធិ​កាន់កាប់​អចលនទ្រព្យ ចេញ​ដោយ​អជ្ញាធរ​ឃុំ​/​សង្កាត់​ស្របច្បាប់​។​
 
​តើ​អ្វី​ជា​ប័ណ្ណ​សម្គាល់​ការបង់ពន្ធ​អចលនទ្រព្យ​?
 
​ប័ណ្ណ​សំគាល់​ការបង់ពន្ធ​អចលនទ្រព្យ​ជា​កាត​សម្គាល់​អចលនទ្រព្យ​មួយ​ដែល​បញ្ជាក់​ពី​អត្តសញ្ញាណ និង​បច្ចុប្បន្នភាព​ព័ត៌មាន​លម្អិត​នៃ​អចលនទ្រព្យ​។ កាត​នេះ​មាន​សុពលភាព ជានិច្ច​មិន​ថា​អចលនទ្រព្យ​នោះ​ត្រូវបាន​ទិញ​លក់ ឬ​ដូរ​ម្ចាស់​កាន់កាប់​ក៏ដោយ​។​
 
​ប័ណ្ណ​សម្គាល់​អចលនទ្រព្យ​ការបង់ពន្ធ​អចលនទ្រព្យ​បង្កើតឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ការបង់ពន្ធ​ឲ្យ​កាន់​តែមាន​ភាពងាយស្រួល​ដោយសារ​ម្ចាស់​អចលនទ្រព្យ​អាច​បង់ពន្ធ​តាម​សាខា​ពន្ធដា​មួយណា​ក៏បាន ហើយ​ពន្ធ​នោះ​នឹង​ចូលទៅ​កាន់​សាខា​ពន្ធ​ដែល​អចលនទ្រព្យ​នោះ​ស្ថិតនៅ​។​
 
​តើ​បច្ចុប្បន្ននេះ​យើង​អាច​បង់ពន្ធ​តាម​ប្រព័ន្ធ​អន​ឡាញ​បានដែរ​ឬទេ​?
 
​នៅពេល​អនាគត​ការបង់ពន្ធ​នឹង​កាន់តែ​ងាយស្រួល នាយកដ្ឋាន​ពន្ធដារ​នឹងដាក់​ឲ្យ​មានការ​ប្រើប្រាស់​ការបង់​ពន្ធ​តាម​ប្រព័ន្ធ​អន​ឡាញ (E-payment) ដែល​ជួយ​សម្រួល​ដល់​ម្ចាស់​អចលនទ្រព្យ​ថែមទៀត​មិន​ថា​នៅទីណា​ប្រទេស​ណា​ក៏​ពួកគេ​នៅតែ​អាច​បង់ពន្ធ​បាន​៕
 
(Thmeythmey.com ទទួលបាន​សិទ្ធិ​ដកស្រង់​ពី https://www.realestate.com.kh/km/news/Property-tax-in-Cambodia/

Tag:
 អចលនទ្រព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com